ប្រចណ្ឌប្រពន្ធជាមួយសន្តិសុខដូចគ្នា, យកកន្ត្រៃប្រល័យជីវិតគ្មានមេត្តានៅខណ្ឌដង្កោ
ភ្នំពេញ៖ ស្ត្រីមានជីវភាពក្រីក្រលំបាកម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា តាមពិតស្ត្រីក្រីក្រខាងលើ ត្រូវបានប្ដីរបស់ខ្លួនយកកន្ត្រៃចាក់បំពង់កបណ្ដាលឱ្យស្លាប់ក្នុងមុង រួចគេចចេញពីកន្លែងកេីតហេតុបាត់ទាំងយប់ ប៉ុន្តែគេចមិនផុតព្រោះតែឈាមស្រែក ស្បែកហៅ ទើបត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ យឺន ឌីណា ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ចំណែកឃាតកជាប្ដីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ទៀង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពបានបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី ជនសង្ស័យឈ្មោះ ទៀង រស្មី បាននៅផ្ទះជាមួយជនរងគ្រោះឈ្មោះ យឺន ឌីណា ត្រូវជាប្រពន្ធរបស់ជនសង្ស័យ ស្ថិតនៅកន្លែងកេីតហេតុ ។ ពេលនោះ ជនសង្ស័យបាននិយាយប្រាប់ឱ្យជនរងគ្រោះឈប់ធ្វើការជាសន្តិសុខនៅម្តុំស្តុបផ្សារថ្នល់បត់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ព្រោះជនសង្ស័យមានការប្រចណ្ឌទៅលើជនរងគ្រោះថា មានការលួចលាក់ស្នេហាជាមួយសន្តិសុខដូចគ្នា ហើយជនរងគ្រោះបាននិយាយប្រកែកជាមួយជនសង្ស័យថា មិនឈប់ធ្វើការទេ បើជនសង្ស័យនៅតែបង្ខំឱ្យជនរងគ្រោះឈប់ធ្វើការ ជនរងគ្រោះនឹងទៅស្នាក់នៅកន្លែងធ្វើការក្បែរស្តុបផ្សារថ្នល់បត់ខាងលើនោះតែម្តង។
បន្ទាប់មកជនសង្ស័យខឹងនឹងសម្ដីរបស់ជនរងគ្រោះក៏បានដើរទៅយកកូនកន្ត្រៃដែកពណ៌ក្រហមពីក្នុងថង់ក្រណាត់ ពណ៌ក្រហម ដែលប្រពន្ធបានទុកក្បែរពូកដេក រួចក៏យកកន្ត្រៃនោះកាន់នៅដៃខាងស្តាំ ហើយដើរទៅពីខាងក្រោយ ជនរងគ្រោះយកដៃឆ្វេងក្រៀកកពីខាងក្រោយ ដៃស្តាំយកកន្ត្រៃចាក់កសង្កត់ផ្តេកទៅលើពូករហូតដល់ជនរងគ្រោះ ដាច់ខ្យល់ស្លាប់តែម្តង។ ក្រោយមកជនសង្ស័យក៏បានជិះម៉ូតូសេ១០០កូរ៉េ ពណ៌ក្រហម គេចខ្លុនទៅដល់ផ្លូវជាតិលេខ៣ មិនដឹងថានៅទីណាពិតប្រាកដ ម៉ូតូក៏គាំងម៉ាស៊ីនជិះទៅមុខលែងរួច ជនសង្ស័យក៏បានរុញម៉ូតូនោះចូលទៅក្នុងទឹកប្រឡាយមិនស្គាល់ទីតាំងពិតប្រាកដ រួចក៏ដើរតាមផ្លូវជាតិលេខ៣បន្ត រហូតដល់ ម៉ោង១០និង០០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យបានសុំរ៉ឺម៉កអ្នកដំណើរជិះត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីមើលជនរងគ្រោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចកន្លែងកើតហេតុ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យជាឃាតកសម្លាប់ប្រពន្ធត្រូវបានកម្លាំងជំនាញធ្វេីការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់។ ចំណែកសពស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យសាច់ញាតិចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ ការីនិពន្ធ