ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អំពាវនាវឲ្យអ្នកនិពន្ធ និងអ្នកចងក្រងសៀវភៅ ឬឯកសារអប់រំ សូមបន្ត និងបង្កើនការបោះពុម្ភ ស្នាដៃបន្ថែមទៀត ដើម្បីធ្វើឱ្យធនធានសម្រាប់អំណានកាន់តែសម្បូរបែប ជាពិសេសធនធានអំណានជាភាសាខ្មែរ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាជាតិអំណាន លើកទី៩ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្នុងឱកាសទិវាជាតិអំណាន លើកទី៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីប្រវត្តិនៃការវិវឌ្ឍជាច្រើនសម័យកាលរបស់ភាសាខ្មែរ ដែលបង្កើតបានជាភាសាខ្មែរចាស់ ភាសាខ្មែរកណ្តាល និងភាសាខ្មែរទំនើប ហើយការស្រាវជ្រាវបង្ហាញថា ការបណ្តុះវប្បធម៌អានសៀវភៅ នឹងធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពតានតឹង ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗទាន់សម័យកាលសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ។

ជាមួុយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

*ទី១- អ្នកនិពន្ធ និងអ្នកចងក្រងសៀវភៅ ឬឯកសារអប់រំ សូមបន្ត និងបង្កើនការបោះពុម្ភ ស្នាដៃបន្ថែមទៀត ដើម្បីធ្វើឱ្យធនធានសម្រាប់អំណានកាន់តែសម្បូរបែប ជាពិសេសធនធានអំណានជាភាសាខ្មែរ

*ទី២- ក្រសួងស្ថាប័នពាក់ព័ន្ធ សូមផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ដើម្បីឱ្យមន្ត្រីរាជការ និងបុគ្គលិកគ្រប់រូបចូលរួមអាន និងសិក្សាស្រាវជ្រាវតាមគ្រប់លទ្ធភាព ជាពិសេសការរៀបចំឱ្យមានបណ្ណាល័យ ឬមជ្ឈមណ្ឌលរក្សាឯកសារឌីជីថល

*ទី៣- ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តពង្រីកកម្មវិធីអប់រំ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សិស្សានុសិស្ស និងយុវជនអាចមានលទ្ធភាពបន្តការសិក្សាទៅកម្រិតសិក្សាបន្តទៀត ដូចជាកម្មវិធីអំណានថ្នាក់ដំបូងនៅបឋមសិក្សា កម្មវិធីកុមាររៀនកុមារចេះ អក្ខរកម្មនៅតាមរោងចក្រ សហគ្រាស ពន្ធនាគារ ។ល។ ព្រមទាំងបន្តខិតខំបង្កើតមាតិកាអប់រំ សម្រាប់អំណានតាមបែបឌីជីថលបន្ថែមទៀត

*ទី៤- គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ ត្រូវខិតខំឱ្យអស់លទ្ធភាពក្នុងការបង្កើតបណ្ណាល័យ ឬជ្រុងអំណាន ដើម្បីឱ្យសិស្សានុសិស្ស និស្សិត សាមណេរសិស្ស សាមណេរនិស្សិតអាចទទួលបាន និងស្វែងរកប្រភពសម្រាប់អំណានកាន់តែសម្បូរបែប និងមានភាពបត់បែនឆ្លើយតបនឹងតម្រូវការអ្នកអាន

*ទី៥-សិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងយុវជនទាំងអស់ត្រូវខិតខំ និងចំណាយពេលអាន និង

*ទី៦-បងប្អូនជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល សូមជួយជំរុញ និងបង្កលក្ខណៈកាន់តែច្រើនថែមទៀត ជាពិសេសការលៃលកចំណាយនៅក្នុងគ្រួសារ សម្រាប់ការទិញសម្ភារៈសិក្សា សៀវភៅអាន និងឧបករណ៍សម្រាប់អំណានដទៃ ដល់កូនៗជាទីស្រឡាញ់ ដែលចាត់ទុកជាការវិនិយោគ មួយដ៏សំខាន់សម្រាប់បង្កើនចំណេះដឹង និងដើម្បីអនាគតដ៏ត្រចះត្រចង់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាក៏បានប្រគល់រង្វាន់ជូនដល់ជ័យលាភី ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដោយប្រឡងប្រជែងលើការអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនា ក្នុងការលើកកម្ពស់ការអប់រំ សីលធម៌ និងចរិយាធម៌”៕

អត្ថបទដែលជាប់ទាក់ទង