រដ្ឋមន្ត្រី ប៉េង ពោធិ៍នា លើកយកសំណូមពរ និងបញ្ហាប្រឈមនានាក្នុងបទអន្តរាគមន៍មកធ្វើការជជែកពិភាក្សាដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព

 

នៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានបទអន្តរាគមន៍ចំនួន១៦ ត្រូវបានលើកយកធ្វើបទបង្ហាញជូនអង្គសន្និបាត ពីសំណាក់ថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋាន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តំណាងកំពង់ផែស្វយ័តទាំងពីរ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទាំង២៥ ដែលរួមមានដូចជា៖

*ទី១៖ សមិទ្ធផលការងារពង្រឹងគុណភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដោយតំណាងអគ្គនាយកដ្ឋានសាធារណការ។

*ទី២៖សមិទ្ធផលការងារអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

*ទី៣៖ សមិទ្ធផលការងារគ្រប់គ្រងបច្ចេកទេស ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស

*ទី៤៖ វឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើង និងអភិវឌ្ឍខ្សែរថភ្លើងធុនស្រាលនៅកម្ពុជា ដោយតំណាងនាយកដ្ឋានផ្លូវដែក។

*ទី៥៖ សមិទ្ធផលការងារដឹកជញ្ជូនផ្លូវគោក ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។

*ទី៦៖ សមិទ្ធផលការងារភស្តុភារកម្ម ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម។

*ទី៧៖ សមិទ្ធផលការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

*ទី៨៖ សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយអ្នកតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.)។

*ទី៩៖ សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តភ្នំពេញ ដោយអ្នកតំណាងកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.)។

*ទី១០៖ បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី១ រួមមាន ខេត្តព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លើប្រធានបទ ស្ថានីយជញ្ជីងថ្លឹងយានយន្ត យានដ្ឋានជួសជុលកែច្នៃតម្លើងយានយន្ត និងលំហូរការងារ (Process Mapping)។

*ទី១១៖ បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី២ រួមមាន ខេត្តកំពង់ស្ពឺ កំពត កែប ព្រះសីហនុ និងកោះកុង ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប លើប្រធានបទ គុណភាពការងាររដ្ឋបាល និង គុណភាពហេដ្ឋារចនាសម្ព័ន្ធ។

*ទី១២៖ បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៣ រួមមាន ខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ប៉ែលិន និងឧត្តរមានជ័យ ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន លើប្រធានបទ ការអភិវឌ្ឍធនធានមនុស្ស និង ទំនាក់ទំនងរវាងមន្ត្រីនិងថ្នាក់ដឹកនាំ។

*ទី១៣៖ បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៤ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង តាកែវ និងកំពង់ឆ្នាំង ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លើប្រធានបទ បច្ចេកវិទ្យាឌីជីថល កម្មវិធី Road Care App ប្រព័ន្ធចុះបញ្ជីយានយន្ត ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងសេវាសាធារណៈ។

*ទី១៤៖ សមិទ្ធផលការងារអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ

*ទី១៥៖ សមិទ្ធផលការងារបណ្តុះបណ្តាលធនធានមនុស្ស ដោយលោកនាយករង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

*ទី១៦៖ លទ្ធផលនៃការអនុវត្តការងាររបស់ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយលោកប្រធានលេខាធិការដ្ឋាន។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកយកនូវសំណូមពរ និងបញ្ហាប្រឈមនានាពីគ្រប់អង្គភាពដែលបានលើកឡើងនៅក្នុងបទអន្តរាគមន៍ មកធ្វើការជជែកពិភាក្សាស្វែងរកដំណោះស្រាយ និងបានផ្តល់ជាអនុសាសន៍ដល់សមាជិកសមាជិកា ដើម្បីយកទៅអនុវត្តតាមតួនាទី និងភារកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាព ស្របតាមផែនការកំណែទម្រង់ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការអាទិភាពគន្លឹះផ្សេងៗ ក្នុងការបន្តអភិវឌ្ឍន៍ និងកែលម្អជា បន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីប្រែក្លាយទៅជាប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយដែលបម្រើឱ្យការតភ្ជាប់ផ្ទៃ ក្នុងប្រទេសផង និងពង្រីកសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកប្រកបដោយគុណភាព ធានាឱ្យបាននូវការកាត់បន្ថយពេលវេលា និងចំណាយដឹកជញ្ជូន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់ តែល្អប្រសើរឡើង។

គួរជម្រាបជូនថា កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងដើម្បី«ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល» ឯកឧត្ដម ប៉េង ពោធិ៍នា បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «ជារួមខ្ញុំសូមគូសបញ្ជាក់បន្ថែមថា គិតត្រឹមឆ្នាំ២០២៣កន្លងទៅនេះ, ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន៩ខ្សែ មានប្រវែងសរុប២ ២៥៤គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុងសម្រេចបាន១០០%, ផ្លូវជាតិកម្រិត២ ចំនួន៧២ខ្សែ មានប្រវែងសរុប ៥ ១៣៥,៨៨គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុងប្រវែង ៣ ៩៣១គីឡូម៉ែត្រ ស្មើនឹង ៧៦,៥៤% នៃប្រវែងផ្លូវសរុប, ផ្លូវខេត្តចំនួន ៧៦៩ខ្សែ មានប្រវែងសរុប១២ ៦២៦គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុង ប្រវែង៥ ១០០គីឡូម៉ែត្រ ស្មើនឹង ៤០,៣៩% នៃប្រវែងផ្លូវសរុប។ សរុបមក, ផ្លូវជាតិ និងផ្លូវខេត្តមាន៨៥០ខ្សែ មានប្រវែង ២០ ០១៦គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូ និងបេតុងប្រវែង ១១ ២៨៥គីឡូម៉ែត្រ ស្មើនឹង ៥៦,៣៨% នៃប្រវែង ផ្លូវសរុបទាំងអស់»

ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងបន្តថា ក្នុងឆ្នាំ២០២៣ ក្រសួងបានបញ្ចប់ជាស្ថាពរ៖ ទី១៖ គម្រោងផ្លូវ-ស្ពាន ដែលប្រើប្រាស់ថវិកាជាតិសម្រាប់ជួសជុលខួប និងសាងសង់ថ្មីផ្លូវ-ស្ពាន មានប្រវែងសរុបចំនួន ៦១៤,៦០គីឡូម៉ែត្រ និងបានថែទាំជាប្រចាំផ្លូវ-ស្ពាន រួមមាន៖ ផ្លូវជាតិ ផ្លូវខេត្ត និងស្ពានធំៗ មានប្រវែងសរុបចំនួន ១១ ៧៧៤,២៣គីឡូម៉ែត្រ, និងទី២៖ គម្រោងផ្លូវ-ស្ពាន ប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍សម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែង ៤៧,៦១គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥,៣៧គីឡូម៉ែត្រ, ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ប្រវែង១៣៥,២៥គីឡូម៉ែត្រ, និងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែង៧២,១៧គីឡូម៉ែត្រ។

ឯកឧត្ដម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងដំណើរការសាងសង់គម្រោងផ្លូវ-ស្ពាន ដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍រួមមាន៖

* គម្រោងប្រើប្រាស់ថវិកាប្រទេសចិន៖ ទី១៖ ផ្លូវថ្នល់មានចំនួន ៧ខ្សែផ្លូវ ប្រវែងសរុប ៥៧៨,២៩គីឡូម៉ែត្រ រួមមាន៖ កំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-ស្ពានគីហ្សូណា ប្រវែង ៤៥,៤៨គីឡូម៉ែត្រ, ផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៥១គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣១ ប្រវែង ៥៣,៣៩គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣៣ ប្រវែង ៥២,៥៧គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៤១ ប្រវែង ៩៥,២៩គីឡូម៉ែត្រ, ផ្លូវជាតិលេខ៧១C ប្រវែង ១០១,៣៦គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះ ប្រវែង ៣១,៦៩គីឡូម៉ែត្រ។ ទី២៖ ស្ពាន មានចំនួន ២ស្ពាន ប្រវែងសរុប ២ ៦០៦,៧០ម៉ែត្រ រួមមាន៖ ស្ពានមេគង្គក្រចេះ ប្រវែង ១ ៧៦១ម៉ែត្រ និងស្ពានចាក់អង្រែក្រោម-ព្រែកប្រា ប្រវែង ៨៤៥,៧០ម៉ែត្រ។
* គម្រោងប្រើប្រាស់ថវិកាប្រទេសជប៉ុន៖ មាន ១ខ្សែផ្លូវ ប្រវែង ៣៥,១៤គីឡូម៉ែត្រ គឺកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល (សិរីសោភ័ណ-ប៉ោយប៉ែត)។
* គម្រោងប្រើប្រាស់ថវិកាប្រទេសកូរ៉េខាងត្បូង៖ មាន ១ខ្សែផ្លូវ គឺផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ
* គម្រោងប្រើប្រាស់ថវិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៖ មាន ២ខ្សែផ្លូវ ប្រវែងសរុប ៤៣,២០គីឡូម៉ែត្រ រួមមាន៖ ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣គីឡូម៉ែត្រ និងផ្លូវខេត្តលេខ៣១២ ប្រវែង ២៣,៣៧គីឡូម៉ែត្រ។
* គម្រោងប្រើប្រាស់ថវិកាធនាគារពិភពលោក (WB)៖ មាន ៥ខ្សែផ្លូវ ប្រវែងសរុប ៣២៥,៧៥គីឡូម៉ែត្រ រួមមាន ផ្លូវជាតិលេខ៤ ប្រវែង ១៩៦,១០គីឡូម៉ែត្រ, កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៣១.២៥គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ, ផ្លូវខេត្តលេខ៣៧៧ និង ៣៧៧A ប្រវែង ៤៨,៥៩គីឡូម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង