លោកផ្កាយ២ ប៊ន សំអាត ធ្វើលិខិតសុំទោសជាសាធារណៈចំពោះកំហុសឆ្គង ដោយពុំបានដោះស្បែកជើង ពេលជួបជុំសំណេះសំណាលនៅក្នុងសាលាឆទាន

លោកឧត្ដមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃធ្វើលិខិតសុំទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះកំហុសឆ្គងដែលកើតឡើងដោយអចេតនា ដោយពុំបានដោះស្បែកជើង ពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតានៅក្នុងសាលាឆទាន។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។

ការធ្វើលិខិតសុំទោសជាសាធារណៈរបស់លោកឧត្ដមសេនីយ៍ទោ ប៊ន សំអាត ក្រោយពីមានប្រតិកម្មរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅលើទំព័រហ្វេសប៊ុករបស់សម្ដេចនាកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ដោយបានលើកឡើងថា «ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រិត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ។ សង្ឃឹមថាថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានះនិងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋានះនោះឡើយ»។

គួរជម្រាបថា ការបង្ហាញការប្រតិកម្មចំពោះមន្ត្រីមួយចំនួនដែលពាក់ស្បែកជើង ចូលក្នុងព្រះវិហារ ជាទីគោរពសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ របស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ បន្ទាប់ពីមានការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារថា «សុំពិចារណាជួយសម្រួល តួនាទី និង ភារកិច្ចរបស់គាត់ផង។ ជាមន្ត្រីដែលខ្វះការយល់ គ្មានសុជីវធម៌ តើគាត់បំរើរាស្ត្រយ៉ាងដូចមេ្តច? ( បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ)។ រូបភាព: ហ្វេសប៊ុក»។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ចាមបានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសរបស់ខ្លួន ដែលបានពាក់ស្បែកជើងចូលព្រះវិហារ ពេលកំពុងបំពេញការងារត្រួតពិនិត្យទីតាំងត្រៀមសម្ពោធឆ្លងសមិទ្ធផល។ តាមរយៈវីដេអូនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ បានបង្ហាញនូវការសោកស្ដាយជាខ្លាំងចំពោះកំហុសអចេទនារបស់លោក និងសូមគោរពសុំខមាទោសដោយស្មោះ ចំពោះ ព្រះសង្ឃគ្រប់អង្គ សម្តេចតេជោ សម្តេចបរវធិបតី ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងសាធារណជនទាំងអស់។លោកសន្យានឹងមិនឲ្យកើតមានកំហុសឆ្គងបែបនេះបន្តទៀត ឡើយ ក្នុងនោះដែរ ក៏នឹងខិតខំប្រតិបត្តិទៅតាមធម៌វិន័យ គន្លង ព្រះពុទ្ធសាសនាឲ្យបានល្អ។

ខាងក្រោមនេះ ជាលិខិតសុំទោសជាសាធារណៈរបស់លោកឧត្ដមសេនីយ៍ទោ ប៊ន សំអាត៖

 

អត្ថបទដែលជាប់ទាក់ទង