ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានផ្ដល់មេរៀនដល់ម្ចាស់កង់បីបើកបុកគូទរថយន្តលោកដោយតម្រូវឲ្យសងសំណង១ថ្ងៃ ១ដុល្លារ រយៈពេល២០០ថ្ងៃ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាពិធីករជើងចាស់ពោរពេញដោយបទពិសោធន៍និងចំណេះដឹងខ្ពង់ខ្ពស់ ជាពិសេសក្នុងកម្មវិធីនាទីវប្បធម៌ខ្មែរ វិទ្យុបាយ័ន ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានម្ចាស់កង់បីបើកបុកគូទរថយន្តរបស់លោកបណ្ដាលឲ្យខួចខាតយ៉ាងដំណំនិងជាប់ស្ទើរដោះមិនចេញរយះពេលជាងមួយម៉ោង ខណៈលោកទើបតែបានចេញពីកន្លែងធ្វើការដោយមានការចូលរួមធ្វើដំណើរពីឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានផងដែរ។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។

ក្នុងហេតុការណ៍នោះ ក៏គេបានសង្កេតឃើញថា មានក្រុមអ្នករត់ម៉ូតូកង់បីជាច្រើននាក់ទៀតបានមកចោមរោមក្នុងហេតុការណ៍ខាងលើ ដោយខ្លះបានប្រើប្រាស់ពាក្យសំដីមិនសមរម្យទៅលើរូបលោកដែលជាថ្នាក់ដឹកនាំនៅក្នុងក្រសួងព័ត៌មានមានឋានៈជារដ្ឋលេខាធិការក្រសួងព័ត៌មាន ហើយខ្លះទៀតបានចេញមកហាមឃាត់រូបលោកមិនឲ្យថតសកម្មភាពទុកជាភស្តុតាង សូម្បីតែលោកជាជនរងគ្រោះ។

ជាមួយគ្នានោះ នៅលើ Facebook ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា ករណីកង់បីបុកគូទឡានលោកកាលពីយប់មិញនេះ លោកសំនូមពរដល់បងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកសូមជួយផ្តល់ជាយោបល់ ឲ្យគាត់រួចខ្លួនដោយលើកម្រាមដៃ១០ ឬត្រូវទទួលខុសត្រូវកម្រិតណាមួយ?

ឯកឧត្តមបន្តថា បើតាមលោក ក្តីអាណិតពិតជាមាន ក៏ប៉ុន្តែ បើយើងនៅតែលើកលែងនោះបញ្ហានឹងចេះតែកើតឡើង ។ដូច្នេះលោកសម្រេចថា ត្រូវឲ្យម្ចាស់កង់បីទទួលខុសត្រូវក្នុងកម្រិតណាមួយ។

បើតាមរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះបានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះថា លោកសម្រេចចិត្តថា ត្រូវឲ្យម្ចាស់កង់បី ទទួលខុសត្រូវក្នុងកម្រិតណាមួយ ដូច្នេះលោកសម្រេចចិត្តឲ្យអ្នកបង្ក សងសំណងចំនួន២០០ដុល្លារ ដោយត្រូវសងរំលោះ១ថ្ងៃ ចំនួន១ដុល្លារ រយៈពេល២០០ថ្ងៃ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ទៀតថា ការធ្វើបែបនេះ លោកចង់ឲ្យម្ចាស់កង់បីចងចាំក្នុងជីវិតរបស់គាត់។

គួរជម្រាបជូនថា កន្លងមកធ្លាប់មានមហាជនរិះគន់យ៉ាងខ្លាំងលើករណីក្រុមអ្នករត់ម៉ូតូកង់បីដែលតែងតែបើកបរគ្មានរបៀបរៀបរយ បើកបររញ៉េរញ៉ៃ បើកបររំលោភច្បាប់ចរាចរណ៍ បំពានគន្លងផ្លូវ បំពានគំនូសផ្លូវ វ៉ាជែងមិនស្គាល់ទិសតំបន់ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ និងបានបើកកៀររថយន្តសេរីទំនើបៗ ហើយតែងលើកដៃសំពះ សុំការអធ្យាស្រ័យដោយលើកពីហេតុផលក្រ ទីទាល់ ខ្វះខាត អញ្ចេះអញ្ចុះមិនចេះអស់មិនចេះហើយ ប៉ុន្តែរាល់ពេលបើកបរគឺមិនគោរពច្បាប់ចរាចរណ៍ មិនគោរពសិទ្ធិបើកបររបស់អ្នកដទៃ ឲ្យតែមានចន្លោះប្រហោងត្បុលចូលមិនខ្វាយខ្វល់ពីការកកស្ទះចរាចរណ៍ផ្លូវគោកឡើយ៕

អត្ថបទដែលជាប់ទាក់ទង