ឯកឧត្ដម គួច ចំរើន ណែនាំដល់គណៈបញ្ជាការឯកភាពស្រុកល្វាឯមឲ្យយកចិត្តទុកដាក់បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាន


កណ្ដាល៖ ឯកឧត្ដម គួច ចំរើន បានណែនាំដល់គណៈបញ្ជាការឯកភាពស្រុកល្វាឯមឲ្យយកចិត្តទុកដាក់បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាន និងត្រូវយកចិត្តទុកដាក់មានវិធានការ បង្ក្រាប ទប់ស្កាត់ ផ្សព្វផ្សាយអប់រំ និងត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាលផងដែរ។

ការណែនាំរបស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកល្វាឯម នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកល្វាឯម ដោយមានការចូលរួមពីឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។

ឯកឧត្ដមអភិបាលខេត្តបានបន្តណែនាំថា មន្ត្រីរាជការ កងកម្លាំង មិនត្រូវឱ្យមានពាក់ព័ន្ធជាមួយគ្រឿងញៀនឱ្យសោះ ហើយអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀនអាចប្រឈមនឹងច្បាប់ ឬឈានដល់ការបណ្ដេញចេញពីក្របខ័ណ្ឌជាដើម។ បន្ថែមពីនេះ បញ្ហាល្បែងស៊ីសងត្រូវលុបបំបាត់កុំឱ្យមាននៅក្នុងមូលដ្ឋាន ព្រោះថាបញ្ហាល្បែងស៊ីសងនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ សព្វថ្ងៃនេះបានឆក់យកជីវិតប្រជាពលរដ្ឋនៅតាមដងផ្លូវជារៀងរាល់ថ្ងៃ ដែលតម្រូវឱ្យយើងគ្រប់គ្នាត្រូវតែផ្សព្វផ្សាយ អប់រំ ជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងវិធានការច្បាប់ និងវិធានការរដ្ឋបាល ពិសេសជាងទៀតឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការបាត់បង់ជីវិត ហើយអ្នកបង្កគ្រោះថ្នាក់រត់គេចមិនទទួលខុសត្រូវ ស្នើដល់កងកម្លាំងត្រូវធ្វើការស្រាវជ្រាវយកមកផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ។ បញ្ហាក្មេងទំនើង ត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែង ដើម្បីលុបបំបាត់បញ្ហាអនាធិបតេយ្យពីទង្វើក្មេងទំនើង ដើម្បីឱ្យសហគមន៍មានភាពសុខសាន្ត។

ឯកឧត្ដមក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសផ្ដោតលើការបង្ក្រាបបទល្មើសចោរកម្ម បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។

អភិបាលខេត្តបន្តទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មានតួនាទីសំខាន់ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងត្រូវការពារឱ្យនូវស្ថេរភាពនយោបាយដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងស្រុក ដែលខិតខំបំពេញការងារទទួលបានលទ្ធផលយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និងបានស្នើដល់ មន្រ្តីរាជការ កងកម្លាំង នៃរដ្ឋបាលស្រុកល្វាឯម ត្រូវបំរើសេវាសាធារណៈ និងសេវារដ្ឋបាល អោយបានល្អ បានឆាប់ និងមានភាពងាយស្រួល ស្របតាមគោលការ និងនីតិវិធីច្បាប់ មិនត្រូវមានឥរិយាបថអោយប្រជាពលរដ្ឋខ្លាចយើងទេ ត្រូវចាំថាមន្រ្តីរាជការ គឺជាខ្ញុំបម្រើរបស់ប្រជាជន ដូចនេះត្រូវតែខិតខំបំរើសេវាសាធារណៈឱ្យបានល្អប្រសើរ ជាមួយឥរិយាបថទន់ភ្លន់។

ឯកឧត្តមអភិបាលខេត្តបានជម្រាប និងពន្យល់អំពីស្ថានភាពនយោបាយក្នុងប្រទេសបច្ចុប្បន្ន ដែលក្រុមទុច្ចរិត អគតិកំពុងញុះញង់បង្កចលាចលលើបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (DTA)។ ឯកឧត្តមថែមថា៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនបានធ្វើឱ្យយើងបាត់បង់ទឹកដីដូចក្រុមទុច្ចរឹតកំពុងញុះញង់នោះឡើយ តែបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិផលរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជូនពលរដ្ឋ កំណើនមនុស្សរស់នៅតំបន់‌នោះ និងទេសចរណ៍ នោះទើបជាការការពារបូរណភាពទឹកដីពិតប្រាកដ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា អតីតកាលដែលយើងមិនទាន់មានការអភិវឌ្ឍន៍ យើងពិបាកធ្វើដំណើរ ទៅតំបន់នោះតាមផ្លូវគោកណាស់ តែបន្ទាប់ពីមានការអភិវឌ្ឍន៍យើងមានផ្លូវជាច្រើនខ្សែ ពិសេសយើងមានផ្លូវក្រវ៉ាត់ព្រំដែន ហើយយើង និងមានប្រជាពលរដ្ឋរស់នៅទីនោះច្រើន ក្នុងករណីមានការឈ្លានពានណាមួយប្រជាពលរដ្ឋនៅទីនោះនឹងរាយការណ៍អោយយើងដឹង ដែលនេះជាផ្លែផ្កានៃការអភិវឌ្ឍន៍នៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង