ឃាត់ស្ត្រីម្នាក់ពីបទធ្វើចរាចរណ៍លក់អាវុធកែច្នៃបាញ់គ្រាប់លោហៈ បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានស្រាវជ្រាវរកឃើញទំព័រហ្វេសប៊ុកមួយឈ្មោះ «ស្តេចជំពាម KH» ដែលបានបង្ហោះលក់អាវុធកែច្នៃប្រើគ្រាប់លោហៈ ដោយបាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង.ម.ហ ភេទស្រី អាយុ៣៥ឆ្នាំ ជាម្ចាស់ទំព័រហ្វេសប៊ុកខាងលើ មកសាកសួរពាក់ព័ន្ធករណីផ្សព្វផ្សាយ និងលក់ចែកចាយកាំភ្លើងកែច្នៃប្រើគ្រាប់លោហៈតាមបណ្តាញសង្គម។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ Hotline Scam 24/7 បានឱ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានរកឃើញ និងដកហូតសម្ហារៈពាក់ព័ន្ធដែលជាគ្រឿងបង្គុំអាវុធកែច្នៃមួយចំនួនរួមមាន៖ កាំភ្លើង (អាវុធកែច្នៃ), ជំពាម, ខ្សែកៅស៊ូ, ឧបករណ៍គ្រឿងបង្គុំ និងគ្រាប់ដែកចំនួន០៤ ប៉ាវតូច។

ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តប្រាកដមែន ក្រោយពីការសាកសួរ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី និងត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យឃុំខ្លួន ពីបទ «ធ្វើចរាចរណ៍អាវុធសម្រាប់ផ្សេងៗ (លក់អាវុធ កែច្នៃបាញ់គ្រាប់លោហៈ)»

លោកឧត្តមសេនីយ៍ឯកធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់នូវការផ្សព្វផ្សាយ និងធ្វើអាជីវកម្មទិញលក់ កាំភ្លើងកែច្នៃផ្សេងៗតាមបណ្តាញសង្គម ដែលបង្កអសន្តិសុខដល់សង្គម និងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វ។

បន្ទាប់ពីសមត្ថកិច្ចជំនាញកសាងសំណុំបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីម្នាក់ ដែលជាម្ចាក់គេហទំព័រហ្វេសប៊ុកឈ្មោះ «ស្តេចជំពាម KH» ដែលបានបង្ហោះលក់អាវុធកែច្នៃប្រើគ្រាប់លោហៈ ពីបទ «ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ លក់អាវុធ កែច្នៃបាញ់ គ្រប់លោហៈ» ដែលបានប្រព្រឹត្តនៅតាមរយៈបណ្តាញសង្គម Facebook កាលពីកំឡុងឆ្នាំ២០២២ រហូតបច្ចុប្បន្ន តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ៕

អត្ថបទដែលជាប់ទាក់ទង