សម្តេចធិបតី ហ៊ុន ម៉ាណែត រំភើបរហូតដល់ព្រឺរោម ពេលបានមកឃើញផ្ទាល់នូវព្រលានយន្តហោះអន្តរជាតិតេជោ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

នាឳកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញអារម្មណ៍រីករាយបានចុះមកពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ និងសំណេះសំណាលជាមួយអ្នកសាងសង់។ សម្តេចធិបតីរំភើបរហូតដល់ព្រឺរោម ពេលបានមកឃើញផ្ទាល់នូវព្រលានយន្តហោះអន្តរជាតិតេជោ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំច្រើនហើយ តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។

ជាមួយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ព្រលានយន្តហោះអន្តរជាតិតេជោ ជាសមិទ្ធផលប្រកបដោយមោទនភាពសម្រាប់ខ្មែរ។

សម្តេចធិបតីបានថ្លែងកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ទោះពេលកូវីដ១៩ រាតត្បាត ក៏មិនបានបន្ទច់បង្អាក់សកម្មភាពសាងសង់។

សម្តេចធិបតីបានថ្លែងថា ទៅថ្ងៃខាងមុខនឹងមានការហោះហើរត្រង់រវាងកម្ពុជា និងអូស្ត្រាលី ខណៈកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការបានចុះហត្ថលេខារួច ពេលសម្តេចអញ្ជើញទៅអូស្ត្រាលី។

ទន្ទឹមនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងក្រោមចក្ខុវិស័យរបស់សម្តេចតេជោ ក្នុងការអភិវឌ្ឍន៍ទិសនិរតីប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង