ការចេញប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ
(កណ្តាល)៖ អភិបាលខេត្តកណ្តាលអំពាវនាវដល់បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ទាំងឡាយ ដែលមានក្បាលដីស្ថិតនៅភូមិតាំងស្តុក និងភូមិប្រាសាទ ឃុំឈ្វាំង ភូមិជ្រៃលាស់ និងភូមិតាតូច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល សូមអញ្ជើញមកផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយ ហើយក្នុងករណីមានការខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី បងប្អូនអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យ ដើម្បីធ្វើការកែសម្រួលឲ្យត្រឹមត្រូវឡើងវិញ ដែលមានរយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ជាកំណត់។
ការអំពាវនាវនេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីបិទផ្សាយជាសាធារណះនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធចំនួន៤ភូមិ គឺភូមិតាំងស្តុក និងភូមិប្រាសាទ ឃុំឈ្វាំង ភូមិជ្រៃលាស់ និងភូមិតាតូច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោល គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល។
លោកអភិបាលខេត្តកណ្ដាលបន្តថា ការបិទផ្សាយជាសាធារណៈនេះ គឺដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាសអោយ លោកតា លោកយាយ មា មីង បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នក កាន់កាប់ដី។ ហើយការជំទាស់តវ៉ាអាចធ្វើបានរយៈពេល ១៥ថ្ងៃចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដីនឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល ១៥ថ្ងៃ យើង នឹងទទួលបាននូវទិន្នន័យត្រឹមត្រូវសម្រាប់ការចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងវិស័យដីធ្លី និងជម្រុញការងារចុះបញ្ជីដីធ្លីអោយបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋ។
លោកបន្តថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ គឺសំដៅបំពេញនីតិវិធីឈានដល់ការចេញ ប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និង ស្ថេរភាពសង្គម គោលនយោបាយ និងយុទ្ធសាស្ត្រនានាដើម្បី អភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើ ការផ្តល់សេវាគាំទ្រនានា ព្រមទាំង គោលនយោបាយ អភិវឌ្ឍជនបទ សំដៅបង្កើតឱកាសឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលប្រចាំ គ្រួសារ។ ដូច្នេះ ការបិទផ្សាយនៅពេលនេះគឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កើន ផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឲ្យកាន់តែកើនឡើងថែមទៀត៕