ចាប់ឃាត់និងបញ្ជូនខ្លួនជនជាតិវៀតណាម២នាក់ទៅតុលាការពាក់ព័ន្ធករណីលួចលាក់ធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្បែរ៧០០គីឡូក្រាម

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះបានបញ្ជូនជនជាតិវៀតណាម២នាក់ និងវត្ថុតាងគ្រឿងញៀនជិត ៧០០គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។

ប្រភពអះអាងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងគ្រឿងញៀនខាងលើនេះ ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ និងលោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលសហការដឹកនាំផែនប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានកិច្ចសហការជាមួយសមត្ថកិច្ចវៀតណាមប្រចាំនៅកម្ពុជា ផ្តល់ព័ត៌មានក្រុមមុខសញ្ញា ដែលមានអង្គការចាត់តាំងជនជាតិវៀតណាម លួចលាក់ធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវ ឬថៃ ឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាម ដោយរក្សាទុកគ្រឿងញៀននៅរាជធានីភ្នំពេញ។

ប្រភពបានបន្តឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាមមន្ទីរប្រឆាំងគ្រឿងញៀន ចាត់តាំងកម្លាំងជំនាញការិយាល័យ ក១ ចុះស៊ើបអង្កេតបន្ត រហូតនៅវេលាម៉ោង៦៖៤០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញ (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរ និងដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀន ខាងលើ នៅ២គោលដៅជាបន្តបន្ទាប់ ដូចខាងក្រោម ៖

*ទី១៖ ចំណុចខនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ ៤៥ ឆ្នាំ។ដោយចាប់យកគ្រឿងញៀនប្រភេទ៖ -អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៣០,០៥ ក្រាម -កេតាមីន (KETAMINE) ទម្ងន់ ៧៦,០៤ ក្រាម ។

*ទី២៖ ចំណុចខនដូរ ផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។ ដោយចាប់យកគ្រឿងញៀនប្រភេទ៖ -មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤៨១២ ក្រាម -កេតាមីន (KETAMINE) ទម្ងន់ ៧៩១៤ ក្រាម -កញ្ជា (MARIJUANA) ទម្ងន់ ១៧០០០ ក្រាម -សារធាតុមិនច្បាស់ ទម្ងន់ ៨៧៦ក្រាម ។

ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ភេទប្រុស (ជនជាតិវៀតណាម) រឹបអូសគ្រឿងញៀនចំនួន ៦៦៨ គីឡូក្រាម ៧៥១,១ ក្រាម។ រួមទាំងចាប់យកសម្ភារៈ និងមធ្យោបាយរួមមាន៖ អាវុធខ្លី១ដើម គ្រាប់កាំភ្លើង១២គ្រាប់, លិខិតឆ្លងដែន០២ក្បាល, សៀវភៅការងារ០២សន្លឹក, កាតធនាគារ១, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ០១, អត្តសញ្ញាណប័ណ្ណវៀតណាម០១, ប័ណ្ណបើកបរអន្តរជាតិ១, សៀវភៅបើកបរអន្តរជាតិ០១, ជញ្ជីងថ្លឹងធំ២ ជញ្ជីងតូច៤, ម៉ាស៊ីនអ៊ុតថង់២ សំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន, ឡាន០២គ្រឿងនិងទូរស័ព្ទដៃ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង