នៅទីបំផុត, តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែងសម្រេចធ្វើការចោទប្រកាន់អធិការរងស្រុកបាភ្នំម្នាក់ជាផ្លូវការហើយ
ព្រៃវែង៖ នៅទីបំផុត, តំណាងអយ្យការ អមសាលាដំបូងខេត្តព្រៃវែងបានសម្រេចធ្វើការចោទប្រកាន់លោក ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំជាផ្លូវការហើយពីបទ «ហិង្សាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយខុសច្បាប់»។
នេះបើយោងតាមការបញ្ជាក់ពីលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តព្រៃវែងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
លោក ចាន់ វណ្ណះ បានបន្តថា ក្នុងសំណុំរឿងមួយនេះ លោកបានចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួររួចហើយ។ បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្នុងនីតិវិធីរបស់ចៅក្រមស៊ើបសួរអាចថា រសៀលថ្ងៃដដែល នេះ ចៅក្រមនិងចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ន។
គួរជម្រាបថា កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនត្រូវចោទ ស៊ាន ប៊ុនណាល់ មកកាន់អយ្យការអមសាលាដំបូងខេត្តព្រៃវែងម្ដងរួចហើយប៉ុន្តែដោយសួរនាំធ្វើនីតិវិធីមិនទាន់ តំណាងអយ្យការក៏សម្រេចឱ្យសមត្ថកិច្ច នាំខ្លួនជនត្រូវចោទទៅស្នងការវិញ។លុះព្រឹកទី២០ ខែមេសា ឆ្នាំ២០២៣ ទើបបញ្ជូនខ្លួនជនត្រូវចោទ ស៊ាន ប៊ុនណាល់ មកតុលាការម្ដងទៀត ហើយលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងបានចោទប្រកាន់ បញ្ជូនទៅចៅក្រមស៊ើបសួរ។
គួរជម្រាបជូនទៀតថា ជនត្រូវចោទឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ឆ្នាំ មានតួនាទីជាអធិការរងស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ រីឯជនរងគ្រោះឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។
ទាក់ទិនករណីខាងលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យស្នងការនគរបាលខេត្តព្រៃវែង អនុវត្តគោលការ៣ចំណុចដូចខាងក្រោម៖
១-ឃាត់ឲ្យជនសង្ស័យនៅស្នងការដ្ឋាននគរបាលខេត្ត ផ្អាកការងារ។
ទី២-បញ្ជូនឯកសារទាំងស្រុងទៅតុលាការវិនិច្ឆ័យតាមច្បាប់។
ទី៣-អោយស្នងការសួរសុខទុក្ខ និងសុំទោសដល់គ្រួសារព្រមទាំងដោះស្រាយជាគោលនយោបាយ សម្រាប់ព្យាបាល។
គួរជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ថ្ងៃចូលឆ្នាំទី២ មានសមត្ថកិច្ចប៉ូលិសស្រុកបាភ្នំចំនួន៤នាក់ ដឹកនាំដោយឈ្មោះ ស៊ាន ប៊ុនណាល់ បានចុះបង្ក្រាបល្បែងមាន់ជល់នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ក៏កើតមានករណីផ្ទុះអាវុធបណ្ដាលឱ្យជនរងគ្រោះរបួសធ្ងន់តែម្ដងទៅ។
បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់បានអះអាងថា នៅមុនកើតហេតុ មានពលរដ្ឋ លួចលេងល្បែងមាន់ជល់ ខណៈនោះស្រាប់តែ លេចមុខសមត្ថកិច្ចប៉ូលិសចំនួន៤នាក់ស្លៀកពាក់ស៊ីវិលចុះមកដល់ បណ្ដាលឱ្យអ្នកលេងជល់មាន់ រត់ចែកជើងគ្នា។ គ្រានោះស្រាប់តែឈ្មោះ ស៊ាន ប៊ុនណាល់ ដកកាំភ្លើងខ្លីពីចង្កេះ បាញ់ ១គ្រាប់ បណ្ដាលឱ្យត្រូវពីក្រោយនៃចង្កេះជនរងគ្រោះដែលកំពុងអង្គុយលើម៉ូតូ មើលគេលេងមាន់ជល់ ជាហេតុនាំឱ្យជនរងគ្រោះ ដួលដេកស្ដូកទៅនឹងដីរបួសធ្ងន់ ហើយពលរដ្ឋបាននាំគ្នាចាប់ជនដៃដល់ រួមនិងប៉ូលិស៣នាក់។ ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្កែកស្រុកបាភ្នំ តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅ «មន្ទីរពេទ្យជោរៃភ្នំពេញ» ហើយគ្រូពេទ្យនៅទីនោះ បានព្យាយាមវះកាត់ ដើម្បីយកក្បាលគ្រាប់ចេញ ប៉ុន្តែការវះកាត់នោះ មិនអាចយកក្បាលគ្រាប់ចេញពីថ្លើមបានឡើយ។ លុះដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមគ្រួសារបានសម្រេច បញ្ជូនជនរងគ្រោះ ទៅប្រទេសវៀតណាមបន្តទៀត។
បើតាមប្រភពពីសាច់ញាតិជនរងគ្រោះថា គ្រូពេទ្យនៅប្រទេសវៀតណាម មិនអាចវះកាត់យកក្បាលគ្រាប់ ចេញពីថ្លើមរបស់ជនរងគ្រោះបានទេ ខណៈគ្រូពេទ្យ កំពុងធ្វើការវះកាត់ ទៅលើឆ្អឹងរបស់ជនរងគ្រោះ។ ប្រភពបង្ហើបថា ជនរងគ្រោះប្រឈមនិងពិការភាពមួយជីវិត ហើយក្បាលគ្រាប់ត្រូវនៅក្នុងថ្លើមរហូត។
បើតាមលោក មុំ សារុំ អធិការស្រុកបាភ្នំ បានថ្លែងប្រាប់អ្នកកាសែតថា ករណីនេះលោកអធិការរងមិនមានចេតនាបាញ់នោះទេ គឺនៅពេលនោះ ដៃម្ខាងកាន់កាំភ្លើង ដៃម្ខាងទៀត កាន់កែបម៉ូតូ លុះម៉ូតូរងគ្រោះទៅមុខ បណ្ដាលឱ្យផ្ទុះអាវុធ ត្រូវជនរងគ្រោះតែម្ដង ព្រោះគ្រាប់មានក្នុងកាំភ្លើងស្រាប់៕