លោក ចាប ច័ន្ទវិទ្យា ហាមដាច់ខាតការលេងល្បែងស៊ីសង ការប្រើគ្រឿងផ្ទុះគ្រប់ប្រភេទដើម្បីរក្សាសេចក្តីថ្លៃថ្នូ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

កណ្តាល៖ អភិបាលនៃគណៈអភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់សាធារណៈជនទាំងអស់ នៅក្នុងស្រុកលើកដែកដើម្បីរក្សាបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណ្ឌភាព អនាម័យបរិស្ថាន និងការកកស្ទះចរាចរណ៍ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកលើកដែកដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃនេះ។

ក្នុងសេចក្តីជូនដំណឹង លោក ចាប ច័ន្ទវិទ្យា បានបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នាថ្ងៃសុក្រ ទី១៤ ដល់ ថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលស្រុកលើកដែក សូមជូនដំណឹងដល់សាធារណៈជន ទាំងអស់ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណ្ឌភាព អនាម័យបរិស្ថាន និងការកកស្ទះចរាចរណ៍ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង សូមអនុវត្តដូចខាងក្រោម ៖

*ទី១-ចូលរួមដាក់ទង់ជាតិ ទង់ជ្វាលា ភ្លើងលំអរ និងសម្អាតអនាម័យនៅតាមផ្ទះ ជៀសវាងការចោលសំរាមពាសវាលពាសកាល។

*ទី២-ចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើង ចង្ក្រាន និងចរន្តអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិត ផ្ទាល់ខ្លួន និងអ្នកដទៃ។

*ទី៣-ចូលរួមលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទនៅតាមទីវត្តអារ៉ាម។

*ទី៤-ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

*ទី៥-ហាមដាច់ខាតចំពោះការលេងល្បែងស៊ីសង ការប្រើគ្រឿងផ្ទុះគ្រប់ប្រភេទនៅក្នុងស្រុកលើកដែក ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានោះ លោក ចាប ច័ន្ទវិទ្យា ក៏បាន «ដាក់បទបញ្ជាឲ្យកងកម្លាំងអធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ អាជ្ញាធរឃុំគ្រប់ឃុំ ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ព្រម ទាំងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកមិនគោរពតាមខ្លឹមសារណែនាំខាងលើ ដែលបង្ករឱ្យប៉ះពាល់ដល់ប្រពៃណី សេចក្តី ថ្លៃថ្នូរបស់សង្គម ក៏ដូចជាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងស្រុកលើកដែក ខេត្តកណ្តាល»៕ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង