ប្រជាពលរដ្ឋរិះគន់ខ្លាំងពេក អភិបាលខេត្តកណ្ដាលព្រមានលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ដោយទុករយៈពេល១ខែ ដើម្បីកែលម្អបញ្ហា និងភាពអសកម្ម

កណ្ដាល៖ បន្ទាប់ពីមានមតិរិះគន់ខ្លាំងពេក និងជាច្រើនលើក ច្រើនសារពាក់ព័ន្ធការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង និងក្រុងតាខ្មៅរបស់លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃអង្គារទី២០ ខែសីហា ឆ្នាំ២០២៤នេះបានព្រមានដោយទុករយៈពេល០១ខែដើម្បីកែលម្អបញ្ហា និងភាពអសកម្មខាងលើ បើមិនកែប្រែរដ្ឋបាលខេត្តនឹងចាត់ វិធានការច្បាប់តាមនីតិវិធីជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះ។

បើតាមកម្មវត្ថុនៅក្នុងសេចក្ដីជូនដំណឹងបានជម្រាបមកលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅស្តីពីការព្រមានទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង និង ក្រុងតាខ្មៅ។ ដោយយោងតាមប្រកាសលេខ ០៩២ MIH/២០១៩ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

ឯកឧត្ដមអភិបាលខេត្តបានជម្រាបជូនលោកស្រី ចាន់ ណារី ម្ចាស់ អាជីវកម្មទឹកស្អាតជ្រាបថា រដ្ឋបាលខេត្តបានទទួលមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹក ស្អាតមិនមានគុណភាពស្របតាមស្តង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លង មកអាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកជាច្រើនសារ ប៉ុន្តែបញ្ហានេះអូសបន្លាយរហូត មកដល់បច្ចុប្បន្ន។

ឯកឧត្ដម គួច ចំរើន បានព្រមានថា សូមលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនឱ្យបានល្អប្រសើរដោយទុករយៈពេល០១ខែ ដើម្បីកែលម្អបញ្ហា និងភាពអសកម្មខាងលើ ប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់វិធានការច្បាប់តាមនីតិវិធីជាធរមាន៕ A2AA4DFA-BF32-44DA-86CA-0B132026D71B F4D3AD4B-489F-426F-A020-41AFAD153628

អត្ថបទដែលជាប់ទាក់ទង