ក្មេងទំនើងឈ្មោះ ខ្លួន ខ្លា ត្រូវបានឃុំខ្លួនពាក់ព័ន្ធអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស
(សៀមរាប)៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤បានឲ្យដឹងថា សាលាដំបូងខេត្តសៀមរាបបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ ១៥៧៦ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងក្រុមក្មេងទំនើងចំនួន ១ក្រុម ឃាត់ខ្លួនបានជនត្រូវចោទម្នាក់ឈ្មោះ ខ្លួន ខ្លា ភេទប្រុស អាយុ១៨ឆ្នាំ និងជនត្រូវចោទ ០៤នាក់ បានគេចខ្លួន ១.ឈ្មោះ ម៉េង ហុង ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ២.ឈ្មោះ ដុន បណ្ឌិត ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ ណាង សុវណ្ណារិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ៤.ឈ្មោះ ហេង ភេទប្រុស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
ប្រភពខាងលើបន្តថា ជនត្រូវចោទទាំង០៥នាក់ខាងលើ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយប្រើអាវុធ និងមានមនុស្សច្រើននាក់) និងបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថាន ទម្ងន់ទោស(ប្រព្រឹត្តដោយបុគ្គលច្រើនរូប) ប្រព្រឹត្តនៅចំណុច ស្ថានីយប្រេងឥន្ធនៈ ភីធីធី ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
ប្រភពបានបញ្ជាក់ថា ក្រោយពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿងចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទដែលឃាត់ខ្លួនបានឈ្មោះ ខ្លួន ខា ជាបណ្តោះអាសន្ន ដើម្បីបន្តការ ស៊ើបសួរតាម នីតិវិធីច្បាប់។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប៖