អគ្គស្នងការនគរបាល​ជាតិបញ្ជា​ឱ្យ​ស្នងការខេត្តព្រៃវែងឃាត់ខ្លួន​អធិការ​រងស្រុកបាភ្នំទៅតុលាការ

ភ្នំពេញ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិបាន​បញ្ជា​ឱ្យ​លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ​នគរបាល​ខេត្តព្រៃវែង ឃាត់ខ្លួន​លោក ស៊ា​ង ប៊ុន​ណា​ល់ អធិការរង​ស្រុក​បាភ្នំ និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការវិនិច្ឆ័យ​តាមច្បាប់​ ករណី​ផ្ទុះអាវុធ បណ្តាល​ឱ្យប្រជាពលរដ្ឋ​ម្នាក់រងរបួស​ធ្ងន់ ធ្ងរ ខណៈពេល​ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់នៅ​ភូមិ​គ្រួស ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២៣។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន បានថ្លែងថា «ទាក់ទង​ករណីនេះ ខ្ញុំ​បាន​ណែនាំ​ទៅ​ស្នងការ​នគរបាលខេត្តព្រៃវែង ដោយបញ្ជា​ឱ្យ​ឃាត់​ខ្លួន​នៅស្នងការដ្ឋាននគរបាលខេត្ត និងផ្អាក​ការងារ​បណ្ដោះអាសន្ន ហើយ​បញ្ជូន​ឯកសារ​ទាំង​ស្រុង​ទៅ​តុលាការ​វិនិច្ឆ័យ​ទោស​តាម​ផ្លូវច្បាប់ និងបញ្ជា​ឱ្យស្នងការចុះសួរសុខទុក្ខ និង​សុំទោស​ដល់គ្រួសារ ព្រមទាំង​ដោះស្រាយ​ជា​គោលនយោបាយ សម្រាប់​ព្យាបាល​»​។​

បើយោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានចុះល្បាតចល័តក្នុងភូមិសាស្ត្រស្រុកបាភ្នំ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលមានកម្លាំងចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ។ ពេលចុះល្បាតក្នុងមូលដ្ឋានខាងលើ ក៏មានប្រជាពលរដ្ឋរាយការណ៍ថា មានគេលបលួចលេងល្បែងស៊ីសង (ជល់មាន់) នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងឃើញមានប្រជាពលរដ្ឋជាច្រើននាក់ កំពុងជួបជុំលេងល្បែងស៊ីសង (ជល់មាន់)ពិតប្រាកដមែន។ ភ្លាមៗ..! គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចទៅដល់ ក្រុមអ្នកលេងល្បែង ក៏បាននាំគ្នារត់ប្រសេចប្រសាចតែម្ដង។

ខណៈនោះ លោកអធិការរង ក៏បានស្រែក និងដកអាវុធខ្លីមកគំរាមឱ្យក្រុមប្រជាពលរដ្ឋលេងល្បែងភ្នាល់ទាំងនោះឈប់ តែពួកគេមិនព្រមស្ដាប់ ទើបលោកអធិការរងចាប់ឃាត់ឈ្មោះ សាន វិច្ឆិកា អាយុ៣៦ឆ្នាំ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ដែលកំពុងឡើងជិះម៉ូតូបម្រុងបើករត់ ក៏កើតមានការប្រតាយប្រតប់គ្នាធ្វើឱ្យលោកអធិការរង និងឈ្មោះ សាន វិច្ឆិកា រួមទាំងម៉ូតូដួល បណ្ដាលឱ្យរាលកៃកាំភ្លើងផ្ទុះ១គ្រាប់ ត្រូវឈ្មោះ សាន វិច្ឆិកា រងរបួសចង្កេះ បែក​ឆ្អឹង​ធ្លាយ​ខួរឆ្អឹង ហើយ​ផ្លាត​ក្បាល​គ្រាប់ បៀម​ជាប់​ថ្លើម​ជ្រៅ ទើប​គ្រូពេទ្យ មិនអាច​វះកាត់យក​ក្បាល​គ្រាប់​ចេញ​បាន បច្ចុប្បន្ន​កំពុង​សម្រាក ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជោ​រ៉ីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង