ឈ្មោះ ហុក វិចិត្រ និងឈ្មោះ យក់ ដាណែត ពិតជាបានធ្វើសកម្មភាពផិត និងបានទំនាក់ទំនងគ្នាជាសង្សារច្រើនឆ្នាំមកហើយ ទើបប៉ូលិសជំនាញខេត្តបន្ទាយមានជ័យចាប់ខាងប្រុស
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលជំនាញខេត្តបន្ទាយមានជ័យនៅអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីបានទទួលបណ្តឹងពីឈ្មោះ អ៊ុយ ច័ន្ទនិមល ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ លេខទូរស័ព្ទ០១៧ ៩៧៧ ៧៨៣ ថា នៅវេលាម៉ោង០២៖៥១នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារអូរមាស បន្ទប់លេខ៧០៨ ជាន់ទី០៧ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខ្លួនបានតាមទាន់ប្តីខ្លួន ឈ្មោះ ហុក វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បានលួចផិត លួចមានស្រី ក្បត់ប្រពន្ធកូន។ ដោយខ្លួន និងឈ្មោះ ហុក វិចិត្រ បានចុះសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ តាំងពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៩ កន្លែងចុះបញ្ជីអាពាហ៍ពិពាហ៍នៅសាលាសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅឆ្នាំ២០២២ ដើមខែមករា ឈ្មោះ ហុក វិចិត្រ បានចុះចេញពីផ្ទះបង្កជម្លោះ ដោយគ្មានមូលហេតុ ហើយបានរៀបគំរោងដណ្តើមទ្រព្យសម្បត្តិ និងបំផ្លាញលុយកាក់ក្នុងផ្ទះ ហើយក៏ទៅរស់នៅជាមួយស្រីកំណាន់ឈ្មោះ យក់ ដាណែត ដោយលួចលាក់ និងរស់នៅចល័តទីតាំងពីកន្លែងមួយទៅកន្លែងមួយ។ ខ្លួនសង្ស័យ ថាឈ្មោះអ្នកទាំងពីរនាក់ មានកូនជាមួយគ្នាទៀតផង។
ប្រភពពីមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងខាងលើ កម្លាំងជំនាញនៅវេលាម៉ោង០២៖៥១នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក៏បានចុះទៅដល់ចំណុចសណ្ឋាគារអូរមាស បន្ទប់លេខ៧០៨ ជាន់ទី០៧ ស្ថិតនៅ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានគោះទ្វារ ហើយបានប្រទះឃើញមនុស្សប្រុសស្រី ចំនួន២នាក់ កំពុងនៅជាមួយគ្នា មាន៖
១-ឈ្មោះ ហុក វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរពាណិជ្ជករ ស្នាក់នៅផ្លូវលេខ១ ផ្ទះលេខ២៩ បូរីពិភពថ្មី កាកកាបាទក្រហម ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ យក់ ដាណែត ភេទស្រី អាយុ៣២ឆ្នាំ មុខរបរវេជ្ជបណ្ឌិត ស្នាក់នៅផ្ទះលេខAB20 ភូមិទួលថ្ងាន់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ។
ប្រភពពីមន្ត្រីជំនាញខេត្តបន្ទាយមានជ័យបានឲ្យ The Mirror News ដឹងទៀតថា បន្ទាប់ពីធ្វើការសាកសួរឈ្មោះ ហុក វិចិត្រ និងឈ្មោះ យក់ ដាណែត, អ្នកទាំងពីរបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពផិត និងបានទំនាក់ទំនងជាសង្សារនិងគ្នាជាច្រើនឆ្នាំមកហើយ។
ប្រភពពីមន្ត្រីជំនាញបានបញ្ជាក់ថា កម្លាំងជំនាញបានស្នើសុំឃាត់ខ្លួនជនសង្ស័យឈ្មោះ ហុក វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។
គួរជម្រាបជូនថា បើយោងតាម «ច្បាប់ស្ដីពីឯកពន្ធភាព៖ អំពើផិតក្បត់»
និយមន័យអំពើជិត៖ មាត្រា ៧នៃច្បាប់ស្តីពីឯកពន្ធភាពចែងថា ត្រូវចាត់ទុកថា ជិត គឺការរួមសេវនកិច្ចរវាងបុរស ឬស្ត្រី ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្ត្រី ឬបុរស ដទៃក្រៅពីប្តី ប្រពន្ធរបស់ខ្លួន។
ធាតុសំខាន់នៃ «បទផិត»៖
*ប្តី ប្រពន្ឋដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះ មុខមន្ត្រីអត្រានុកូលដ្ឋាន (អេតាស៊ីវិល)
*មិនទាន់មានការសម្រេចស្ថាពររបស់តុលាការពីការ លែងលះ ឬប្តីប្រពន្ឋណាម្ខាងមិនទាន់ស្លាប់
*រួមសវនកិច្ចជាមួយអ្នកដទៃក្រៅពីប្តីឬប្រពន្ធរបស់ខ្លួន
*សហព័ទ្ធណាម្ខាងដាក់ពាក្យបណ្តឹងស្នើសុំឱ្យ ចោទប្រកាន់
ទោសប្បញ្ញត្តិ៖ មាត្រា១០ នៃច្បាប់ឯកព័ន្ឋភាពកំណត់ថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ដល់ ១ (មួយ)ឆ្នាំ និង ផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០(ពីររយពាន់)រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬផ្តន្ទាទោស ណាមួយនៃទោសទាំងពីរ៕