ឯកឧត្តម ជិន ម៉ាលីន ផ្តាំផ្ញើជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំងអស់ ត្រូវចូលរួមវគ្គបណ្តុះបណ្តាលនេះឱ្យបានខ្ជាប់ខ្ជួនតាមកម្មវិធីសិក្សារបស់សាលា
អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានកិច្ចសហការជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកនៃ អ.ដ.ក.ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ថ្នាក់ដឹកនាំនៃបណ្ឌិតសភាភូមិន្ទយុតិ្តធម៌កម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ទាំង ៩០ រូបផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ដ.ក. បានឡើងអានរបាយការណ៍សង្ខេបអំពីដំណើរការជ្រើសរើស មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ។ តាមការគូសបញ្ជាក់ពីឯកឧត្តមអគ្គលេខាធិការ អ.ដ.ក.បានប្រកាសជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍិខ្ពស់ មកបម្រើការងារក្នុងក្របខ័ណ្ឌ អ.ដ.ក. ហើយ តាមរយៈការប្រកាសជ្រើសរើសនេះ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក បានទទួលពាក្យស្នើសុំពីបេក្ខជនរហូតដល់ចំនួន២៣៥រូប (ស្រ្តី ៦១ រូប)។ តាមរយៈការពិនិត្យ និងជ្រើសរើសយ៉ាងម៉ត់ចត់, អ.ដ.ក បានសម្រេចជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន ៣០ រូប និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្ត ចំនួន ៦០ រូប សរុបចំនួន ៩០ រូប។ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទដែលត្រូវបានជ្រើសរើសនេះ ត្រូវទទួលការបណ្តុះបណ្តាលជំនាញដោះស្រាយវិវាទ មុននឹងអាចចុះប្រតិបតិ្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។
នាឳកាសនោះ ឯកឧត្តម ជិន ម៉ាលីន បានលើកទ្បើងអំពីទិសដៅកែទម្រង់ប្រព័ន្ធយុតិ្តធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ និងអំពីសាវតា និងគោលបំណងសំខាន់ៗ នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តមបានគូសរំលេចអំពីសារៈសំខាន់នៃការបណ្តុះបណ្តាលនេះ សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដែលជាបុរេលក្ខខណ្ឌមួយដ៏ចាំបាច់ដើម្បីអាចទទួលបាននីតិសម្បទាពី អ.ដ.ក.។ បន្ថែមពីនេះ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ មានតួនាទីដ៏សំខាន់ក្នុងយន្តការសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ក្នុងនាមជាភ្នាក់ងារ ឬជាប្រតិបត្តិករដែលត្រូវចុះទៅពន្លត់ភ្លើងនៃវិវាទដែលកើតទ្បើងនៅមូលដ្ឋាន។
ជាមួយនោះ ឯកឧត្តម ជិន ម៉ាលីន បានផ្តាំផ្ញើជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំងអស់ ត្រូវចូលរួមវគ្គបណ្តុះបណ្តាលនេះឱ្យបានខ្ជាប់ខ្ជួនតាមកម្មវិធីសិក្សារបស់សាលា និងសូមប្រឹងប្រែងយកចិត្តទុកដាក់សិក្សាស្វែងយល់នូវរាល់បទឧទ្ទេសនាម ឬបទបង្ហាញរបស់គ្រូឧទ្ទេសទាំងអស់ទាក់ទងនឹងជំនាញនៃការសម្រុះសម្រួលផ្សះផ្សាវិវាទដើម្បីអាចយកទៅអនុវត្តជាក់ស្តែងក្នុងការសម្រុះសម្រួលដោះស្រាយវិវាទបានដោយត្រឹមត្រូវ និងប្រសិទ្ធភាព៕