លោក ខុន សេរីរដ្ឋា៖ គម្រោងស្នើឡើងទាំង៧វិស័យរបស់ស្រុកកៀនស្វាយទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន១៧៩គម្រោង ស្មើ៨០%
កណ្តាល៖ លោក ខុន សេរីរដ្ឋា បានគូសបញ្ជាក់ថា «ស្រុកកៀនស្វាយ គម្រោងស្នើឡើងទាំង៧វិស័យសរុប ២២៥ រួមមាន៖ វិស័យ កសិកម្ម ២៥ គម្រោង វិស័យអាជីវកម្ម ២២ គម្រោង វិស័យវិស័យអប់រំ ២១ គម្រោង វិស័យសុខភាព ៤៦ គម្រោងវិស័យភាពងាយរងគ្រោះ ០៦ គម្រោង វិស័យបរិស្ថាន ៣០ គម្រោង និងវិស័យរដ្ឋបាលនិងសន្តិសុខ ៧៥ គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ១៧៩ គម្រោង ស្មើ ៨០ ភាគរយ»។
ការគូសបញ្ជាក់របស់ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងវគ្គសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ថ្នាក់ស្រុក ដើម្បីអនុញ្ញាតឲ្យរដ្ឋបាលឃុំ ស្រុក ដាក់បង្ហាញនូវគម្រោងផែនការអាទិភាពជូនអ្នកពាក់ព័ន្ធ មានមន្ទីរអង្គភាពជំនាញ និងអង្គការដៃគូអភិវឌ្ឍន៍ចូលរួមចាប់ដៃវិនិយោគ នៅក្នុងផែនការអាទិភាពទាំងឡាយណា ដែលអាជ្ញាធរឃុំ ស្រុកបានដាក់ចេញ។
លោកអភិបាលរងខេត្តបានថ្លែងថា សិក្ខាសាលានៅពេលនេះ គឺជាចំណុចជួបគ្នានៃវិមជ្ឈការនិងវិសហមជ្ឈការ ក្នុងគោលបំណង ផ្តល់ឱកាសឱ្យមានការផ្សារភ្ជាប់ឱ្យកាន់តែរលូនរវាងដំណើរការកសាងការកសាងកម្មវិធីវិនិយោគបីឆ្នាំ រំកិលឃុំ ស្រុក ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍ នានាព្រមទាំងសប្បុរសជនទាំងអស់។សិក្ខាសាលាយើងនៅពេលនេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការអនុវត្ត ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ ក្រុមប្រឹក្សាឃុំ-សង្កាត់។
លោកបន្តថា ចំពោះឃុំ-សង្កាត់ជារៀងរាល់ឆ្នាំ ចំនួនគម្រោងជាតម្រូវការអាទិភាពដែលបានស្នើឡើងមានការកើនឡើងជាលំដាប់ស្របតាមនិន្នាការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ។សិក្ខាសាលាសមាហរណ កម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ-សង្កាត់ នៅថ្នាក់ក្រុង-ស្រុក ចាប់តាំងពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០២៤ ចំនួនគម្រោងស្នើឡើង និងទទួលបានគាំទ្រជាបន្តបន្ទាប់។
លោកសង្ឃឹមថា គម្រោងតម្រូវការជាអាទិភាពរបស់ឃុំទាំង០៨ នៅក្នុងស្រុកកៀនស្វាយ ដែល ស្នើឡើងក្នុងឆ្នាំ២០២៤សម្រាប់អនុវត្តឆ្នាំ២០២៥ នឹងទទួលបានការគាំទ្រពីមន្ទីរ-អង្គភាព សង្គមស៊ីវិល និងសប្បុរសជនទៅតាមលទ្ធភាព និងធនធានដែលមានដើម្បីជួយអភិវឌ្ឍឃុំ-សង្កាត់ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀត។កន្លងមកការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងឃុំ- សង្កាត់ សុទ្ធតែមានការចូលរួមពីប្រជាជននៅតាមសហគមន៍ ដែលតម្រូវការទាំងនោះបានឆ្លុះបញ្ចាំង នូវ បញ្ហាឬតម្រូវការជាក់ស្តែងដែលបានកើតឡើងក្នុងមូលដ្ឋាន។ ដូចនេះសូមលោក លោកស្រីមេត្តា យកចិត្តទុកដាក់ថែមទៀតក្នុងការចូលរួមគាំទ្រដើម្បីដោះស្រាយនូវរាល់បញ្ហាទាំងនោះ។
បើតាមលោក ស៊ុម ធន់ អភិបាលរងស្រុកកៀនស្វាយ បានឲ្យដឹងថា សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ក្នុងឆ្នាំ២០២៤នេះ ជាឱកាសដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល និងកៀរគរប្រភពធនធានផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព សម្រាប់អនុវត្តន៍នៅឆ្នាំបន្ទាប់ និងសម្របសម្រួលធ្វើឲ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជនផងដែរ។
លោកអភិបាលរងស្រុកក៏បានស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ-អន្តរជាតិ ដែលជាដៃគូអភិវឌ្ឍន៍ មេត្តាពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពដែលជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាព អាទិភាពរបស់ក្រុង ស្រុក និងឃុំ សង្កាត់ ឲ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន ជាលទ្ធផល គម្រោងវិនិយោគអាទិភាព បីឆ្នាំរំកិលស្រុក (២០២៥-២០២៧) ដែលបានស្នើឡើងនោះមាន២៧គម្រោង ចែកចេញជា៤ផ្នែកគឺ៖១៖ ផ្នែកសេដ្ឋកិច្ចមាន ២គម្រោង
២៖ ផ្នែកសង្គមកិច្ចមាន១៨ គម្រោង
៣៖ ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងគ្រោះមហន្តរាយ មាន៤គម្រោង
៤៖ ផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មាន៣គម្រោង។
គួរបញ្ជាក់ថា លទ្ធផលគាំទ្រក្នុងសិក្ខាសាលាសរុបរួម ១៩០/៣៣៣ គម្រោង ស្មើនិង ៥៧, ០៥ភាគរយ ក្នុងគម្រោង ១៤៨,៣៣៣គម្រោងស្មើនិង៤៤.៤៤ភាគរយ ក្រៅគម្រោង ៤២,៣៣៣ គម្រោង ស្មើនិង ១២,៦១ ភាគរយ៕