ឯកឧត្ដម ឃឹម ហ្វីណង់៖ «សហគមន៍កសិកម្មទំនើប និងការភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន»

ឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅលើទំព័រហ្វេសប៊ុកថា «សហគមន៍កសិកម្មទំនើប និងការភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន» ក្រុមកសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប នឹងត្រូវបានលើកទឹកចិត្តតាមរយៈការទទួលបានកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីស្ងួតទំហំ ១០០តោន ក្នុងតម្លៃប្រហែល ២០%លើសពីទីផ្សារ សម្រាប់គម្រោងសាកល្បងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសជប៉ុន។

ឯកឧត្ដម ឃឹម ហ្វីណង់ បានបន្តថា កិច្ចសន្យាទិញមួយនេះគឺជាជំហានសាកល្បងដំបូងនៃគម្រោងCashewNotes របស់ក្រុមហ៊ុន Floresta ដែលបានស្នើសុំការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាឧទាហរណ៍ជាក់ស្តែងមួយនៃអត្ថប្រយោជន៍ដែលកសិករអាចនឹងទទួលបាន ពីការចូលរួមចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។

ឯកឧត្ដមអនុរដ្ឋលេខាធិការរូបនេះបានបញ្ជាក់ថា ក្រៅពី«ទីផ្សារ» សហគមន៍នៅទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖
១-ការគាំទ្របច្ចេកទេស និងការគ្រប់គ្រង
២-ការកាត់បន្ថយថ្លៃដើមផលិត
៣-ដើមទុនការប្រាក់ទាប និងមិនតម្រូវឱ្យដាក់វត្ថុបញ្ចាំ
៤-ការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង