បែកធ្លាយរឿង, លោកនាយកវិទ្យាល័យកំពង់ស្ពឺបានដាក់ពាក្យប្ដឹងម្ចាស់គណនីហ្វេសបុកឈ្មោះ «Ah Gi Leader Co.,LTD» ទៅសាលាដំបូងខេត្តកំពង់ស្ពឺពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងគំរាមដល់សិស្សានុសិស្ស»

កំពង់ស្ពឺ៖ បែកធ្លាយរឿង, លោក អេង ថាវុធ នាយកសាលាកំពង់ស្ពឺ តំណាងឲ្យគណៈគ្រប់គ្រងសាលា គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អតីតសិស្ស សហគមន៍ មាតាបិតាសិស្សទាំងអស់បានដាក់ពាក្យប្ដឹងម្ចាស់គណនីហ្វេសបុកឈ្មោះ «Ah Gi Leader Co.,LTD» ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងគំរាមដល់សិស្សានុសិស្ស»។ នេះបើតាមពាក្យបណ្ដឹងរបស់លោក អេង ថាវុធ នាយកសាលាកំពង់ស្ពឺដែលបណ្ថាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ។

បើយោងតាមពាក្យបណ្ដឹងរបស់លោក អេង ថាវុធ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤បានឲ្យដឹងថា លោក អេង ថាវុធ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ជានាយកវិទ្យាល័យកំពង់ស្ពឺ ជាតំណាងឲ្យគណៈគ្រប់គ្រងសាលា គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អតីតសិស្ស សហគមន៍ មាតាបិតាសិស្សទាំងអស់ដែលមានលេខទូរស័ព្ទទំនាក់ទំនង 015 960 960 បានដាក់ពាក្យបណ្ដឹងទៅកាន់ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺសុំប្តឹងម្ចាស់គណនីហ្វេសបុកឈ្មោះ Ah Gi Leader Co.,LTD ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងគំរាមដល់សិស្សានុសិស្ស។ យោងតាមមាត្រា៣០៥ និងមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងបណ្ដឹងលោក អេង ថាវុធ បានបញ្ជាក់ថា លោកតំណាងឲ្យគណៈគ្រប់គ្រងសាលា គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អតីតសិស្ស សហគមន៍ មាតាបិតាសិស្សទាំងអស់កើតទុក្ខមិនសុខចិត្តទៅលើម្ចាស់គណនីហ្វេសបុក ឈ្មោះ Ah Gi Leader Co.,LTD។ លោកបានបញ្ជាក់បន្តទៀតថា ម្ចាស់គណនីហ្វេសបុកឈ្មោះ «Ah Gi Leader Co.,LTD» បានប្រព្រឹត្តិអំពើជេរប្រមាថ និងបរិហារកេរ្តិ៍ជាសាធារណៈមកលើគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ក្រោយពេលសាលាបានបញ្ចប់ការតាំងពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្តឆ្នាំថ្មី ។

លោកនាយកបានបញ្ជាក់បន្ថែមថា សកម្មភាពរបស់ម្ចាស់គណនីហ្វេសបុកឈ្មោះ «Ah Gi Leader Co.,LTD» ដែលបង្ហោះជេរប្រមាថ និងបរិហារកេរ្តិ៍ជាសាធារណៈមកលើលោកគ្រូ អ្នកគ្រូខុសពីការពិតដែលប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរ និងធ្វើឲ្យអាប់ឱនដល់វិស័យអប់រំដែលប៉ះពាល់ដល់កិត្តិយសលោកគ្រូ អ្នកគ្រូ និងផ្លូវចិត្តរបស់សិស្សានុសិស្សដែលពួកគាត់ទាំងអស់គ្នាមិនអាចទទួលយកបានទេ។

នៅក្នុងពាក្យបណ្ដឹងលោក អេង ថាវុធ ក៏បានសំណូមពរដោយស្នើសុំឯកឧត្តមព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ និងផ្តន្ទាទោសម្ចាស់គណនីហ្វេសបុកឈ្មោះ «Ah Gi Leader Co.,LTD» តាមច្បាប់។

ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់លោក អេង ថាវុធ នាយកសាលាកំពង់ស្ពឺខាងលើនេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺក៏ធ្លាប់បានចេញដីកាកោះចំនួន២លើករួចមកហើយដែរ។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន The Mirror News សូមស្វាគមន៍ចំពោះការបំភ្លឺរបស់គ្រប់ភាគីពាក់ព័ន្ធមកកាន់អង្គភាពយើងខ្ញុំរៀងរាល់ម៉ោងធ្វើការ ឬអាចទំនាក់ទំនងមកលេខទូរស័ព្ទ ០១៧ ៦៩៩ ៦៧៧៕

អត្ថបទដែលជាប់ទាក់ទង