ឯកឧត្តម ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចូលរួមពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” និងការប្រកាសបើកយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤”។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទឹកដីអង្គរក្នុងខេត្តសៀមរាប ល្ងាចថ្ងៃសៅរ៍ ទី១៦ មីនា ២០២៤។
ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចំនួន ៤រូបទៀតរួមមានឯកឧត្តម ឡុង នរិន្ទ, ឯកឧត្តម សុន ពិសិដ្ឋ, ឯកឧត្តម ទឹម ស៊ីផា និង ឯកឧត្តម មាស សុកែវ ក៏បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកខាងលើនេះផងដែរ។
គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែបទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត៕