ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត៖ បើទោះបីគ្រប់គ្រងបានទាំងស្រុងយ៉ាងណាក្ដី ប៉ុន្ដែកម្លាំងជំនាញមិនទាន់ដកចេញពីកន្លែងកើតហេតុនោះទេ

 

«បើទោះបីគ្រប់គ្រងបានទាំងស្រុងយ៉ាងណាក្ដី ប៉ុន្ដែកម្លាំងជំនាញមិនទាន់ដកចេញពីកន្លែងកើតហេតុនោះទេ ពោលនៅបន្ដកាយ និងបាញ់ពន្លត់ភ្លើងដែលនៅសេសសល់ខាងក្នុងបន្តទៀត។ សម្រាប់ទំហំនៃការខូចខាតវិញ អាគារទំហំ១០០ម៉ែត្រ គុណ២០០ម៉ែត្រ ចំនួន២ខ្នង និងអាគារទំហំ ១២០ម៉ែត្រ គុណ២០០ម៉ែត្រ ចំនួន១ខ្នង ឆេះខូចខាតទាំងស្រុង»។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ទោបានឲ្យដឹងថា ទីតាំងរោងចក្រផលិតស្បែកជើងដែលត្រូវភ្លើងឆេះនេះ មានម្ចាស់ឈ្មោះ ប៉ុលរ៉ាមី សុីសុផុន អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិ១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាមួយនោះ លោកឧត្តមសេនីយ៍ស្នងការបានអះអាងថា ក្រោយទទួលបានដំណឹងអគ្គិភ័យនេះ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក កម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សហការជាមួយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញអន្ដរាគមន៍ភ្លាមៗដើម្បីជួយសង្គ្រោះ។

គួរជម្រាបថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ចំនួន៥២ឡាន ដោយក្នុងនោះរួមមាន៖ រថយន្ដស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង, ស្រុកពញាឮ និងស្រុកអង្គស្នួល, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, អធិការដ្ឋាននគរបាលខណ្ឌកំបូល, ខណ្ឌជ្រោយចង្វារ, រថយន្តកោះពេជ្រ, បុរីពិភពថ្មី, តម្រួតបទបញ្ជា, ក្រសួងមហាផ្ទៃ, បញ្ជាការដ្ឋានអង្គរក្ស, អង្គភាព១១៧, អង្គភាពk86, អង្គភាព911, កងពលតូចលេខ៧០, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនខ្មែរបេវើរ៉េសដីស។ តាំងពីវេលាកើតហេតុ រហូតដល់ម៉ោង៤៖៥០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ចបានគ្រប់គ្រងទាំងស្រុង។ មូលហេតុដែលសមត្ថកិច្ចលំបាកក្នុងជួយសង្គ្រោះបាញ់ពន្លត់ដោយសារតែយប់ងងឹត និងទីតាំងពិបាកចូល។ ចំពោះករណីនេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតកម្មករឡើយ។

គួរបញ្ជាក់ថា រោងចក្រផលិតស្បែកជើងយីហោ អ. ជី ហ្វូតវែរ ខេមបូឌា អ.ក ដែលមានកម្មករធ្វើការជាង២ពាន់នាក់ ស្ថិតនៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានអគ្គិភ័យវាយប្រហារយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង០៤៖៣០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ផ្អើលអស់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីចេញជួយអន្ដរាគមន៍សង្គ្រោះ៕

 

អត្ថបទដែលជាប់ទាក់ទង