គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ABC) ស្នើសុំការសម្របសម្រួលពីCDC ក្នុងការងារវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកមកកម្ពុជា
ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល នារសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ASEAN Business Council) ដែលមានការចូលរួមពីបណ្ដាក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារនេះ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ABC) បានស្នើសុំការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការងារវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកមកកម្ពុជា ហើយជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីការត្រៀមខ្លួនរួចរាល់ជាស្រេចរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួលកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តាមរយៈជំនួបនេះក៏បានជម្រាបជូនគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន លើទិសដៅធ្វើពិពិធកម្មផលប័ត្រវិនិយោគពីបណ្ដាប្រទេសនានា ដោយហេតុថាកម្ពុជាមានច្បាប់វិនិយោគដែលបើកចំហរទូលាយជូនវិនិយោគិន ពីគ្រប់បណ្ដាប្រទេសទាំងអស់។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុរភាកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងផែនការនេះមានគម្រោងវិនិយោគសរុបចំនួន ១៧៤គម្រោង គ្រោងប្រើប្រាស់ថវិកាវិនិយោគសរុបចំនួន ៣៦,៦ប៊ីលានដុល្លាអាមេរិក។
សូមជម្រាបជូនថា គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ABC) បានចូលជួបសម្ដែងការគួរសម សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ផងដែរកាលពីព្រឹកមិញនេះ ដោយក្រុមហ៊ុនវិនិយោគមានចំនួន ១៧ក្រុមហ៊ុន រួមមាន៖ ១៖ ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition) ។ ២៖ ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ ។ ៣៖ ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex ។ ៤៖ ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ។ ៥៖ ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលគ្រឿងសម្អាង ។ ៦៖ ក្រុមហ៊ុន FedEx Express គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់លើសេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងសេវាកម្មធុរកិច្ច។ ៧៖ ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិត និងតម្លើងរថយន្តដ៏ល្បីល្បាញរបស់អាមេរិក ។ ៨៖ ក្រុមហ៊ុន Jhpiego ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យសុខាភិបាល ។ ៩៖ ក្រុមហ៊ុនធានារ៉ាប់រង Manulife ។ ១០៖ ក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក ។ ១១៖ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង Instagram ។ ១២៖ ក្រុមហ៊ុន Pfizer ប្រចាំប្រទេសថៃ និងឧបទ្វីបឥណ្ឌូចិន ។ Pfizer គឺជាក្រុមហ៊ុនផលិតឱសថ និងវ៉ាក់សាំងឈានមុខមួយរបស់អាមេរិក ។ ១៣៖ ក្រុមហ៊ុន Philip Morris International ។ ១៤៖ ក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការនាំចូល និងតំឡើងរថយន្ត, សម្ភារបរិក្ខារ, សេវាកម្ម និង franchises លើផ្នែកម្ហូបអាហារ ។ ១៥៖ ក្រុមហ៊ុន Roche ដែលជាក្រុមហ៊ុនផ្តោតលើបរិវត្តកម្មបច្ចេកវិទ្យាលើវិស័យសុខាភិបាល ។ ១៦៖ ក្រុមហ៊ុន Tilleke & Gibbins ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មមេធាវី ។ ១៧៖ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក៕