លោក ចេង ឌីណា៖ ការប្រារព្ធទិវាជាតិទីក្រុងស្អាតដើម្បីបំផុសការលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង


លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលនាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីក្រោមឳវាទប្រារព្ធ «ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ”ទីក្រុងស្អាតដើម្បីទេសចរណ៍”» នៅសួនច្បារក្រោមស្ពានព្រែកតាមាក់ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នាឳកាសនោះ លោក ចេង ឌីណា បានថ្លែងថា ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនយូរអង្វែង ដោយត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗ ជាអាទិ៍៖ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាព សុខភាព និងសុខុមាលភាពប្រជាជន ការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម។

ជាមួយនោះ លោកអភិបាលស្រុកបានបន្តទៀតថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតនេះ ធ្វើឡើងដើម្បីបំផុសការលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជនឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង