លោក អ៊ូ សុផល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌប្ដឹងមេភូមិត្រពាំងប្រិយ៍និង៣នាក់ទៀតទៅតុលាការ ក្រោយមេភូមិប្តឹងទៅរដ្ឋមន្រ្តីមហាផ្ទៃ
លោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានដាក់ពាក្យប្ដឹងមនុស្សចំនួន៤នាក់ ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមមាន៖
ទី១៖ ឈ្មោះ យ៉យ នួន ភេទប្រុស ជាប្រធានភូមិត្រពាំងប្រិយ៍ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
ទី២៖ ឈ្មោះ សុខ ពៅ ភេទស្រី រស់នៅភូមិត្រពាំងប្រិយ៍ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
ទី៣៖ ឈ្មោះ សួរ ស្រីកែវ ភេទស្រី
ទី៤៖ ឈ្មោះ អ៊ូច សុផល ភេទប្រុស រស់នៅផ្ទះលេខ៥៦ ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល បានប្ដឹងអ្នកទាំង៤នាក់ខាងលើចំនួន៣បទល្មើស៖ ១៖ ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ២៖ មូលបង្កាច់កេរ្តិ៍ជាសាធារណៈ និង៣៖ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
គួរបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងរបស់លោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល ទៅកាន់តំណាងអយ្យការខាងលើនេះ បានធ្វើឡើងក្រោយលោកមេភូមិបានប្តឹងលោក អ៊ូ សុផល ទៅកាន់ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃពីបទហិង្សា និងគំរាមបាញ់សម្លាប់។
នៅក្នុងពាក្យបណ្ដឹង, របស់លោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២១ លោក យ៉យ នួន បាននាំក្មួយឈ្មោះ សៅ សាវុធ ឱ្យទៅទិញដីរបស់ឈ្មោះ ហួ ហួត។ ក្រោយមកលោក យ៉យ នួន ក៏មានទំនាស់រឿងកំរៃជើងសារ និងថ្លៃសេវាចុះហត្ថលេខាលើការផ្ទេរកម្មសិទ្ធិដីនោះជាមួយឈ្មោះ ហួ ហួត ចំនួន៣០០ដុល្លារ។ ដើម្បីជួយសម្របសម្រួលបញ្ចប់វិវាទរវាងលោក យ៉យ នួន និងឈ្មោះ ហួ ហួត លោកឧត្តមសេនីយ៍ត្រី អ៊ូ សុផល បានឱ្យប្រាក់ចំនួន១៥០ដុល្លារទៅឈ្មោះ យ៉យ នួន នៅពេលនោះ។
ស្រាប់តែពេលថ្មីៗនេះមានឈ្មោះ សួរ ស្រីកែវ និងឈ្មោះ អ៊ូច សុផល បានរៀបចំឯកសារពាក្យបណ្ដឹង និងបានប្រគល់ប្រាក់ចំនួន ២០០ដុល្លារឱ្យលោក យ៉យ នួន មេភូមិត្រពាំងប្រិយ៍ និងឈ្មោះ សុខ ពៅ ជាថ្នូរនឹងការផ្ដិតមេដៃប្ដឹងលោកឧត្តមសេនីយ៍ អ៊ូ សុផល ទៅឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជុំវិញករណីនេះលោក ជុន សារី ចៅសង្កាត់ក្សេមក្សាន្ត បានថ្លែងថា រឿងរ៉ាវដែលលោក យ៉យ នួន មេភូមិត្រពាំងប្រិយ៍ និងឈ្មោះ សុខ ពៅ ប្ដឹងលោកឧត្តមសេនីយ៍ អ៊ូ សុផល ទៅក្រសួងមហាផ្ទៃ នោះ គឺមានអ្នកនៅពីក្រោយខ្នងជាអ្នករៀបចំឡើង ដែលអ្វីៗទាំងអស់សុទ្ធតែជារឿងប្រឌិត។
លោកចៅសង្កាត់បញ្ជាក់ថា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ គណៈមេធាវីកម្ពុជាបានបញ្ជូនមេធាវី៣រូប ទៅសាកសួរដំណើររឿងដើម្បីជួយការពារសិទ្ធិជូនលោក យ៉យ នួន និងលោកស្រី សុខ ពៅ ប៉ុន្តែនៅពេលដែលមេធាវីសាកសួរ គឺអ្នកទាំងពីរបានឆ្លើយផ្ទុយពីអ្វីដែលមាននៅក្នុងពាក្យបណ្ដឹងទាំងស្រុង ពោលគឺអ្វីដែលពួកគាត់រៀបរាប់ក្នុងពាក្យបណ្ដឹង និងផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាននាកន្លងទៅនោះ ជាអ្វីដែលអ្នកនៅពីខាងក្រោយខ្នងបានរៀបចំឱ្យអស់។
លោកចៅសង្កាត់ បានប្រាប់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក យ៉យ នួន និងលោកស្រី សុខ ពៅ បានធ្វើដំណើរទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំដកពាក្យបណ្ដឹងពួកគាត់មកវិញ ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយបន្តទៅទៀត។
នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោក យ៉យ នួន បានបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០ព្រឹក មានករណីទំនាស់ដីធ្លីមួយកើតឡើងរហូតមានអំពើហិង្សា ហើយពេលនោះលោកក៏បានទៅជួយសម្របសម្រួល ស្រាប់តែឈ្មោះ អ៊ូ សុផល បានស្រែកគំរាម និងក្របួចកអាវលោក ព្រមទាំងគំរាមបាញ់សម្លាប់ទៀតផង។
លោកថា នៅម៉ោងប្រហែល៦ល្ងាចថ្ងៃដដែលឈ្មោះ អ៊ូ សុផល និងបក្ខពួកបានជួបជុំគ្នាផឹកស៊ីនៅលើដីទំនាស់ ហើយឈ្មោះ អ៊ូ សុផល និងបក្ខពួកបានយក កាំភ្លើងបាញ់ឡើងលើជាច្រើនគ្រាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះ មានការភ័យតក់ស្លុតជាខ្លាំង ប៉ុន្តែពុំមានអ្នកណាហ៊ានទៅហាមឃាត់ឡើយ៕ ប្រភព៖ Fresh News