ការផ្តល់សេវាហិរញ្ញវត្ថុដើម្បីជួយលើកកម្ពស់ជីវភាពជនមានពិការភាពគឺជាការធ្វើវិនិយោគមួយ

ភ្នំពេញ៖ «ការផ្តល់ឱកាសដល់ជនមានពិការភាពដែលជួបប្រទះក្នុងការស្វែងរកសេវាហិរញ្ញវត្ថុ គឺជាការធ្វើវិនិយោគមួយ ដែលអាចចូលរួមដោះស្រាយបានសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ និងឧបសគ្គនានាដែលជនមានពិការភាពកំពុងជួបប្រទេះ»។ នេះជាការថ្លែងបញ្ជាក់យ៉ាងច្បាស់ៗរបស់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «បរិយាបន្នពិការភាពសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមបានបន្តថា ដើម្បីធានាដល់សន្តិសុខសេដ្ឋកិច្ចនិងស្វ័យភាពរបស់ជនមានពិការភាព ពួកគេចាំបាច់ត្រូវការលទ្ធភាពទទួលបានដើមទុនកម្ចីដើម្បីវិនិយោគក្នុងសកម្មភាពអាជីវកម្ម និងផលិតផលហិរញ្ញវត្ថុផ្សេងទៀត ដូចជាប្រាក់បញ្ញើ ការទូទាត់ និងការធានារ៉ាប់រង ជាដើម។

ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ការផ្តល់ឱកាសដល់ជនមានពិការភាពដែលជួបប្រទះក្នុងការស្វែងរកសេវាហិរញ្ញវត្ថុ គឺជាការធ្វើវិនិយោគមួយ ដែលស្ថាប័នសាធារណៈវិស័យឯកជន និងសង្គមស៊ីវិលនានា អាចចូលរួមដោះស្រាយបានសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ ពិសេសដោះស្រាយនូវឧបសគ្គនានាដែលជនមានពិការភាពកំពុងជួបប្រទះ។

ឯកឧត្តមបន្តលើកឡើងថា ការរៀបចំសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ការចែករំលែកនូវបទពិសោធន៍និងករណីសិក្សាជាក់ស្តែងនៃការផ្តល់សេវាហិរញ្ញវត្ថុដល់ជនមានពិការភាព ដែលជាមូលដ្ឋានគំនិតសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាពិចារណាដាក់បញ្ចូលជាអាទិភាពសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុដល់ជនមានពិការភាពដែលផ្នែកមួយការនៃធ្វើបរិយាបន្នសម្រាប់គ្រប់វិស័យ។

ជាមួយគ្នានោះឯកឧត្ដមរដ្ឋលេខាធិការក្រសួងសង្គមកិច្ចបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ចាប់យកឱកាស ដើម្បីកសាងនូវទំនាក់ទំនងល្អរវាងវិស័យពិការភាពនិងសេវាហិរញ្ញវត្ថុ ព្រោះតាមរយៈកិច្ចសហការរួមគ្នាបែបនេះ គឺអាចធ្វើការឆ្ពោះទៅរកគោលដៅនៃការទទួលផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់ដ៏ទូលំទូលាយ និងសមធម៌សម្រាប់ជនមានពិការភាពនៅកម្ពុជា៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង