រដ្ឋមន្រ្ដី នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងសម័យឌីជីថល គឺជាភាពចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពព័ត៌មានជូនដល់សាធារណជន ហើយទប់ស្កាត់ ប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ឯកឧត្ដមរដ្ឋមន្រ្ដី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងសម័យឌីជីថល គឺជាភាពចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពព័ត៌មានជូនដល់សាធារណជន និងទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ ហើយតាមរយៈការបណ្តុះបណ្តាលនាឱកាសនេះគឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាន»។

ការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការ អញ្ជើញចូលរួមពីអ្នកសារព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រមាណជាង ៦០នាក់។

ឯកឧត្តមបានថ្លែងថា ក្រសួងព័ត៌មាន រួមជាមួយសមាគមសារព័ត៌មាននានាតែងតែបានធ្វើការបើកវគ្គបណ្តុះបណ្តាលជាច្រើនរួចមកហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងសម្រាប់ការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ឯកឧត្ដមលើកឡើថា ការពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន រួមទាំងអ្នកពាក់ព័ន្ធ ប្រកបដោយគុណភាព គឺជាកត្តាចាំបាច់បំផុតសម្រាប់បម្រើឱ្យវិស័យព័ត៌មាន នៅក្នុងដំណាក់កាលរីកចម្រើននៃការវិវឌ្ឍនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បន្ថែមថា៖ «គុណភាពព័ត៌មានត្រូវតែយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបណ្តុះបណ្តាលក្នុងគោលបំណង ដើម្បីជួយពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន និងមន្រ្តីរាជការផ្នែកកិច្ចការព័ត៌មានក្នុងការសរសេរព័ត៌មានឱ្យបានកាន់តែល្អ ទាក់ទាញ និងស្របតាម វិជ្ជាជីវៈត្រឹមត្រូវ»។

ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារបណ្តុះបណ្តាល និងវិក្រឹត្យការបានជម្រាបជូនថា «វគ្គបណ្តុះបណ្តាល ស្តីពីការសរសេរព័ត៌មានទាន់ហេតុការណ៍ ធ្វើឡើងរយៈពេល ៣ព្រឹក ដោយផ្តោតលើប្រធានបទ ដំណឹង និងព័ត៌មាន ការចាប់មុំសរសេរព័ត៌មាន សំណេរវិជ្ជាជីវៈ និងសំណេរអក្សរសិល្ប៍ រួមទាំងប្រធានបទសំខាន់ៗជាច្រើនទៀត ដែលមានការតម្រង់ទិសដោយផ្ទាល់ពីគ្រូឧទ្ទេសនាម ជាថ្នាក់ដឹកនាំរបស់ក្រសួងព័ត៌មាន»។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា បន្ទាប់ពីបើកដំណើរមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មានឡើងវិញមក ការចាប់អារម្មណ៍ក្នុងការចូលរៀនវគ្គបណ្តុះបណ្តាលដែលក្រសួងព័ត៌មានបានរៀបចំ គឺមានចំនួនកាន់តែច្រើនទៅៗ ជាពិសេសមានការចូលរួមចែករំលែក និងតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានដែលតែងតែផ្ដល់ជារង្វាន់ដ៏សំខាន់សម្រាប់សិក្ខាកាមក្នុងការយល់ដឹងផងដែរ។
បើតាមឯកឧត្ដមរដ្ឋលេខាធិការ ដោយទទួលបានការគាំទ្រច្រើនពីអ្នកសារព័ត៌មាន នៅពេលបន្តបន្ទាប់ទៅទៀត ក្រសួងព័ត៌មាន នឹងបើកវគ្គបណ្តុះបណ្តាលទាក់ទងទៅនឹងជំនាញផ្សេងៗទៀតជាច្រើនដើម្បីបំពេញ និងផ្តល់នូវចំណេះ ជំនាញ និងវិជ្ជាជីវៈដល់បងប្អូនអ្នកសារព័ត៌មាននៅក្នុងវិស័យសារព័ត៌មាន ដើម្បីនៅបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង