ឯកឧត្ដម ប៉េង ពោធិ៍នា៖ គិតត្រឹមឆ្នាំ២០២៣ ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន៩ខ្សែ មានប្រវែងសរុប២ ២៥៤គីឡូម៉ែត្រ
ឯកឧត្ដម ប៉េង ពោធិ៍នា បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «ជារួមខ្ញុំសូមគូសបញ្ជាក់បន្ថែមថា គិតត្រឹមឆ្នាំ២០២៣កន្លងទៅនេះ, ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន៩ខ្សែ មានប្រវែងសរុប២ ២៥៤គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុងសម្រេចបាន១០០%, ផ្លូវជាតិកម្រិត២ ចំនួន៧២ខ្សែ មានប្រវែងសរុប ៥ ១៣៥,៨៨គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុងប្រវែង ៣ ៩៣១គីឡូម៉ែត្រ ស្មើនឹង ៧៦,៥៤% នៃប្រវែងផ្លូវសរុប, ផ្លូវខេត្តចំនួន ៧៦៩ខ្សែ មានប្រវែងសរុប១២ ៦២៦គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុង ប្រវែង៥ ១០០គីឡូម៉ែត្រ ស្មើនឹង ៤០,៣៩% នៃប្រវែងផ្លូវសរុប។ សរុបមក, ផ្លូវជាតិ និងផ្លូវខេត្តមាន៨៥០ខ្សែ មានប្រវែង ២០ ០១៦គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូ និងបេតុងប្រវែង ១១ ២៨៥គីឡូម៉ែត្រ ស្មើនឹង ៥៦,៣៨% នៃប្រវែង ផ្លូវសរុបទាំងអស់»។
ការថ្លែងរបស់ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងដើម្បី«ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល» នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងបន្តថា ក្នុងឆ្នាំ២០២៣ ក្រសួងបានបញ្ចប់ជាស្ថាពរ៖ ទី១៖ គម្រោងផ្លូវ-ស្ពាន ដែលប្រើប្រាស់ថវិកាជាតិសម្រាប់ជួសជុលខួប និងសាងសង់ថ្មីផ្លូវ-ស្ពាន មានប្រវែងសរុបចំនួន ៦១៤,៦០គីឡូម៉ែត្រ និងបានថែទាំជាប្រចាំផ្លូវ-ស្ពាន រួមមាន៖ ផ្លូវជាតិ ផ្លូវខេត្ត និងស្ពានធំៗ មានប្រវែងសរុបចំនួន ១១ ៧៧៤,២៣គីឡូម៉ែត្រ, និងទី២៖ គម្រោងផ្លូវ-ស្ពាន ប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍សម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែង ៤៧,៦១គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥,៣៧គីឡូម៉ែត្រ, ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ប្រវែង១៣៥,២៥គីឡូម៉ែត្រ, និងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែង៧២,១៧គីឡូម៉ែត្រ។
ឯកឧត្ដម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងដំណើរការសាងសង់គម្រោងផ្លូវ-ស្ពាន ដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍រួមមាន៖
* គម្រោងប្រើប្រាស់ថវិកាប្រទេសចិន៖ ទី១៖ ផ្លូវថ្នល់មានចំនួន ៧ខ្សែផ្លូវ ប្រវែងសរុប ៥៧៨,២៩គីឡូម៉ែត្រ រួមមាន៖ កំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-ស្ពានគីហ្សូណា ប្រវែង ៤៥,៤៨គីឡូម៉ែត្រ, ផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៥១គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣១ ប្រវែង ៥៣,៣៩គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣៣ ប្រវែង ៥២,៥៧គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៤១ ប្រវែង ៩៥,២៩គីឡូម៉ែត្រ, ផ្លូវជាតិលេខ៧១C ប្រវែង ១០១,៣៦គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះ ប្រវែង ៣១,៦៩គីឡូម៉ែត្រ។ ទី២៖ ស្ពាន មានចំនួន ២ស្ពាន ប្រវែងសរុប ២ ៦០៦,៧០ម៉ែត្រ រួមមាន៖ ស្ពានមេគង្គក្រចេះ ប្រវែង ១ ៧៦១ម៉ែត្រ និងស្ពានចាក់អង្រែក្រោម-ព្រែកប្រា ប្រវែង ៨៤៥,៧០ម៉ែត្រ។
* គម្រោងប្រើប្រាស់ថវិកាប្រទេសជប៉ុន៖ មាន ១ខ្សែផ្លូវ ប្រវែង ៣៥,១៤គីឡូម៉ែត្រ គឺកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល (សិរីសោភ័ណ-ប៉ោយប៉ែត)។
* គម្រោងប្រើប្រាស់ថវិកាប្រទេសកូរ៉េខាងត្បូង៖ មាន ១ខ្សែផ្លូវ គឺផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ
* គម្រោងប្រើប្រាស់ថវិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៖ មាន ២ខ្សែផ្លូវ ប្រវែងសរុប ៤៣,២០គីឡូម៉ែត្រ រួមមាន៖ ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣គីឡូម៉ែត្រ និងផ្លូវខេត្តលេខ៣១២ ប្រវែង ២៣,៣៧គីឡូម៉ែត្រ។
* គម្រោងប្រើប្រាស់ថវិកាធនាគារពិភពលោក (WB)៖ មាន ៥ខ្សែផ្លូវ ប្រវែងសរុប ៣២៥,៧៥គីឡូម៉ែត្រ រួមមាន ផ្លូវជាតិលេខ៤ ប្រវែង ១៩៦,១០គីឡូម៉ែត្រ, កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៣១.២៥គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ, ផ្លូវខេត្តលេខ៣៧៧ និង ៣៧៧A ប្រវែង ៤៨,៥៩គីឡូម៉ែត្រ៕