មេប៉ូលិសខេត្តកំពង់ចាមដាក់ចេញវិធានការក្ដៅបង្រ្កាបមុខសញ្ញាក្មេងទំនើង «ងើបមួយវៃមួយ»
(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានដាក់ចេញនូវការបន្ដពង្រឹងវិធានការក្ដៅក្នុងការបង្រ្កាបមុខសញ្ញាក្មេងទំនើង «ងើបមួយវៃមួយ» និងបន្តតាមដានត្រួតពិនិត្យការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទដើម្បីធានាបានចំពោះការរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ការដាក់ចេញវិធានការក្ដៅ «ងើបមួយវៃមួយ» របស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ដោយមានការចូលរួមពីលោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ ផងដែរ។
គួរជម្រាបថា ការដាក់ចេញបែបនេះរបស់លោកឧត្តមសេនីយ៍ស្នងការគឺយោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម៕