លៀសខុសច្បាប់ជាង៥០តោនរបស់ឈ្មួញ សន វ៉ាន់នី នៅស្រុកក្រគរ ដឹកជញ្ជូនទៅប្រទេសវៀតណាមបានជោគជ័យ ខណៈគ្មានមន្ត្រីជំនាញបង្ក្រាប
(ពោធិ៍សាត់)៖ សេចក្ដីរាយការណ៍នៅវេលាយប់ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ លៀសខុសច្បាប់ (ល្អិតៗ) យ៉ាងតិចទម្ងន់ជាង៥០តោន បានកំពុងដឹកជញ្ជូនតាមរយៈរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ រួចឆ្ពោះទៅប្រទេសវៀតណាម។ រហូតមកដល់ព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤នេះ រថយន្តដឹកលៀស១គ្រឿងក្នុងចំណោម២គ្រឿងបានចាកចេញពីខេត្តពោធិ៍សាត់ដោយសុវត្ថិភាព រីឯរថយន្ត១គ្រឿងទៀត កំពុងបើកគេចចុះគេចឡើង,និងសម្របសម្រួលពីភ្នែកសមត្ថកិច្ច។
ប្រភពបានខ្សិបថា ម្ចាស់លៀសខុសច្បាប់នោះគឺជាស្ត្រីដ៏មានឥទ្ធិពលនៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ឈ្មោះ សន វ៉ាន់នី ។ លោកស្រី សន វ៉ាន់នី ជាអ្នករកស៊ីដឹកជញ្ជូននាំលៀសទៅប្រទេសវៀតណាម ជាយូរឆ្នាំមក ហើយ គ្មានសមត្ថកិច្ចណាបង្ក្រាបបាននោះឡើយ។ ការ ដែលគាត់អាចរកស៊ីដឹកជញ្ជូនលៀស ឆ្លងប្រទេសបានទាំងបំពានច្បាប់ដូច្នេះព្រោះតែមានការសម្របសម្រួលពីសមត្ថកិច្ចជំនាញរដ្ឋបាលជលផលលោក យូរ សុវិចិត្រ ប្រចាំនៅស្រុកក្រគរនោះតែម្ដង។ ជាក់ស្ដែងកាលពីវេលាទៀបភ្លឺឆ្លងចូលថ្ងៃទី១៦ ខែធ្នូនេះ ហាក់ដូចជាមានការរំជើបរំជួលខ្លាំងអំពីករណីនាំលៀសរបស់លោកស្រី សន វ៉ាន់នី ព្រោះតែសមត្ថកិច្ចដែលទទួលបានលាបសក្ការៈឲ្យចេញ,តែអ្នកដែលមិនបានស៊ីចុកព្យាយាមតាមចាប់។
ប្រភពព័ត៌មានឲ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនលៀសខុសច្បាប់ខាងលើ ធ្វើឡើងនៅចំណុចមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយជញ្ជូនតាមរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ ទើបចេញ ដំណើរតាមច្រកព្រំដែនជ្រៃធំ ខេត្តណ្ដាល ឆ្ពោះទៅប្រទេសវៀតណាម។ រហូតដល់វេលាជិតភ្លឺរថយន្តដឹកលៀសបានចេញដំណើរបន្ទាប់ពីមានការសម្របសម្រួលជាមួយសមត្ថកិច្ចជាច្រើនផ្នែក។ យ៉ាងណាក៏ដោយ ក្នុងចំណោមរថយន្តដឹកលៀសទាំង២គ្រឿងនេះ មានតែ១គ្រឿងប៉ុណ្ណោះ ដែលបានធ្វើដំណើរចាកចេញដោយសុវត្ថិភាព រីឯ១គ្រឿងទៀតត្រូវគេប្រាប់ថាមិនទាន់បានចាកចេញនៅឡើយទេ។
លោក យូរ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរបានប្រាប់អ្នកកាសែតទៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះថា លោកមិនបានដឹងអំពីករណីនេះទេ ពីព្រោះលោកមិននៅក្នុងមូលដ្ឋាននៃខេត្តពោធិ៍សាត់នោះឡើយ ដោយជាប់រវល់មកថែជំងឺម្ដាយនៅភ្នំពេញ។ ទោះយ៉ាងណា ក៏ដោយនៅក្នុងមូលដ្ឋានខាងលើនោះ មានសមត្ថកិច្ចជំនាញច្រើនផ្សេងទៀត ក៏ដូចជាអាជ្ញាធរថ្នាក់ជាតិប្រចាំការនៅទីនោះដែរ។ ដូច្នេះវាមិនមែនស្ថិតនៅលើកការទទួលខុសត្រូវរបស់លោកតែម្នាក់នោះឡើយ។
ប្រភពបញ្ជាក់ថា លៀសខុសច្បាប់កំពុងធ្វើសកម្មភាពដឹកជញ្ជូនចេញក្រៅប្រទេស ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមដាច់ខាតមិនឲ្យពលរដ្ឋនេសាទនោះទេ ជាពិសេសការដឹកជញ្ជូននាំចេញទៅប្រទេសជិតខាង ផ្ទុយទៅវិញាឈ្មួញនៅតែប្រព្រឹត្តិបានយ៉ាងរលូនផ្គើននឹងច្បាប់ នេះក៏ដោយសារតែមន្រ្តីជំនាញបើកដៃដែលមានលោក យូរ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរ។
ករណីខាងលើនេះ សូមថ្នាក់ដឹកនាំក្រសួងពិនិត្យមន្រ្តីថ្នាក់មូលដ្ឋានឲ្យបានស៊ីជម្រៅផង ម្យ៉ាងទៀតឈ្មួញលៀស និងមន្ត្រីជំនាញគេសង្កេតឃើញមានភាពស្និតស្នាលគ្នាផងដែរ ពិសេសជាងនេះ សមត្ថកិច្ចតាមដងផ្លូវពិនិត្យមើលរថយន្ត ក្បាលពណ៌ស ទ្រុងពណ៌ខៀវលាយស ពាក់ស្លាកលេខ 3J 4201 អាចនឹងសាងឡើងបន្ត៕