«ស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងសេដ្ឋកិច្ច ឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់»

ព្រៃវែង៖ «ស្រ្តីបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍លើកកម្ពស់ សេដ្ឋកិច្ចប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខជាលំដាប់»។ នេះជាការលើកឡើងរបស់លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោកស្រី ព្រាប ផល្លា ជាប្រធានមន្ទីរកិច្ចការនារីខេត្តព្រៃវែងថ្មី ជំនួស លោកស្រី ងិន ពៅ ដែលត្រូវបានចូលនិវត្តនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះលោកជំទាវកិត្តិបណ្ឌិត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរកិច្ចការនារីខេត្តព្រៃវែងនាពេលកន្លងមកបានយ៉ាងល្អប្រសើរក្នុងការធ្វើការងារដើម្បីស្ត្រី និងចូលរួមលើកស្ទួយស្ត្រីនៅក្នុងខេត្តព្រៃវែងបានយ៉ាងល្អប្រសើរគួរជាទីមោទនៈនាពេលកន្លងមកនោះ។

ជាមួយគ្នានោះលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានណែនាំដល់លោកស្រី ព្រាប ផល្លា ដែលទេីបទទួលតំណែងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល និងត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ដោយស្នើរសុំឲ្យលោកស្រីខិតខំធ្វើការងារ សហការណ៍​ និងពង្រឹង​សាមគ្គីភាព​បានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំងបី​។

លោកជំទាវសូមលេីកទឹកចិត្តដល់​ លោកស្រីប្រធានមន្ទីរថ្មី​ បន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា​ កម្លាំងកាយចិត្ត​ និងស្មារតី​ ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង​ ​ជាពិសេស ធ្វេីយ៉ាងណាឲ្យការងាររដ្ឋបាលទូទៅ​ ការងារផ្ដល់សេវាសាធារណៈ​ ដំណេីរការបានយ៉ាងល្អប្រសេី​រ ដេីម្បីឆ្លេីយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ប្រកបដោយគុណភាព​ ដេីម្បីឲ្យមន្ទីរកិច្ចការនារីមានការរីកចម្រេីនលូតលាស់បានយ៉ាងល្អប្រសេីរថែមទៀត។

ក្នុងពិធីប្រកាសតែងតាំង លោកស្រី ព្រាប ផល្លា ប្រធានមន្ទីរកិច្ចការនារីខេត្តព្រៃវែងថ្មីបានប្តេជ្ញាចិត្តថា៖
*ទី១-ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
*ទី២-គោរពអោយបានខ្ជាប់ខ្លួននូវរដ្ឋធម្មនុញ្ញ ច្បាប់ អនុក្រឹត្យ ប្រកាស ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន។
*ទី៣-យកអស់កម្លាំងកាយ និងកម្លាំងប្រាជ្ញា ដើម្បីបំពេញភារកិច្ចជូនក្រសួង និងរដ្ឋបាលខេត្ត ក្នុងការរួមចំណែកអនុវត្តន៍យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តការពារ ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ។
*ទី៤-ពង្រឹងចំណងសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ដើម្បីបង្កើនភាពរឹងមាំ ប្រសិទ្ធភាពរបស់អង្គភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ក្រសួង ជាពិសេស ប្រជាពលរដ្ឋនៅក្នុងខេត្ត។ លើសពីនេះ លោកស្រី នឹងខិតខំបន្តពង្រឹងកិច្ចសហការ និងយោគយល់គ្នា ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នឹងធ្វើការពិគ្រោះ យោបល់ជាមួយថ្នាក់ដឹកនាំអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អង្គការជាតិ អង្កការអន្តរជាតិ និងដៃគួរអភិវឌ្ឍន៍ទាំងអស់ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ជាប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល។
*ទី៥ -បន្តអនុវត្តឲ្យបានសម្រេចតាមផែនការរបស់ក្រសួង និងរដ្ឋបាលខេត្ត ដែលបានដាក់ចុះ ពិសេសពង្រឹង ជំរុញការអនុវត្តកម្មវិធី ការប្រើប្រាស់ថវិកាជាតិឲ្យទាន់ផែនការ ដែលក្រសួងបានគ្រោងទុក ។
*ទី៦-ខិតខំសិក្សាបង្កើនសមត្ថភាព និងដកស្រង់បទពិសោន៍ពីការងារធ្វើយ៉ាងណាឱ្យការអនុវត្តតួនាទីភារកិច្ចកាន់តមាន ប្រសិទ្ធិភាព៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង