ទោះបីហូបបាយប្រអប់ ក៏ក្រុមប៉ូលិសមហាផ្ទៃស្រាវជ្រាវតាមចាប់ជនឆបោកយកមកផ្ដន្ទាទោសបានដែរ

 

 

កាលពីវេលាម៉ោង១២៖៣៦នាទី​ ថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ នៅភូមិទឹកក្រហម​ ឃុំកណ្ដោល​ ស្រុកទឹកឈូ​ ខេត្តកំពត​ មានករណី​ឆបោកមានស្ថានទម្ងន់ទោស ដោយក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បណ្ដាលឲ្យជនរងគ្រោះឈ្មោះ​ ថុន​ សុនៀវ​ ភេទស្រី​ អាយុ ២៨ឆ្នាំ​ នៅភូមិទឹកក្រហម​ ឃុំកណ្ដោល​ ស្រុកទឹកឈូ​ ខេត្តកំពត​ ខាតបង់ប្រាក់ចំនួន៤,០០០ដុល្លារ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន​ The Mirror News ទទួលបាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ។

ប្រភពបានបន្តថា ដោយជនល្មេីសជាក្រុមមានការចាត់តាំង មានគូកនច្រេីននាក់​ បែងចែកភារកិច្ចរៀងៗខ្លួន​ ធ្វេីសកម្មភាពហែកគណនីធនាគារ​ យកទៅប្រេីប្រាស់​ និងទិញគណនីធនាគារ​ ដេីម្បីផ្ទេរប្រាក់បន្ដ នៅពេលធ្វេីសកម្មភាព។ ប្រភពបន្តទៀតថា ជនល្មេីសបានធ្វេីសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ​ឲ្យផ្ទេរចូលទៅក្នុងគណនីធនាគារដែលហែកបាន រួចផ្ទេរប្រាក់បន្ដទៅគណនីដែលបានទិញជាបន្ដបន្ទាប់ទៀត ដែលមានឈ្មោះ ចាប​ សាវី​ ហៅបុក ភេទស្រី​ អាយុ ៣៩ឆ្នាំ​​ រស់នៅភូមិពោធិ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម​ ជាអ្នកប្រមូលទិញគណនីធនាគារ។

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីសុំធ្វើការសហការការស្រាវជ្រាវ ដោយតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ  ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៤​  កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត ដោយបានឃាត់ខ្លួនឈ្មោះ​ ចាប​ សាវី​ ហៅបុក ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង