គេលួចលុបប្រឡាយរដ្ឋអស់ជាង១០០ម៉ែត្រ នៅចំណុចជាប់របងរោងចក្របោកគក់ ផ្លូវជាតិលេខ៣ ខណៈលោក ចៅហ្វាយស្រុកគងពិសីឆ្លើយថា «លោកអត់បានព័ត៌មាននឹងដែរ នឹងអោយក្រុមការងារជំនាញពិនិត្យ» ប៉ុន្តែមកទល់ពេលនេះស្ងាត់ឈឹង ទូរស័ព្ទខលចូលក៏មិនលើក

 

កំពង់ស្ពឺ៖ មានករណីគេលួចលុបប្រឡាយរដ្ឋប្រមាណជាជាង១០០ម៉ែត្រ ដែលអ្នកលក់ដូរនៅលើទីតាំងនោះហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា នៅចំណុចផ្លូវជាតិលេខ៣ ជាប់របងរោងចក្របោកគក់ សុីង បាងផេរភីង អិនដាសស្រ្ទៀល (ខេមបូឌា) នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាន។

បើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា ប្រឡាយនេះ គេលុបយូរហើយ គេហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា ហើយប្រឡាយនេះ វែងណាស់តដល់ស្ទឹងព្រែកត្នោតនិងតភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលទៀតផង។

បើតាមលោក ហាន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានឆ្លើយតាមតេលេក្រាមយ៉ាងខ្លីថា «ខ្ញុំអត់បានព័ត៌មាននឹងដែរ នឹងអោយក្រុមការងារជំនាញពិនិត្យ»។

ពាក់ព័ន្ធករណីលួចលុបប្រឡាយរដ្ឋខាងលើនេះ បណ្ដាញសារព័ត៌មាន The Mirror News មិនអាចសុំការបំភ្លឺបន្ថែមពីលោកចៅហ្វាយស្រុក ហាន ពិសិដ្ឋ បាននោះទេ ព្រោះទូរស័ព្ទរបស់លោកខលចូលតែគ្មានអ្នកលើក។ 

ទាក់ទិនករណីខាងលើនេះដែរ បើតាមប្រភពពីមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានប្រាប់ឲ្យដឹងថា ពាក់ព័ន្ធករណីខាងលើនេះ គឺមានតែលោក គង់ ឈុនលី នាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺស្ដីទី ដែលអាចដឹងរឿងខាងលើនេះ ហើយលោកពុំមានលេខទូរស័ព្ទគាត់ទេ ព្រោះគាត់ទើបផ្លាស់មកថ្មី។

ជុំវិញករណីខាងលើនេះ បណ្ដាញសារព័ត៌មាន The Mirror News មិនអាចសុំការបញ្ជាក់បន្ថែមឬបំភ្លឺពីលោក គង់ ឈុនលី នាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺស្ដីទីបាននៅឡើយនោះទេ ដោយសារពុំមានលេខទូរស័ព្ទអាចទំនាក់ទំនងបាន៕

អត្ថបទដែលជាប់ទាក់ទង