លោក សួន សុម៉ាលីន៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង មានគោលបំណង បង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ
(ព្រៃវែង)៖ លោក សួន សុម៉ាលីន បានបញ្ជាក់ថា «វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង មានគោលបំណង បង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ»។
ការបញ្ជាក់លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងសម្រាប់ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំបី និងអាជ្ញាធរស្រុក ឃុំ គ្រប់លំដាប់ថ្នាក់។
លោកចៅហ្វាយខេត្តបន្តថា គោលបំណងនោះ រួមមាន៖ ១៖ ការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាននិង បញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៤។ ២៖ ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានា នៃផែនការអភិវឌ្ឍរបស់រដ្ឋបាល ខេត្តសម្រាប់ឆ្នាំ២០២៥។ ៣៖ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបានព័ត៌មាន និងលើកមតិយោបល់ជូនក្រុមប្រឹក្សា។ ៤៖ ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។
នៅក្នុងនោះ ជាលទ្ធផលរំពឹងទុកនោះមាន៖ ១៖ ប្រជាពលរដ្ឋទទួលបានព័ត៌មានទាំងឡាយដែលក្រុមប្រឹក្សាសម្រេចបាន ក្នុងឆ្នាំកន្លងមក។ ២៖ ប្រជាពលរដ្ឋបានបញ្ចេញមតិ និងយល់ដឹងអំពីសកម្មភាពអភិវឌ្ឍរបស់រដ្ឋបាលខេត្តនាឆ្នាំបន្ទាប់។ ៣៖ ប្រជាពលរដ្ឋទទួលបាននូវការឆ្លើយតបសកម្មភាពជាអាទិភាព និងការផ្តល់សេវាសង្គម ប្រកបដោយសមធម៌។៤៖ ព័ត៌មានអំពីសេចក្តីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សា ត្រូវបានផ្សព្វផ្សាយទូលំទូលាយក្នុ ដែនសមត្ថកិច្ចរបស់ខ្លួន។
នៅក្នុងវេទិកាខាងលើនេះ ក្រុមប្រឹក្សាឃុំបានពាំនាំនូវសំណូមពរ និងបញ្ហាប្រឈម ដែលជាកង្វល់របស់ប្រជាពលរដ្ឋលើកឡើងនៅក្នុងអង្គវេទិកាមានចំនួន១៥ សំនួរ ដោយដោះស្រាយនៅនឹងកន្លែងបានចំនួន១៣ និងបន្តរជម្រុញដោះស្រាយនៅបញ្ហា សំណូមពរ ដែលនៅសេះសល់មួយចំនួនទៀតនៅថ្នាក់ក្រសួង។
លោកអភិបាលខេត្តបន្តថា ការធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងសម្រាប់ឆ្នាំ២០២៤នេះ បានប្រព្រឹតទៅដោយរលូន និងបានធ្វើការដោះស្រាយបញ្ហា សំណូមពរដែលបានលើកឡើងនៅក្នុងអង្គវេទិកានេះ បានមួយចំនួន និងបន្តដោះស្រាយបញ្ហាមួយចំនួនទៀត។ ដើម្បីធ្វើយ៉ាងណារកនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិនិត្យ ដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕