កម្លាំងប៉ូលិសខេត្តកណ្ដាលបង្ក្រាបបាន៣នាក់ក្នុងចំណោមបក្ខពួក៨នាក់ ពាក់ព័ន្ធហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោសបណ្តាលឲ្យជនរងគ្រោះស្លាប់

ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
កម្លាំងជំនាញរបស់ស្នងការដ្ឋាន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅដោយមានការសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមាន
ស្ថានទម្ងន់ទោសបណ្តាលឲ្យជនរងគ្រោះស្លាប់កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ម៉ោង០១៖៣៨នាទី នៅចំណុចផ្លូវកោងផ្លូវ២១Aមុខបេនត្រែ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ

ប្រភពបន្តថា ជនរងគ្រោះ០៣នាក់៖ ១-ឈ្មោះ ម៉ាត់ សាស់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ បានស្លាប់។ ២-ឈ្មោះ ម៉ាន ស្នាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ រងរបួសធ្ងន់ត្រង់ក្បាលកំពុងព្យាបាលនៅប្រទេសវៀតណាម។ ៣-ឈ្មោះ សាន់ សះម៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ រងរបួសស្រាល។

ប្រភពបន្តទៀតថា ជនសង្ស័យ០៨នាក់ ឃាត់បាន០៣នាក់ គេចខ្លួន០៥នាក់ មានដូចខាងក្រោម៖ ១-ឈ្មោះ សំអាត សំផាត់ ភេទប្រុស ទីលំនៅភូមិស្វាយ ឃុំព្រាល ស្រុកកញ្ចៀក ខេត្តព្រៃវែង, មុខរបរកម្មកររោងចក្រ ត្រូវបានឃាត់ខ្លួន។ ២-ឈ្មោះយឹម បញ្ញា ភេទប្រុស មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ,មុខរបរនៅផ្ទះ ត្រូវបានឃាត់ខ្លួន។ ៣-ឈ្មោះ គុម សារិត ហៅបារាំង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន។

ប្រភពបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់ គ្មានសារធាតុញៀនក្នុងទឹកនោមនោះទេ។ ចំពោះសម្ភារខូចខាតរួមមាន៖ *ម៉ូតូ០១គ្រឿងម៉ាកសង់ស៊េរី២០២០ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល១AK៥៣៤៥ បែកកុងទ័រ បែកក្បាំង បែកចង្កៀងមុខ និងស្តុប។
ចំពោះវត្ថុតាងចាប់យករួមមាន៖ *ម៉ូតូ០១គ្រឿងម៉ាកNEX ពណ៌ខៀវលាយស ស្លាកលេខរតនៈគិរី 1G-9923(ម៉ូតូរបស់ជនសង្ស័យឈ្មោះ សំអាត សំផាត់ ជិះឌុបឈ្មោះយឹម បញ្ញា *ម៉ូតូ០១គ្រឿងម៉ាកHonda c125ពណ៌ខ្មៅស៊េរី២០២៣ ស្លាកលេខភ្នំពេញ1KJ-4503 របស់ជនសង្ស័យឈ្មោះគុមសារិត។

បើតាមប្រភព័ត៌មានបានឲ្យដឹងបន្ថែមថា មុនពេលកើតហេតុកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ម៉ោង២២៖១០នាទី ជនរងគ្រោះ០៣នាក់ខាងលើ បានជិះម៉ូតូឌុបគ្នាទៅស៊ីផឹកនៅកោះពេជ្រ ដោយឈ្មោះ ម៉ាត់សាស់ ជាអ្នកបើកម៉ូតូ ឈ្មោះ ម៉ាន ស្នាវី អង្គុយកណ្តាល រីឯឈ្មោះ សាន់ សះម៉ាត់ អង្គុយខាងក្រោយ ដោយទៅជាមួយមិត្តភក្តិ៣នាក់ទៀត ជិះម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់។លុះផឹកដល់វេលាម៉ោង០០៖៣០នាទី ចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ជនរងគ្រោះទាំង០៣នាក់ និងមិត្តភក្តិ៣នាក់ ទៀតក៏ឈប់ផឹក ហើយនាំគ្នាជិះទៅញាំអីនៅម្តុំព្រែកប្រា ខណ្ឌច្បាអំពៅ វិញម្តង។ លុះញាំអីនៅព្រែកប្រារួចហើយ ជនរងគ្រោះទាំង៣នាក់ និងមិត្តភក្តិ០៣នាក់ទៀត បានជិះម៉ូតូត្រឡប់មកផ្ទះនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅវិញ។ លុះជិះមកដល់ចំណុចរង្វង់មូលគល់ស្ពានវត្តព្រែកសំរោង ក៏ជួបក្រុមជនសង្ស័យខាងលើ ហើយមើលមុខគ្នា ពេលនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមដោយមានកាន់ដាវមួយជាប់ដៃ ហើយជនរងគ្រោះទាំងបីនាក់ បានបើកម៉ូតូយ៉ាងលឿនរត់គេច រួចហើយម៉ូតូជនរងគ្រោះជ្រុលទៅបុកនឹងបង្គោលភ្លើងជាប់ផ្លូវ២១A នៅចំណុចផ្លូវកោងមុខបេនត្រែ បណ្តាលឲ្យមានរបួសធ្ងន់០២នាក់និងស្រាល០១នាក់ ពេលនោះក៏មានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានចេញមកមើល ចំណែកជនសង្ស័យទាំង០៥នាក់ បានជិះគេចខ្លួនបាត់ទៅ។ ក្រោយកើតហេតុរួច ជនរងគ្រោះទាំង០៣នាក់ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីពេទ្យរុស្សី ហើយជនរងគ្រោះ ឈ្មោះម៉ាត់សាស់ បានស្លាប់ដោយសារបែកថ្លើម រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ ម៉ាន ស្នាវី រងរបួសធ្ងន់ត្រង់ក្បាលត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ចំណែកជនរងគ្រោះម្នាក់ទៀតរបួស្រាលឈ្មោះសាន់សះម៉ាត់ ត្រូវគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះដើម្បីព្យាបាលបន្តរ។ លុះមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់យកមកសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង។

ប្រភពបានបន្តឲ្យដឹងថា តាមការសាកសួរក្រុមជនសង្ស័យបានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនពិតជាបាននាំគ្នាជិះម៉ូតូដេញតាមវាយជនរងគ្រោះចំនួន២ម៉ូតូមានគ្នា៦នាក់ ធ្វើឲ្យម៉ូតូ១គ្រឿងបុកបង្គោលភ្លើងបណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយម្នាក់ទៀតរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ប្រាកដមែន តែក្រុមរបស់ខ្លួនគ្មានប្រើអាវុធ រឺដាវនោះទេ។

បច្ចុប្បន្នក្រុមជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង