ក្រុមប៉ូលិសខេត្តសៀមរាបចាប់ឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា និងបក្ខពួកហើយ

«សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននរគបាលខេត្តសៀមរាបបានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្ខពួកតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាបពាក់ព័ន្ធនឹងបទល្មើសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ហើយជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបបានបន្តថា អយ្យការនឹងជូនព័ត៌មានដើម្បីឲ្យសាធារណជនជ្រាបពីចំណាត់ការជាបន្តបន្ទាប់នូវសំណុំរឿងនេះ។

បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម នេត្រ ភក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះនៅថ្ងៃនេះដោយបានភ្ជាប់ខ្លឹមសារយ៉ាងដូច្នេះថា «បុគ្គលឈ្មោះ ឡេង ចាន់ណា ត្រូវបានស្នងការដ្ឋានខេត្តសៀមរាបឃាត់ខ្លួន។ ជនខិលខូចត្រូវតែមានការទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលមានបណ្តឹង»

 

អត្ថបទដែលជាប់ទាក់ទង