«សម្ដេច ស ខេង បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានសហការជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព…»
ព្រៃវែង៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្ដែត ហៅវត្តទួលតាណាល ស្ថិតក្នុងភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។
សម្តេចបន្តថា សមិទ្ធផលទាំងអស់ដែលប្រទេសជាតិយើងសម្រេចបានរហូតមកទល់ពេល នេះ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានាជាមួយការចាត់តាំងអនុវត្ត ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។
ជាមួយគ្នានោះ សម្ដេច ស ខេង «ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។ ត្រូវបង្កើនការអប់រំប្រជាពលរដ្ឋឲ្យចូលរួមបង្ការគ្រោះថ្នាក់នានាក្នុង សង្គម ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យមកលើ ផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានា។ ទន្ទឹមនេះ អាជ្ញាធរមាន សមត្ថកិច្ចត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រព័ន្ធការពារអគ្គិភ័យនៅតាមអគារ សំណង់នានាឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ ព្រមទាំងបង្កើន ការបំផុសអប់រំប្រជាជនឲ្យចូលរួមការពារភ្លើងឆេះព្រៃនៅតាមមូលដ្ឋានរៀងៗខ្លួន»។
បើតាមលោក ចេម ប្រា អភិបាលស្រុកពារាំងបានឲ្យដឹងដែរថាព្រះវិហារនេះបានចាប់ផ្តើមកសាង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បន្ទាប់មក នៅឆ្នាំ២០១៧ ព្រះតេជគុណធម្មរក្ខិតសា ករាជ ម៉ាន ជាព្រះចៅអធិការស្ដីទី វត្តពោធិអណ្ដែត ហៅវត្តទួលតាណាល ។ ព្រះអង្គ បានដឹកនាំកសាងព្រះវិហារ និងសមិទ្ធផលនានា បានកសាងរួចរាល់ ក៏ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា កើតឡើង ដោយកម្លាំងសទ្ធាជ្រះថ្លា ពីសំណាក់សប្បុរសជនជិតឆ្ងាយព្រមទាំងពុទ្ធបរិស័ទ ដែលចំណាយថវិកាអស់ ៥២១.១៥៣ ដុល្លា។
ទន្ទឹមគ្នានោះសម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញកាត់ឬសសីមា ឆ្លងនៅសមិទ្ធផលនានានៅក្នុងវត្តពោធិ៍អណ្ដែតដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងបានដាក់បច្ច័យសីមាទាំងប្រាំបីទិសក្នុងមួយទិស ២០ម៉ឺនរៀល, និងទិសឥន្ទកិល ៣០ម៉ឺនរៀល, ប្រគេនព្រះសង្ឃសម្រាប់កសាងវត្តចំនួន៥០លានរៀលផងដែរ៕ ដោយ៖ ការីនិពន្ធ