មានក្រុមជញ្ជីងចល័តមួយក្រុមចុះធ្វើសកម្មភាពឃាត់រថយន្តត្រួតពិនិត្យទម្ងន់ និងគំរាមយកប្រាក់នៅផ្លូវជាតិលេខ៥៥ ស្រុកវាលវែង ត្រូវបានឯកឧត្តម សេង ឈួន ចុះពិនិត្យ និងស្រាវជ្រាវ

ពោធិ៍សាត់៖ បន្ទាប់ពីទទួលព័ត៌មានថា «មានក្រុមជញ្ជីងចល័តមួយក្រុមចុះធ្វើសកម្មភាពឃាត់រថយន្តត្រួតពិនិត្យទម្ងន់ និងគំរាមយកប្រាក់នៅផ្លូវជាតិលេខ៥៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់»។ កាលពីថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះបានដឹកនាំក្រុមការងារចល័តចម្រុះ និងមន្រ្តីស្ថានីយជញ្ជីងអចល័តឃ្លាំងមឿង ខេត្តពោធិ៍សាត់ ចុះមកពិនិត្យ ស្រាវជ្រាវដល់ចំណុចទីតាំង និងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមចូលរួមទប់ស្កាត់នូវរាល់សកម្មភាពត្រួតពិនិត្យទម្ងន់យានយន្តពីក្រុមជញ្ជីងចល័តក្លែងបន្លំខុសច្បាប់ទាំងអស់នេះ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងភាពស្អាតស្អំរបស់ក្រុមការងារត្រួតពិនិត្យចល័តចម្រុះពិតប្រាកដ ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ទាំងមូលផងដែរ។

គូសបញ្ជាក់ថា សព្វថ្ងៃក្រុមត្រួតពិនិត្យយានយន្តចល័តចម្រុះ គឺមានតែមួយក្រុមប៉ុណ្ណោះ ដែលបង្កើតឡើងដោយសេចក្តីសម្រេចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានលិខិតបញ្ជាបេសកកម្មពី ឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ និងរាល់ពេលចុះប្រតិបត្តិការត្រួតពិនិត្យយានយន្ត មន្រ្តីអនុវត្តន៍ត្រូវតែមានឯកសណ្ឋាន និងបណ្ណសម្គាល់ខ្លួនត្រឹមត្រូវ និងច្បាស់លាស់ ដោយអនុលោមតាមអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ស្តីពីឯកសណ្ឋាន និងបណ្ណសម្គាល់ខ្លួនរបស់មន្រ្តីអធិការកិច្ចផ្លូវថ្នល់។ ដូចនេះបើសិនមានក្រុមជញ្ជីងចល័តផ្សេងចុះឃាត់ត្រួតពិនិត្យយានយន្ត ដោយពុំមានឯកសណ្ឋាន និងលិខិតបញ្ជាបេសកកម្មត្រឹមត្រូវនោះទេ គឺជាក្រុមជញ្ជីងចល័តក្លែងបន្លំ ដែលជាអំពើខុសច្បាប់ទាំងស្រុង។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរដែនដីគ្រប់បណ្តារាជធានី ខេត្តផ្សេងៗទៀត ប្រសិនបានឃើញសកម្មភាពឃាត់ត្រួតពិនិត្យទម្ងន់យានយន្តខុសច្បាប់ពីក្រុមជញ្ជីងក្លែងបន្លំ សូមរាយការណ៍មកលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន៖(https://www.facebook.com/ mpwt.gov.kh) ឬទូរស័ព្ទលេខៈ១២៧៥ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង