លោកចៅហ្វាយខេត្តកណ្ដាលព្រមានចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co., Ltd បើនៅតែបញ្ចេញសំណល់រាវមានពណ៌ បំពុលទឹក ក្លិនស្អុយ ចូលក្នុងប្រឡាយលេខ៦១ ធ្វើឲ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋបន្តទៀត
កណ្ដាល៖ ពាក់ព័ន្ធករណីក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co., Ltd ដែលមានទីតាំងស្ថិតនៅ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយលេខ៦១ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង ដែលបានបង្ក និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន១២ឃុំ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោក ម៉ុម ថានី តំណាងឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែមិនា ឆ្នាំ២០២២បានចេញលិខិតលេខ ៣៨៥ ស.ជ.ណ ប.ស្ថ ជូនទៅលោកប្រធានក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co., Ltdពីករណីបញ្ជាកែប្រែលើការបំពុលបរិស្ថាន និងតម្រូវឱ្យបំពាក់ប្រព័ន្ធឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់តាមដានការបញ្ចេញសំណល់រាវម្ដងរួចទៅហើយ។ នេះបើតាមលិខិតលេខ ៣៨៥ ស.ជ.ណ ប.ស្ថ របស់ក្រសួងបរិស្ថាន ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
នៅក្នុង ស.ជ.ណ ខាងលើនេះ ក្រសួងបរិស្ថានបានឲ្យលោកប្រធានជ្រាបថា ក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co., Ltd ដែលមានទីតាំងស្ថិតនៅ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវមានពណ៌និងក្លិនចូលក្នុង ប្រឡាយលេខ៦១ បង្កការបំពុលទឹក និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន១២ឃុំ ស្ថិតនៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឆ្លើយតបនឹងបញ្ហាខាងលើ និងដើម្បីជំរុញការអនុវត្តវិធានការទប់ស្កាត់ការបំពុលបរិស្ថាន មានប្រសិទ្ធភាព ក្រសួងបរិស្ថានសម្រេចដាក់ចេញនូវវិធានការចំពោះក្រុមហ៊ុនអនុវត្ត ដូចខាងក្រោម៖
១៖ ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវដោយផ្ទាល់ចូលទៅប្រឡាយសាធារណៈ ទោះក្នុង រូបភាពណាក៏ដោយ។
២៖ ត្រូវដំណើរការអាងប្រព្រឹត្តកម្មតាមលក្ខណៈបច្ចេកទេសជាប់ជាប្រចាំ ដើម្បីឱ្យសំណល់រាវ បញ្ចេញឆ្លើយតបនឹងកម្រិតស្តង់ដាអនុញ្ញាត។
៣៖ ត្រូវបំពាក់កាមេរ៉ាចាប់រូបភាពនៅទីតាំងអាងប្រព្រឹត្តកម្មសំណល់រាវទាំង ៣ ប្រព័ន្ធ និង នៅចំណុចទីតាំងនៃការបញ្ចេញសំណល់រាវចូលប្រឡាយសាធារណៈ សម្រាប់ធ្វើការ តាមដានលើដំណើរការសម្អាតសំណល់រាវ ដោយត្រូវភ្ជាប់រូបភាពបន្តផ្ទាល់មកក្រសួង បរិស្ថានឱ្យបានរួចរាល់មុនថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ ចំណុចទីតាំង ដែលត្រូវធ្វើការ បំពាក់កាមេរ៉ា មានដូចខាងក្រោម៖ *ចំណុចលូបង្ហូរសំណល់រាវចូលអាងស្តុកដំបូង (Inlet) *ចំណុចអាងបាញ់ខ្យល់ *ចំណុចអាងដាក់សារធាតុគីមី ដើម្បីដំណើរការសម្អាតសំណល់រាវ *ចំណុចបង្ហូរចេញពីអាងរងកករចុងក្រោយ (Outlet) និង *ចំណុចមាត់លូបង្ហូរចូលប្រឡាយសាធារណៈ។
៤៖ ធ្វើការបំពាក់ប្រព័ន្ធឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់ តាមដានការបញ្ចេញសំណល់រាវ ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ជាកំហិត។
៥៖ ត្រូវមានបុគ្គលិកជំនាញសម្រាប់ប្រតិបត្តិ និងតាមដានជាប់ជាប្រចាំនូវដំណើរការ អាងប្រព្រឹត្តកម្មសំណល់រាវ និងត្រូវបញ្ជូនឈ្មោះមកក្រសួងបរិស្ថាន។
៦៖ ករណីក្រុមហ៊ុនប្រព្រឹត្តល្មើសនឹងចំណុចណាមួយខាងលើ ក្រសួងបរិស្ថាននឹងចាត់ វិធានការបន្តតាមច្បាប់ជាធរមាន។
ទាក់ទិនករណីខាងលើ ខាងក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co., Ltd ហាក់បីដូចជាមិនគោរពតាមកិច្ចសន្យាក្នុងកំណត់ហេតុរបស់អាជ្ញាធរកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១និងលិខិតលេខ ៣៨៥ ស.ជ.ណ ប.ស្ថ របស់ក្រសួងបរិស្ថានហើយមើលទៅ និងនៅតែបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនស្អុយចូលក្នុងប្រឡាយលេខ៦១ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹងជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន១២ឃុំ ស្ថិតនៅស្រុកកណ្តាលស្ទឹង ទើបនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៤ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងតំណាងក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងអ្នកពាក់ព័ន្ធចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយលេខ៦១ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង របស់ក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co., Ltd ដែលមានទីតាំងស្ថិតនៅ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានបង្ក និងប៉ះពាល់ដែលការរស់នៅរបស់ប្រជាពលរដ្ឋចំនួន១២ឃុំ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងលោកអភិបាលខេត្តបានស្នើដល់ក្រុមហ៊ុនខាងលើត្រូវបញ្ឈប់សកម្មភាព ខាងលើនេះបជាបន្ទាន់ពីព្រោះវាជាផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ប៉ះពាល់បរិស្ថាន និងអនាម័យ។
ទាក់ទិនករណីការបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនស្អុយចូលក្នុងប្រឡាយលេខ៦១ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹងរបស់ក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co., Ltd លោក គួច ចំរើន បានព្រមានថា «នឹងចាត់វិធានការតាមផ្លូវច្បាប់ បើក្រុមហ៊ុនខាងលើ នៅតែបន្តសកម្មភាពបែបនេះបន្តទៀត»៕