ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច បើយើងមិនបានដោះស្រាយទាន់ពេលវេលា និងធ្លាក់ក្នុងបញ្ហាធ្ងន់ធ្ងរ

ព្រះសីហនុ៖​ «ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច បើយើងមិនបានដោះស្រាយទាន់ពេលវេលា និងធ្លាក់ក្នុងបញ្ហាធ្ងន់ធ្ងរ យើងត្រូវធ្វើកិច្ចការជាច្រើនសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន ពួកគាត់មិនទាន់វិលមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ»។ នេះជាលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខាប៊ិច ក្រុងព្រះសីហនុកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។

នាឱកាសនោះ សម្ដេច ស ខេង បានថ្លែងថា «ឆ្នាំ២០២២ យើងចាត់ទុកជាឆ្នាំអនុវត្តច្បាប់ជំហានដំបូង ហើយឆ្នាំ២០២៣ ជាឆ្នាំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីទាក់ទាញការចាប់អារម្មពីប្រជាពលរដ្ឋ មតិជាតិ-អន្តរជាតិ វិនិយោគចិន។ យើងខិតខំដោះស្រាយ គាំទ្រគោលការណ៍ វិធានការណ៍របស់រាជរដ្ឋាភិបាលដោយឯកភាពគ្នាប្រកបដោយតម្លាភាព ដើម្បីលើកស្ទួយកិត្យនុភាពខេត្តព្រះសីហនុ»។

សម្តេចបន្តថា ត្រូវដោះស្រាយបញ្ហាដែលនៅសេសសល់កន្លងមក ព្រោះកម្ពុជាត្រូវបានគេយកធ្វើជាកន្លែងជួញដូរមនុស្ស ជួញដូរពលកម្ម ដូច្នេះយើងត្រូវការគាំទ្រពីប្រទេសជាសមាជិកអង្គការដៃគូក្នុងការទប់ស្កាត់បទល្មើសឱ្យខានតែបាន ហើយនេះជាកិច្ចការអាទិភាពរបស់ខេត្តព្រះសីហនុ។

ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បាន «ចេញបទបញ្ជាឱ្យខេត្តព្រះសីហនុបន្ដខិតខំប្រយុទ្ធប្រឆាំងឧក្រដ្ឋកម្មឆ្លងដែន ការជួញដូមនុស្ស និងគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់កិត្យានុភាព រារាំងនូវការវិនិយោគ និងវិស័យទេសចរណ៍»

ទន្ទឹមគ្នានោះ សម្តេចក្រឡាហោមក៏បានថ្លែងបន្ថែមដែរថា សមិទ្ធផលដែលទទួលបានពីសន្និបាតជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តឆ្នាំ២០២៣ ហើយគប្បីយកចិត្តទុកដាក់បន្ថែមទៀត។ ទោះបីយើងសម្រេចបានលទ្ធផលការងារដោះស្រាយកង្វល់របស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋទាក់ទងនឹងតួនាទី និងកិត្យានុភាពរបស់រដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំងឧក្រដ្ឋកម្មឆ្លងដែន បទល្មើសជួញដូមនុស្ស ជួញដូរពលកម្ម ដែលធ្វើឱ្យប៉ះពាល់កិត្យានុភាពខេត្ត ប៉ះពាល់មុខមាត់កម្ពុជា វាហាក់បីរារាំងនូវការវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង