«សន្លឹកឆ្នោតមានតម្លៃ គឺជាសន្លឹកឆ្នោតនៃសុខសន្តិភាព និងការអភិវឌ្ឍ»
ក្រចេះ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម ព្រុំ សុខា បានថ្លែងក្នុងពិធីជួបសំណេះសំណាល ការប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណបក្ស និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្លោងទ្វារ និងរបងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយគូសបញ្ជាក់ច្បាស់ថា៖ «សន្លឹកឆ្នោតមានតម្លៃ គឺជាសន្លឹកឆ្នោតនៃសុខសន្តិភាព និងការអភិវឌ្ឍ»។
ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្សស្រុក ឃុំ និងភូមិ ដែលមានអ្នកចូលរួមសរុបជាង ៦០០នាក់។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកថា បើទោះបីពេលវេលាបានកន្លងផុតទៅយ៉ាងយូរប៉ុណ្ណាក្តី ពោលគឺតាំងពីមុនកំណើតប្អូនៗទៅទៀតក៏ដោយក្តី ការចងចាំជាប់ជានិច្ចនូវព្រឹត្តិការណ៍សច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា នឹងក្លាយជាតម្លៃថ្លៃថ្លានៃគុណប្រយោជន៍សម្រាប់អនាគតរបស់ប្អូនៗ។ ឯកឧត្តមបន្តថា មនុញ្ញផលនៃម្លប់សុខសន្តិភាព និងការអភិវឌ្ឍដែលសង្គមជាតិ និងយើងទាំងអស់ទទួលបាននៅពេលបច្ចុប្បន្ន និងទៅអនាគត ច្បាស់ប្រាកដជាកើតចេញពីលទ្ធផលនៃការតស៊ូមុះមុត ប្រកបដោយវីរភាព និងពលីកម្មរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោជាប្រមុខ។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថា មូលហេតុចំបងដែលប្រជាជនកម្ពុជាច្រើនលើសលប់មានជំនឿគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ហើយច្បាស់ណាស់ថា ប្រជាជនកម្ពុជានៅតែគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំសង្គមជាតិយូរអង្វែងបន្តទៅទៀត គឺពិតជាដើម្បីសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់ប្រទេសជាតិនិងមនុស្សគ្រប់ជំនាន់តរៀងទៅ។ហេតុនេះច្បាស់ណាស់ថា «សន្លឹកឆ្នោតមានតម្លៃ គឺជាសន្លឹកឆ្នោតនៃសុខសន្តិភាព និងការអភិវឌ្ឍ»។
ទន្ទឹមគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានផ្តល់កិត្តិយសប្រគល់សេចក្តីសម្រេច ប័ណ្ណថ្លែងអំណរគុណជូនដល់សប្បុរសជន និងចែកអំណោយដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលទើបប្រកាសបញ្ចូលជាសមាជិក សមាជិកាគណបក្សនៅឃុំ ២ធ្នូ ផងដែរ៕