លម្អិតជុំវិញករណីឃាតកម្មនៅស្រុកមុខកំពូល, តាមពិតជាករណីឃាតកម្មរឹតកសម្លាប់ប្រពន្ធ និងកូន រួចចងកធ្វើអត្តឃាតខ្លួនឯង

កណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីឃាតកម្មរឹតកសម្លាប់ រួចចងកធ្វើអត្តឃាតខ្លួនឯង កាលពីវេលាម៉ោង៦៖៤០នាទីព្រឹក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ឭសពជនរងគ្រោះ៣នាក់៖ ១.ឈ្មោះ ទូច ស្រីហាច អាយុ៣៦ឆ្នាំ ជាគ្រូបង្រៀន ជាប្រពន្ធ។ ២.ឈ្មោះ វុធន ស៊ីជន ភេទប្រុស អាយុ១០ឆ្នាំ ជាកូន។ ៣.ឈ្មោះ វុធន ស៊ីប៊ែល ភេទប្រុស អាយុ០៨ឆ្នាំ។ ដោយឡែកសពជនសង្ស័យជាប្ដី និងត្រូវជាឪពុកឈ្មោះ វុធន សុខចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជានាយកសាលាបឋមសិក្សាសិរីជ័យមង្គលធ្វើអត្តឃាតចងក។

បើតាមប្រភពព័ត៌មានថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធករណីឃាតកម្មខាងលើភ្លាមលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុភ្លាមៗតែម្ដង ដោយមានកិច្ចសហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្ត និងជំនាញនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងអង្គភាពការពារកុមារ (CPU)។

បើយោងតាមការបំភ្លឺពីសាច់ញ្ញាតបានឱ្យដឹងថា៖ កាលពីឆ្នាំ២០២១ ជនរងគ្រោះ និងជនសង្ស័យបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុចំនួន៣០០០០$ ដើម្បីយកមកសាងសង់ផ្ទះ ដោយដាក់ប្លង់ដីផ្ទះ និងមានមុខរបរគ្រូបង្រៀនជាសំអាង។ក្រោយពីធ្វើផ្ទះរួចជនរងគ្រោះជាប្រពន្ធ និងជនសង្ស័យជាប្ដីចាប់ផ្ដើមចេះលេងល្បែងស៊ីសង។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បុគ្គលិកមីក្រូហិរញវត្ថុបានមកទារប្រាក់ពីជនរងគ្រោះ និងជនសង្ស័យជាប្ដី ដោយអ្នកទាំងពីរបង់ប្រាក់យឺតយ៉ាវ ហើយបានឃើញនិយាយគ្នាប្រហែលកន្លះម៉ោងក៏ឃើញបុគ្គលិកមីក្រូហិរញ្ញវត្ថុត្រឡប់ទៅវិញ។ ដល់វេលាម៉ោង១៨៖០០នាទី ជនរងគ្រោះនិងជនសង្ស័យជាប្ដីបានជិះម៉ូតូឌុបគ្នាទៅរកខ្ចីប្រាក់ពីអ្នកចងការប្រាក់តែរកមិនបាន ដល់វេលាម៉ោង២០៖០០នាទី ជនរងគ្រោះទាំង០៣នាក់ និងជនសង្ស័យជាប្ដី ក្រោយពីហូបបាយរួចក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះដោយដាក់គន្លឹះទ្វារធម្មតាដូចរាល់ថ្ងៃ។ 

ប្រភពបានបន្តថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៦៖៤០នាទីព្រឹក ម្ដាយជនរងគ្រោះបានឃើញទ្វារផ្ទះរបស់ជនរងគ្រោះបិទ មិនឃើញគ្រួសារជនរងគ្រោះចុះពីលើផ្ទះ គាត់ក៏ឡើងទៅគោះទ្វារស្រែកហៅ តែមិនមានលឺអ្នកណាឆ្លើយ ដោយមានការសង្ស័យគាត់ ក៏ទូរសព្ទហៅកូនៗ និងចៅឱ្យមកជួយមើល ពេលមកដល់គាត់ក៏បាននាំគ្នាកាត់សោបន្ទប់ក្រោមផ្ទះឃើញម៉ូតូ និងកង់របស់ជនរងគ្រោះនៅធម្មតា រួចក៏បន្តរទៅយកជណ្ដើរដែកឡើងទៅគាស់បង្អួច និងអារចម្រឹងបង្អួចដើម្បីចូលទៅក្នុងផ្ទះ ក៏ឃើញកូនស្រីនិងចៅៗដេកស្លាប់លើគ្រែពូក និងកូនប្រសារចងកស្លាប់នៅធ្នឹមដំបូលផ្ទះក្នុងបន្ទប់ ឃើញដូច្នេះពួកគាត់ក៏បានផ្អើលឆោឡោដល់អ្នកភូមិ និងរាយការណ៍ដល់សមត្ថកិច្ចប៉ុស្ដិ៍តែម្ដង។

បើយោងតាមការពិនិត្យនៅកន្លែងកើតហេតុថា៖ ជនរងគ្រោះទាំង៣នាក់ម្ដាយនិងកូនបានស្លាប់ដោយរឹតក និងជនសង្ស័យជាប្ដីនិងឳពុកបានស្លាប់ដោយចងក។ជាករណីឃាតកម្មរឹតកសម្លាប់ប្រពន្ធ និងកូន រួចចងកធ្វើអត្តឃាត។ ចំពោះសាកសពទាំង០៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឱ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង