ប៉ូលិសខេត្តកណ្ដាលចាប់អ្នកកាសែត២នាក់ ពាក់ព័ន្ធករណីកំហែងយកលុយ និងការក្លែងបន្លំប្រើប្រាស់លិខិតក្លែងនៅចំណុចភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន

(កណ្ដាល)៖ ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វើការស្រាវជ្រាវបង្ក្រាបករណី កំហែងយក (ប្រាក់) និងការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ សូរ សំបូរ ភេទប្រុស អា..យុ..៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន (ចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។  និង២.ឈ្មោះ នឿប ប៊ុន ភេទប្រុស អា..យុ…៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិពន្ធនាយក (កាសែតអេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងរួមមាន៖ ១.ទូរសព្ទចំនួន០៣គ្រឿង (១.ម៉ាក OPPO ពណ៌ខ្មៅ, ២.ម៉ាក OPPO ពណ៌ខៀវលាយខ្មៅ, ៣.ម៉ាក Samsung ពណ៌ខ្មៅ) ២.បណ្ណអ្នកសារព័ត៌មាន ចំនួន០២សន្លឹក ។

តាមការសាកសួរ ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា៖ តាមចម្លើយសារភាពរបស់ឈ្មោះ នឿប ប៊ុន បាននិយាយថា ខ្លួនមានតួនាទីជានិពន្ធនាយកគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) និងមានបណ្ណសារព័ត៌មាន អត្តលេខ ០០៩៥៦ ចេញដោយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានឆ្នាំ២០២៤ ចំណែកឯគេហទំព័ររស្មីខេត្តកណ្តាលធីវីញ៉ូដែលខ្លួនគ្រប់គ្រង និងធ្វើនាមបណ្ណដាក់ឈ្មោះខ្លួនឯងជាចាងហ្វាងសម្រាប់ចែកឲ្យអ្នកសារព័ត៌មានផ្សេងទៀតនោះ គឺមិនមានអាជ្ញាបណ្ណពីក្រសួងព័ត៌មាននោះទេ។

តាមចម្លើយសារភាពរបស់ឈ្មោះ សូរ សំបូរ ថា ខ្លួនមានតួនាទីជាចាងហ្វាយគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ហើយឈ្មោះ នឿប ប៊ុន ត្រូវជាប្អូនថ្លៃ មានតួនាទីជានិពន្ធនាយក ។ នៅថ្ងៃទី១៣,១៤ខែធ្នូ ឆ្នាំ២០២៤ ខ្លួនបានបង្ហោះនៅលើគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ខុសពីការពិតគ្មានប្រភពនិងមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់ កិតត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូ ថ្នាក់ដឹងនាំនិងអាជ្ញាធរមានសមត្ថកិច្ចមែន។ និងបានប្រើសារតាមតេឡេក្រាមជាអក្សរនិងសម្លេងគំរាមកំហែងទារប្រាក់ពីគណនីតេឡេក្រាម Veasna ហើយសូមទទួលស្គាល់ទៀតថានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០០$ ចូលក្នុងគណនី ABA របស់ខ្លួន ជាថ្នូរនិងការមិនចុះផ្សាយនិងលុបព័ត៌មានដែលបានបង្ហោះកាលពីថ្ងៃទី១៣ ១៤ ខែធ្នូ ឆ្នាំ២០២៤នោះមែន។

ករណីនេះកម្លាំងជំនាញកំពុងប្រមូលផ្តុំឯកសារ កសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង