ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន៖ ខេត្តកណ្តាលជាខេត្តដៃគូសហការដំបូងគេដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
កណ្ដាល៖ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់ថា «ទីបំផុត ថ្ងៃនេះ យើងឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ជាមួយរដ្ឋបាលខេត្តកណ្តាល ដែលជាខេត្តដៃគូសហការដំបូងគេ និងជាការបើកផ្លូវសម្រាប់បេសកកម្មនៃការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកណ្តាល»។
ការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការតាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
បើតាមឯកឧត្តម គួច ចំរើន បានថ្លែងថា ដើម្បីក្លាយជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការតាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ត់ចត់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា កសាងសង្គមនីតិរដ្ឋប្រកបដោយភាពសុខដុមរមនា ហើយភាគច្រើននៃបណ្តឹងដែលរដ្ឋបាលខេត្តទទួលបានពីប្រជាពលរដ្ឋនាពេលកន្លងមក គឺពាក់ព័ន្ធវិវាទដីធ្លី។
នៅក្នុងពិធីចុះMOUខាងលើនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានថ្លែងថា អ.ដ.ក គឺជាយន្តការបំពេញបន្ថែម ក្នុងការដោះស្រាយវិវាទដែលមានស្រាប់នៅព្រះរជាណាចក្រកម្ពុជា ហើយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថាអ.ដ.កនឹងចូលរួមចំណែកក្នុងការបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតកៀកជិតប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងជួយសម្រុះសម្រួល ផ្សះផ្សាវិវាទជូនដល់គូភាគីបានដោយឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះឈ្នះ កាត់បន្ថយការកកស្ទះសំណុំរឿងរដ្ឋប្បវេណីនៅតាមសាលាជំរះក្ដី ព្រមទាំងរួមចំណែកលើកកម្ពស់ភាពសុខដុមរមនានៅក្នុងសហគមន៍ និងសន្តិភាព។
ឯកឧត្ដមបណ្ឌិតបានបន្តថា ពិធីចុះហត្ថលេខាអនុស្សានៈនៃការយោគយល់គ្នានេះ វាជាការពង្រឹងយន្តការនៃការផ្សព្វផ្សាយវិវាទក្រៅប្រព័ន្ធតុលាការ និងជាការរួមចំណែកមួយបន្ថែមទៀតក្នុងការជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពកាន់តែលឿន ឆាប់រហ័ស និងប្រកបដោយភាពត្រឹមត្រូវ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្របតាមទិសដៅ និងចក្ខុវិស័យនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិតអនុប្រធាន អ.ដ.ក បានសង្កត់ធ្ងន់ថា តួអង្គទាំងអស់ត្រូវប្រកាន់នូវក្រោមសីលធម៌វិជ្ជាជីវៈក្នុងការសម្របសម្រួល ផ្សះផ្សាវិវាទ ជៀសវាងឱ្យបាននូវការបង្ខិតបង្ខំ ការធ្វើការសម្រេចចិត្តណាមួយជំនួសឱ្យគូភាគី៕