លោក គួច ចំរើន ផ្តាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវបន្តខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ មានការទទួលខុសត្រូវខ្ពស់ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ

(កណ្តាល)៖ លោក គួច ចំរើន បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវបន្តខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ មានការទទួលខុសត្រូវខ្ពស់ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនអង្គភាព និងប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។ ម៉្យាងទៀតមន្ត្រីទាំងអស់ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យទាន់សម័យកាល ជាពិសេសត្រូវសិក្សាស្វែងយល់អំពីច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធនឹងការងាររបស់ខ្លួន ដើម្បីជៀសវាងការប្រព្រឹត្តខុសច្បាប់ និងការពារខ្លួននៅពេលមានគេបំពានមកលើអង្គភាព ដែលផ្ទុយនឹងច្បាប់ដែលបានកំណត់។

ការផ្តាំផ្ញើរបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោក-លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងលោក-លោកស្រី នាយកទីចាត់ការចំណុះសាលាខេត្ត។

លោក គួច ចំរើន បានជំរុញដល់បណ្តាទីចាត់ការទាំង៦ របស់សាលាខេត្ត ត្រូវប្រើប្រាស់មន្ត្រីឲ្យអស់ពីលទ្ធភាព និងសក្ដានុពល និងត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកាន់ល្អប្រសើរឡើងថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការ និងបម្រើនូវសេវាសាធារណៈជូនប្រជាជនឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទតាមបណ្តាទីចាត់ការទាំងអស់ ត្រូវបង្កើនទំនាក់ទំនងល្អជាមួយគ្នា និងជាមួយបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

លោកអភិបាលខេត្តបានលើកឡើងថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនាពេលនេះ គឺដើម្បីស្តាប់របាយការណ៍ អំពីស្ថានភាពមន្ត្រីដែលកំពុងបំរើការងារតាមបណ្ដាទីចាត់ការនីមួយៗ និងផ្ដល់ឱកាសដល់បណ្ដាទីចាត់ការនានាលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីរួមគ្នាធ្វើការរិះរកដំណោះស្រាយឲ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីធ្វើឲ្យការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីតាមបណ្ដាទីចាត់ការនានា កាន់តែរលូន និងកាន់តែល្អប្រសើរឡើង។

លោកចៅហ្វាយខេត្តបានបញ្ជាក់ថា នាពេលខាងមុខនេះ លោកនឹងធ្វើការជួបប្រជុំផ្ទាល់ជាមួយមន្ត្រីតាមបណ្ដាទីចាត់ការទាំងអស់ របស់សាលាខេត្ត ដើម្បីត្រួតពិនិត្យ ស្វែងយល់អំពីសុខទុក្ខ បញ្ហាប្រឈម និងរបៀបរបបធ្វើការ សំដៅជួយដោះស្រាយនិងផ្ដល់អនុសាសន៍ណែនាំធ្វើយ៉ាងណាឲ្យការបំពេញភារកិច្ចការងារតាមបណ្ដាទីចាត់ការទាំងអស់កាន់តែមានភាពរីកចម្រើន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង