លោកចៅហ្វាយស្រុកគងពិសីថា សំណង់នេះ អត់ច្បាប់ទេ ខណៈលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺថា របងនឹងដឹងតែខុសច្បាប់ហើយ ចិនបានធ្វើរបងលើដីរដ្ឋ លោកបានទាមទារឲ្យវ៉ៃចេញ!(មានVideos)
កំពង់ស្ពឺ៖ បន្ទាប់ពីមានការចុះផ្សាយយ៉ាងព្រោងព្រាតជុំវិញករណីលុបប្រឡាយរដ្ឋប្រមាណជាជាង១០០ម៉ែត្រ ដែលអ្នកលក់ដូរនៅលើទីតាំងនោះហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា នៅចំណុចផ្លូវជាតិលេខ៣ ជាប់របងរោងចក្រ សុីង បាងផេរភីង អិនដាសស្រ្ទៀល (ខេមបូឌា) នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ហើយលោក ហាន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានឆ្លើយយ៉ាងខ្លីថា «ខ្ញុំអត់បានព័ត៌មាននឹងដែរ នឹងអោយក្រុមការងារជំនាញពិនិត្យ»។ ហើយក៏ស្ងាត់ឈឹងដែលបណ្ដាញសារព័ត៌មាន The Mirror News ពិតជាពិបាកក្នុងទំនាក់ទំនងនិងសុំការបំភ្លឺបន្ថែមពីលោកចៅហ្វាយស្រុក ហាន ពិសិដ្ឋ ព្រោះតែទូរស័ព្ទរបស់លោកខលចូលតែគ្មានអ្នកលើក។
ស្រាប់តែនៅព្រឹកថ្ងៃសៅរ៍ទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ បែរជាលោកចៅហ្វាយស្រុកគងពិសី ហាន ពិសិដ្ឋ សុំឲ្យបណ្ដាញសារព័ត៌មាន The Mirror News កែតម្រូវ ខណៈពេលដែលកាលពីថ្ងៃសុក្រទី៦ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ រដ្ឋបាលស្រុកគងពិសីរបស់លោកបានចេញសេចក្តីបំភ្លឺព័ត៌មានទៅកាន់បណ្តាញសង្គមឈ្មោះ «គេហទំព័រសាន់ដេធីវីអន ឡាញ » ដែលបានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំណងជើងថា «មហាជនរងចាំមើល កណ្តាប់ដៃដែក របស់ លោកចៅហ្វាយខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសាភ័ណ និងមានវិធានការបែបណាចំពោះករណីលុប ប្រឡាយទឹករបស់រដ្ឋ នៅក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី» ទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងក្រដាសបំភ្លឺមួយសន្លឹករបស់រដ្ឋបាលស្រុកគងពិសីដែលបណ្ដាញសារព័ត៌មាន The Mirror News បានទទួល បានបំភ្លឺថា៖ ១-រូបភាព និងខ្លឹមសារដែលបានចុះផ្សាយ មិនបានឆ្លុះបញ្ចាំងអំពីការពិតនោះទេ។ ២-ទីតាំងនោះមិនមានការលប់ប្រឡាយទឹករដ្ឋទេ គឺបានដាក់លូប្រអប់ទំហំ ២,៥ ម៉ែត្របួនជ្រុង ប្រវែង ១០០ ម៉ែត្រ ពីផ្លូវជាតិលេខ៣ ។ ៣-ប្រឡាយនៅរក្សាស្ថានភាពទឹកហូរឆ្លងកាត់បានដូចដើម ។ ៤-ដើម្បីកែលម្អសោភណ្ឌភាព និងសណ្តាប់ធ្នាប់ ពង្រីកផ្លូវខ្នងប្រឡាយអោយបានធំទូលាយ និង សម្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ។ ៥-ការដាក់លូប្រអប់នេះ មានការពិនិត្យ និងបញ្ជាក់ពីបច្ចេកទេស របស់មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត។
បើយោងតាមការបំភ្លឺរបស់រដ្ឋបាលស្រុកគងពិសីនៅចំណុចទី៤ថា «ដើម្បីកែលម្អសោភណ្ឌភាព និងសណ្តាប់ធ្នាប់ ពង្រីកផ្លូវខ្នងប្រឡាយអោយបានធំទូលាយ និងសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ»។ ប៉ុន្តែជាក់ស្ដែងមិនដូចទៅនឹងអ្វីដែលរដ្ឋបាលស្រុកគងពិសីបានព្យាយាមបំភ្លឺនោះទេ ឬមួយលោក ហាន ពិសិដ្ឋ ចៅហ្វាយស្រុកគងពិសីពុំបានចុះទៅមើលដល់ទីតាំងជាក់ស្ដែងទេ? ពីព្រោះនៅទីតាំងខាងលើនោះ កំពុងត្រូវបានគេចាក់ខ្សាច់ និងថ្មនៅពីលើទីតាំងនោះ ហើយក៏មានការលក់ដូរនៅទីតាំងនោះ សឹងតែរកកន្លែងដើរគ្មានទៅហើយ។ ឯណាទៅពាក្យថា «ដាក់លូប្រអប់ទំហំ២,៥ម៉ែត្របួនជ្រុង ប្រវែង១០០ម៉ែត្រពីផ្លូវជាតិលេខ៣ដើម្បីកែលម្អសោភណ្ឌភាព និងសណ្តាប់ធ្នាប់ ពង្រីកផ្លូវខ្នងប្រឡាយអោយបានធំទូលាយ និងសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ»?
ពាក់ព័ន្ធករណីប្រឡាយខាងលើនេះ រដ្ឋបាលស្រុកគងពិសីនៅមិនទាន់បានបំភ្លឺឲ្យសាធារណៈជនបានដឹងនិងភ្លឺភ្នែកនៅឡើយនោះទេ ជុំវិញរោងចក្រដែលបានធ្វើរបងរឹងមាំរំលោភយកដីមាត់ប្រឡាយចាប់ពីចំណុចក្បែរផ្លូវជាតិលេខ៣ រោងចក្រ សុីង បាងផេរភីង អិនដាសស្រ្ទៀល (ខេមបូឌា) , រោងចក្រក្រដាស និងរោងចក្របោកគក់អ៊ុត ទៅដល់ជិតផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឲ្យ The Mirror News ដឹងថា ប្រឡាយខាងលើនេះគឺជាប្រឡាយ៦៥ នៅក្នុងឆ្នាំ២០០៧ ក្រសួងបានធ្វើការស្ដារប្រឡាយនេះ និងដោយសារស្ថានភាពប្រឡាយមានសភាពតូច រដ្ឋក៏បានទិញដីពីប្រជាពលរដ្ឋពង្រីកបន្ថែមរហូតមានទំហំ៣០ម៉ែត្រ។ហើយមិនមែនលួចលុបប្រឡាយទេ មន្ទីរបានឯកភាពឲ្យខាងក្រុមហ៊ុនឡេងណាវ៉ាត្រាដាក់លូទំហំ២,៥ម៉ែត្របួនជ្រុងតាមបច្ចេកទេស មានប្រវែង២០០ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋនិងបងប្អូនកម្មករ ប៉ុន្តែគ្រាន់តែទួងស្គរហើយ ក៏ស្ងាត់បាត់ទៅ ធ្វើបានតែជាង១០០ម៉ែត្រ ថាអស់លុយអស់កាក់ហើយក៏លែងធ្វើទៅ មើលទៅ។
ទាក់ទិននឹងការសាងសង់របងរឹងមាំរំលោភយកដីមាត់ប្រឡាយ៦៥នេះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក ញ៉ាញ់ ជាបហ៊ង បានឲ្យដឹងថា របងនឹងដឹងតែខុសច្បាប់ហើយ ចិនបានធ្វើរបងលើដីរដ្ឋ ហើយលោកក៏បានទាមទារឲ្យវ៉ៃចេញដែរ ប៉ុន្តែលោកអត់ទាន់ដឹងថាវ៉ៃពេលណា។
លោកបានបន្តថា លោកដឹងថារោងចក្រធ្វើរបងរំលោភយកដីប្រឡាយមុនលោកឡើងមកធ្វើជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺទៅទៀត ហើយលោកក៏បានឲ្យវ៉ៃរបងចេញឲ្យអស់ដែរ ព្រោះលោកបានប្រជុំពីរបីដងហើយ ប៉ុន្តែមិនទាន់បានដំណើរការស្រួលបួល ព្រោះរោងចក្រគេកំពុងធ្វើការ បើវ៉ៃទៅ វាខុសខ្សែចង្វាក់ផលិតកម្ម តែលោកបានឲ្យគេគូសវាសប្លង់ហើយ តែក្រោយមកអត់លុយ ក៏ផ្អាកទៅ កាលកូវីដ១៩ ដូចតាំងពីឆ្នាំ២០២០ផង។ ហើយតាំងពីពេលនោះមក ក៏មិនបានធ្វើដែរ។
លោក ញ៉ាញ់ ជាបហ៊ង បានឲ្យដឹងថា លោកអត់ពន្យាពេលទេ តែលោកអត់មានពេលវេលាណាមួយទៅអនុវត្តនៅកន្លែងនឹង ហើយណាមួយគម្រោងដែលកំពុងធ្វើ គឺចង់ធ្វើគម្រោងជាតិមួយរំដោះទឹកទៅតាមនឹងដែរ។
លោកបន្តថា មិនមែនគេលួចសាងសង់ទេ គឺគេសាងសង់ហើយ គេសាងសង់តាំងពីអ្នកមុន ទើបលោកហាមឃាត់ លោកនឹងហើយអ្នកសើរើជាមួយឃុំ ហើយលោកមិនដឹងថាអ្នកណា អ្នកអនុញ្ញាតទេ។
ពាក់ព័ន្ធការសាងសង់សំណង់អាគារកម្ពស់៥ជាន់ស្ទើតែរួចរាល់ទៅហើយនៅលើដីរដ្ឋ លោក ហាន ពិសិដ្ឋ ចៅហ្វាយស្រុកគងពិសីបំភ្លឺថា «ករណីសំណង់នេះ លោកបានសួរបញ្ជាក់ពីអភិបាលរងទទួលបន្ទុកហើយ ថាសំណង់នេះអត់ច្បាប់នោះទេ ហើយរដ្ឋបាលបានឃាត់ចំនួន០៣លើកមកហើយ ម្ចាស់នោះតែងតែលួចលាក់នឹងធ្វើបន្ត ទោះបីជាមានការឃាត់ច្រើនលើកក៏ដោយ ករណីនេះ រដ្ឋបាលស្រុកនឹងសុំគោលការណ៍ និងវិធានការ បន្តពីរដ្ឋបាលខេត្ត និងជំនាញមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត»។
បើតាមលោកចៅហ្វាយស្រុកគងពិសីបំភ្លឺថា សំណង់ខាងលើនេះ អត់ច្បាប់ទេ ហើយរដ្ឋបាលស្រុកបានឃាត់ចំនួន០៣លើកមកហើយ តែម្ចាស់នោះ តែងតែលួចលាក់ធ្វើបន្ត តើម្ចាស់សំណង់អាគារខុសច្បាប់ខាងលើនោះ ជាអ្នកណា មានអំណាចអ្វី ហេតុអ្វីបានជាហ៊ានលួចសង់សំណង់អាគារកម្ពស់បួនប្រាំជាន់អត់ច្បាប់ហើយ បានសាងសង់លើដីរដ្ឋទៀត ខណៈអាជ្ញាធរស្រុកក៏ធ្លាប់បានចុះទៅហាមឃាត់៣លើកហើយ នៅតែមិនស្ដាប់ និងនៅតែមិនគោរពច្បាប់?
បើតាមប្រភពពីក្រុមជាងធ្វើសំណង់បានឲ្យដឹងថា ពួកគាត់ប្រាំមួយប្រាំពីរប្រាំបីនាក់បានចូលមកធ្វើសំណង់នេះជិត២ខែទៅហើយ គឺពួកគាត់ធ្វើពីលើមកមុន។
ជុំវិញករណី សំណង់អាគារអត់ច្បាប់និងចិនធ្វើរបងរំលោភយកដីប្រឡាយខាងលើនោះ តើលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺនឹងមានវិធានការបញ្ចេញកណ្ដាប់ដៃដែករបស់ខ្លួនយ៉ាងដូចម្ដេចក្នុងការបង្ក្រាបបំបែកករណីខាងលើនេះដើម្បីរំដោះយកដីរដ្ឋមកវិញសម្រាប់បម្រើជាសាធារណៈ?៕