រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្នគឺមានចក្ខុវិស័យច្បាស់លាស់ត្រឹមត្រូវ

 

ព្រះសីហនុ៖ «រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន គឺមានចក្ខុវិស័យច្បាស់លាស់ ត្រឹមត្រូវ និងជាសេចក្តីសង្ឃឹមតែមួយគត់ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត ហើយប្រជាពលរដ្ឋរស់នៅជាមួយនឹងសុខសន្តិភាព»។ ការថ្លែងយ៉ាងច្បាស់ៗពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ធ្វើឡើងក្នុងពិធីសម្ពោធអាគារសិក្សា១ខ្នង និងអាគារស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យហ៊ុនសែនកែវផុស ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលថ្ងៃទី១ ខែមេសាម្សិលមិញ។

នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា រយៈពេលជាង៤០ឆ្នាំកន្លងមកនេះប្រទេសកម្ពុជាបានប្រែក្លាយមុខមាត់ជាបន្តបន្ទាប់ទាំងលើឆាកជាតិ-អន្តរជាតិ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស រួមមាន ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម -ល- មាននៅគ្រប់ទីកន្លែងសម្រាប់បម្រើនជូនប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា សមិទ្ធផលថ្មីសន្លាងជាផ្លូវល្បឿនលឿន ដែលតភ្ជាប់ភ្នំពេញ-ព្រះសីហនុ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស និងការប្រែក្លាយធនធានមនុស្ស ឧស្សាហកម្មនៅតាមរោងចក្រសហគ្រាសកាន់តែតែច្រើនបន្ថែមទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការងារកាន់តែប្រសើរ កាត់បន្ថយភាពក្រីក្រ ដែលទាំងនេះដោយសារការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាង៥០០ឆ្នាំកន្លងមកនេះពុំធ្លាប់មាននោះទេ៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង