អាគារឡាក់គីក្នុងក្រុងប៉ោយប៉ែតកំពុងដំណើរការចាក់ភ្នាល់បាល់ប្រឆាំងច្បាប់គ្រប់គ្រងល្បែងសុីសងនៅកម្ពុជា លោកអធិការក្រុង ព្រហ្ម ពិសិដ្ឋ នៅមិនទាន់បង្រាប!

(បន្ទាយមានជ័យ)៖ អ្នកស្រុក អ្នកភូមិនៅក្រុងប៉ោយប៉ែតបានលើកឡើងថា មិនដឹងថា លោកអធិការក្រុងប៉ោយប៉ែត ព្រហ្ម ពិសិដ្ឋ បានជ្រាបដែរឬទេ ជុំវិញអំពីបញ្ហាទីតាំងចាក់ភ្នាល់បាល់អនឡាញ មួយកន្លែង នៅកណ្ដាលក្រុងប៉ោយប៉ែតកំពុងដំណើរការបំពានច្បាប់ស្ដីពីការគ្រប់គ្រងល្បែងសុីសងនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាអ្នកអនុវត្តច្បាប់ តើលោកអធិការរង់ចាំបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃឬយ៉ាងណា នៅពេលលោកដឹងថា វាខុសច្បាប់ហើយនោះ ឬមួយម្ចាស់ទីតាំងមានអំណាចធំជាងច្បាប់? ឬមួយដោយសារផលប្រយោជន៍បានជាលោកអធិការមិនចាត់វិធានការ?

សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ឆ្លងកាត់ក្រុងប៉ោយប៉ែតដែលមានភ្នែកភ្លឺ ពិតជាបានឃើញទីតាំងចាក់ភ្នាល់បាល់មួយកន្លែងនេះ។ នោះគឺទីតាំល្បែងសុីសងអនឡាញចាក់បាល់មួយន្លែងល្បីថា មានខ្នងបង្អែកយ៉ាងរឹងមាំនៅពីក្រោយ ហើយសមត្ថកិច្ចមិនហ៊ានប៉ះ ដែលកំពុងជ្រកក្រោមយីហោកាស៊ីណូ នៅចំណុចរង្វង់មូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។ ទីតាំងកាស៊ីណូឡាក់គី នៅកណ្តាលក្រុងប៉ោយប៉ែតដែលបើកដំណើរការជាចំហដោយមិនញញើតសមត្ថកិច្ចនោះឡើយ។ ភាពស្ងៀម ស្ងាត់របស់សមត្ថកិច្ច ចំពោះអំពើបំពានច្បាប់ប្រទេសកម្ពុជានេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ថា សមត្ថកិច្ចមានពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយទីតាំងនេះ ឬយ៉ាងណា?។

ទីតាំងបើកល្បែងភ្នាល់នេះ លេងយ៉ាងអាណាធិបតេយ្យកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរឱ្យចូលលេងល្បែងសុីសងចាក់ភ្នាល់បាល់ ដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិក្នុងគ្រួសារហើយចាក់ចាញ់អស់ បណ្ដាលឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារថែមទៀតផង។ ចំណែកសមត្ថកិច្ចមូលដ្ឋានក្រុងប៉ោយប៉ែត ក្រោមបញ្ជារបស់លោកអធិការ ព្រហ្ម ពិសិទ្ធិ មិនហ៊ានប៉ះពាល់ទីតាំងនេះទេ ដោយល្បីថា មានអ្នកធំកាងនៅពីក្រោយទើបទីតាំងនេះបើកលេងជាចំហនិងដោយសុវត្ថិភាព។ វាហាក់ដូចជាងងើលយ៉ាងខ្លាំង ពីព្រោះបញ្ហាល្បែងចាក់ភ្នាល់បាល់នេះ គឺត្រូវបានបង្ក្រាបទាំងស្រុងនៅទូទាំងប្រទេស។

ប្រភពច្បាស់ការណ៍ ពីពលរដ្ឋបានបង្ហើបប្រាប់ឲ្យដឹងថា ទីតាំងកាស៊ីណូឡាក់គីនេះបានបើកលេងជាយូរមកហើយ ហើយក៏មានអ្នកធំជាខ្នងបង្អែកនៅពីក្រោយថែមទៀតផង ទើបមិនដែលឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅក្នុងមូលដ្ឋានណាហ៊ានចុះមកក្បែរ ។ ករណីកាស៊ីណូឡាក់គីនេះធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមយ៉ាងខ្លាំងជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងប៉ោយប៉ែត ដែលមិនព្រមចាត់វិធានការចំពោះទីតាំងចាក់ភ្នាល់ល់បាល់មួយកន្លែងនេះ។ រឿងងាយស្រួលយល់ទេ, ប្រសិនបើគ្មានការឃុបឃិតជាមួយសមត្ថកិច្ចទេនោះ ទីតាំងល្បែង ស៊ីសងចាក់ភ្នាល់បាល់ នៅកណ្ដាលក្រុងប៉ោយប៉ែតបើកជ្រងោលមួយនេះ មិនអាចដំណើរការបានដោយសេរីដូចសព្វថ្ងៃនេះបានឡើយ។

ប្រភពបានបានឱ្យដឹងថា ចាប់ពីម៉ោង ៦ល្ងាចជារៀង រាល់ថ្ងៃ មានពលរដ្ឋខ្មែរ ចេញ-ចូលមកចាក់ភ្នាល់យ៉ាងច្រឿនកុះករ។ គ្រាន់តែម៉ូតូអ្នកចូលទៅចាក់បាល់នៅមុខអាគារទីតាំងខាងលើនេះក៏អាចស្ទះចរាចរណ៍បានដែរ។ប៉ុន្តែគេមិនឃើញមានចំណាត់ការពីអាជ្ញាធរ ឬអធិការនគរបាលក្រុងប៉ោយប៉ែតនោះឡើយ។ បើអាជ្ញាធរឆ្លើយថា មិនដឹង ឬមិនឃើញនោះគឺពិតជាមិនត្រឹមត្រូវទេ។ ពីព្រោះប្រជាពលរដ្ឋដែលមានភ្នែកភ្លឺអាចមើលឃើញដោយភ្នែកទទេ តាមរយៈម៉ូតូ,រថយន្តរាប់រយគ្រឿងដាក់ចតនៅមុខអាគារឡាក់គីនោះ។

ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតសង្ឃឹមថា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់មន្ត្រីជំនាញចុះបង្ក្រាបម្ចាស់ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ពីព្រោះល្បីថា មន្ត្រីនៅក្រុងប៉ោយប៉ែតមិនហ៊ានប៉ះពាល់ទីតាំងចាក់បាល់នោះទេ ដោយយោងអនុសាសន៍ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ខេត្ត-ក្រុង ត្រូវតែបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង