លោកផ្កាយ២ យ៉ុង សំអុល ប្រើអំណាចឥទ្ធិពលយកឈ្មោះថ្នាក់ដឹកនាំគំរាមបិទផ្លូវសាធារណៈ និងគំរាមយកគ្រឿងចក្រកាយផ្ដាច់ផ្លូវរដ្ឋនៅក្នុងឃុំរការ ស្រុកកណ្ដាលស្ទឹង បើម្ចាស់រណ្ដៅដីមិនព្រមទៅជួបចរចារបង់លុយឲ្យខ្លួន
(កណ្ដាល)៖ ផ្លូវដីសាធារណៈ១ខ្សែនៅក្នុងឃុំរការ ស្រុកកណ្ដាលស្តឹង ខេត្តកណ្ដាល ដែលបានតភ្ជាប់ទៅភូមិត្រពាំងចំបក់ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺត្រូវបានមន្ត្រីពាក់ផ្កាយ២ម្នាក់អាងមានអំណាច មានឥទ្ធិពលដោយបាននៅក្បែរខ្លួនថ្នាក់ដឹកនាំជាមេអង្គរក្សក្នុងបន្ទាយគំរាមយកគ្រឿងចក្រកាយផ្ដាច់ចោល បើក្នុងករណីម្ចាស់អាជីវកម្មអាចម៍ដីមិនព្រមទៅជួបចរចារបង់លុយឲ្យខ្លួន។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
បើតាមប្រភពបានខ្សឹបឲ្យដឹងថា នៅថ្ងៃទី២៣ ធ្នូនេះ គេបានឃើញលោកឧត្តមសេនីយ៍ទោ យ៉ុង សំអុល បានទៅដល់កន្លែងធ្វើអាជីវកម្មអាចម៍ដីឯកជនមួយស្ថិតក្នុងភូមិត្រពាំងចំបក់ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយបានប្រើពាក្យសម្ដីគំរាមកំហែងដោយបានប្រាប់បុគ្គលិករបស់ម្ចាស់អាជីវកម្មអាចម៍ដីខាងលើថា ថ្ងៃនេះបើម្ចាស់អាជីវកម្មអាចម៍ដីនេះមិនព្រមទៅជួបចរចារជាមួយលោកទេ លោកនឹងយកគ្រឿងចក្រមកឈូសផ្ដាច់ផ្លូវចោលមិនឲ្យដឹកលើផ្លូវនេះទៀតទេ។
បើតាមប្រភពមួយទៀតថា លោកមិនទៅជួបទេ ព្រោះកន្លងមកបុគ្គលនេះ អាងខ្លួនមានអំណាចដើរធ្វើបាបគេ គាប់សង្កត់គេឲ្យបង់លុយឲ្យខ្លួន ទើបអនុញ្ញាតឲ្យគេអាចបើកឡានដឹកអាចម៍ដីចេញពីការដ្ឋានបាន ខណៈផ្លូវនេះ គឺជាផ្លូវសាធារណៈ ផ្លូវរដ្ឋ ហេតុអ្វីលោកត្រូវទៅជួបហើយចរចារបង់លុយបុគ្គលឈ្មោះ យ៉ុង សំអុល នេះ ទោះបីកន្លងមកបុគ្គលនេះអាងខ្លួនមានអំណាចធ្លាប់គាប់ឲ្យគេបង់លុយឲ្យខ្លួនចំនួន៣០០០ដុល្លារជាថ្នូរនឹងការអនុញ្ញាតឲ្យបើកបរកាត់លើផ្លូវខាងលើនេះក៏ដោយ ចំពោះលោកគឺលោកមិនបានរកសុីមុខរបរខុសច្បាប់នោះ លោកមានច្បាប់ធ្វើអាជីវកម្មត្រឹមត្រូវ បង់ពន្ធជូនរដ្ឋត្រឹមត្រូវ រឿងអ្វីឲ្យលោកទៅជួបបុគ្គលឈ្មោះខាងលើនេះ។
ប្រភពបានបន្តថា លោកផ្កាយ២ យ៉ុង សំអុល អាងខ្លួនមានអំណាចប្រើពាក្យសម្ដីជេរប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាជ្ញាធរភូមិឃុំស្រុក ហើយមកដើរកាងរណ្ដៅដីឲ្យគេនៅក្នុងស្រុកកណ្ដាលស្ទឹងហាក់បីដូចខ្លួនជាស្ដេចក្រាញ់នៅក្នុងស្រុកកណ្ដាលស្ទឹងអញ្ចឹង ព្រោះអាជ្ញាធរមួលដ្ឋានរួមទាំងម្ចាស់អាជីវកម្មរណ្ដៅដី គ្រាន់តែលឺឈ្មោះ ឧត្ដមសេនីយ៍ យ៉ុង សំអុល ភ័យខ្លាចញ័រសឹងគ្រប់គ្នា ដែលនេះគឺផ្ទុយស្រឡះពីប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រីនិងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា «មន្ត្រីរាជការគឺជាខ្ញុំបម្រើរាស្ត្រដ៏ស្មោះត្រង់» ប៉ុន្តែបែរជាលោកឧត្ដមសេនីយ៍ទោ យ៉ុង សំអុល បានប្រើប្រាស់ពាក្យសម្ដី ជេរប្រមាថ គំរាមកំហែង គាប់សង្កត់ទៅលើអាជ្ញាធរមិនអស់ចិត្ត គាប់សង្កត់ទៅក្រុមម្ចាស់ការដ្ឋានរណ្ដៅដីដែលជាអ្នកខិតខំប្រឹងរកសុីបង់ពន្ធជូនរដ្ឋ។
បើតាមប្រភពច្បាស់ការណ៍ពីម្ចាស់អាជីវកម្មអាចម៌ដីមួយកន្លែងបានឲ្យដឹងថា លោកក៏បានចូលរួមចំណែកកសាងផ្លូវនោះអស់ថវិកា ២ពាន់ដុល្លា ជាមួយលោកផ្កាយ២ យ៉ុង សំអុល ផងដែរ។
ប្រភពបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ទោ យ៉ុង សំអុល បានបើករថយន្តទៅដល់ការដ្ឋានកាយដីខាងលើនេះហើយប្រាប់ទៅមេការក្រុមហ៊ុនកាយដីនោះថា ឲ្យប្រញាប់ទាក់ទងទៅខាងលោកឧត្តមសេនីយ៍ជាបន្ទាន់។ ប្រសិនបើមិនមានការជួបចរចាយ៉ាងណាទេនោះ ខាងលោកឧត្តមសេនីយ៍ទោនឹងចាត់វិធានការកាត់ផ្ដាច់ផ្លូវនៅថ្ងៃ ស្អែក(២៤)នេះហើយ។ វិធានការយ៉ាងណាទៀតនោះគឺត្រូវជួបពិភាក្សាគ្នា។ យ៉ាងណាក៏ដោយ ខាងក្រុមហ៊ុនមិនទាន់សម្រេចថាតើត្រូវធ្វើយ៉ាងណានៅឡើយទេ។
ប្រភពបានរាយការណ៍ថា លោកផ្កាយ២ យ៉ុង សំអុល ធ្លាប់ទទួលបានការឧបត្ថម្ភពីម្ចាស់ការដ្ឋានរណ្តៅដីស្របច្បាប់១កន្លែងនេះចំនួន២ពាន់ដុល្លាររួចម្ដងមកហើយ ដែលជាការចូលរួមចំណែកក្នុងការកសាងផ្លូវទៅក្នុងការដ្ឋានរបស់ខ្លួន។ ក្រៅពីនោះក្រុមហ៊ុនខាងលើនេះក៏បានជួសជុលផ្លូវចូលក្នុងការដ្ឋានរបស់ខ្លួនមួយចំនួនផងដែរ។ ប៉ុន្តែមិនដឹងជាយ៉ាងដូចម្ដេច បានជាថ្មីៗនេះ លោកផ្កាយ២ យ៉ុង សំអុល គំរាមថានឹងបិទផ្លូវឬកាយផ្ដាច់ផ្លូវ ប្រសិនបើមិនជួបចរចាជាមួយខាងលោកផ្កាយពីរទេនោះ។
ខាងក្រុមហ៊ុនរណ្ដៅដីនៅលើទីតាំងខាងលើនេះបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនស្របច្បាប់ដែលមានការបង់ពន្ធសួយសារអាករជូនរដ្ឋត្រឹមត្រូវ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនការដ្ឋានរណ្តៅដី ក៏បានរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍន៍ផ្លូវក្នុងសហគមន៍នោះបានមួយចំនួនផងដែរ។ ជាងនេះទៀតការកសាងផ្លូវទៅក្នុងការដ្ឋាននោះក៏ក្រុមហ៊ុនបានរួមចំណែករួចហើយដែរ។
ប្រភពពីមន្ត្រីអាជ្ញាធរនៅស្រុកគងពិសីនិយាយថា អំណាចលោកយ៉ុង សំអុល ជាន់ផ្អៀងស្រុកគងពិសីនិងស្រុកកណ្ដាលស្ទឹងដែលអាជ្ញាធរមូលដ្ឋានមិនហ៊ានក្អកនោះទេ បើទោះបីជាដឹងថាផ្លូវនោះគឺជាផ្លូវសាធារណៈរបស់រដ្ឋក៏ដោយ។
បើតាមប្រភពបានប្រាប់ថា ការដ្ឋានរណ្ដៅដីច្រើនកន្លែងក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមួយចំណែកក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សុទ្ធតែត្រូវប្រឈមនឹងការបង់លុយជូនលោកផ្កាយ២ យ៉ុង សំអុល ខ្លះ២ពាន់, ៣ពាន់និងខ្លះ៥ពាន់ដុល្លា ក្រោមលេសថា ផ្លូវមួយចំនួនក្នុងស្រុកទាំងពីរនេះត្រូវបានកសាងដោយលោកផ្កាយ២ យ៉ុង សំអុល។ ប្រភពបន្ថែមថា កាលដើមឡើយលោក យ៉ុង សំអុល ក៏ជាអ្នករកស៊ីជីករណ្ដៅដីនៅតំបន់នោះដែរ។ ដូច្នេះផ្លូវមួយចំនួនក្នុងតំបន់នោះត្រូវលោក យ៉ុង សំអុល ធ្វើនិងដាក់លូដើម្បីសម្រួលដល់ការដឹកជញ្ជូនអាចម៍ដីរបស់លោកកាលណោះ។ ប៉ុន្តែសព្វថ្ងៃនេះ លោក យ៉ុង សំអុល មិនពាក់ព័ន្ធនឹងការរកស៊ីជីករណ្ដៅដីទៀតទេ។ ហេតុអ្វីលោកផ្កាយ២នេះ នៅតែមានសិទ្ធិគ្រប់គ្រងផ្លូវទាំងនោះទៅវិញ?
ជុំវិញករណីខាងលើនេះ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹងបានប្រាប់ឲ្យ The Mirror News ដឹងថា លោកមិនបានទទួលព័ត៌មាននោះពីម្ចាស់រណ្ដៅដីទេ ប៉ុន្តែបើមានករណីនេះប្រាកដមែនគឺជារឿងបុគ្គលដែលត្រូវទទួលខុសត្រូវដោយខ្លួនឯង។ លោកបន្តថា ផ្លូវសាធារណៈ អ្នកណាក៏អាចធ្វើដំណើរបាន ដឹកជញ្ជូនបាន មិនមានការចាំត្រូវបង់លុយឲ្យខាងណាទៀតនោះទេ តែត្រូវជួយថែទាំគ្នា ដូចជាជួយស្រោចទឹក និងចាក់បំពេញបន្ថែមកន្លែងខូច ព្រោះផ្លូវនោះជផ្លូវដី។
ទាក់ទិនករណីខាងលើនេះ ភ្នាក់ងារ The Mirror News មិនអាចសុំការបំភ្លឺពីលោក ឯក ផា មេឃុំរការបានទេ ព្រោះទូរស័ព្ទ (017886189) ខលចូលតែពុំមានអ្នកលើក។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោយ៉ុង សំអុល បានលើកទូរសព្ទនិយាយជាមួយបណ្ដាញសារព័ត៌មាន The Mirror News ប៉ុន្តែលោកមិនបានបំភ្លឺពាក់ព័ន្ធនិងករណីនេះទេដោយគ្រាន់តែឆ្លើយតបយ៉ាងខ្លីថា «អុលហើយរកណាទៀត, មិនបានបង្ខិតបង្ខំទេ» ហើយក៏ចុចផ្ដាច់ទូរសព្ទវិញទៅ។ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានអ្នកខលមកបណ្ដាញសារព័ត៌មានយើងហើយនិយាយថា ប្រហែលជាមានអ្នកយកឈ្មោះគាត់ទៅប្រើ គាត់មិនបានធ្វើអញ្ចឹងទេ។
ជុំវិញផ្លូវសាធារណៈនេះ ប្រភពច្បាស់ការណ៍មួយទៀតបានឲ្យ The Mirror News ដឹងនៅល្ងាចនេះថា លោកក៏ធ្លាប់អស់លុយចំនួន៣០០០ដុល្លារឲ្យលោកផ្កាយ២ យ៉ុង សំអុល ដែរ បើមិនឲ្យទេ គេមិនឲ្យលោកដឹកអាចម៍ដីឆ្លងកាត់ផ្លូវខាងលើនេះ ព្រោះលោកបានបើករណ្ដៅដីក្បែរនឹងហើយ ហើយលោកបានខាតបង់អស់លុយច្រើន នៅជំពាក់ប្រជាជនទៀត។ លោកបន្តថា យកលុយហើយប្រាប់គាត់មិនឲ្យនិយាយប្រាប់អ្នកណាទៀត។ លោកបន្តថា បន្ទាប់មកលោកក៏បានផ្អាកដឹកមួយរយះ ស្រាប់តែលោក យ៉ុង សំអុល និយាយគំរាមថា ពេលឯងសុំបើកដឹកដីឆ្លងកាត់ផ្លូវនោះ ឯងចេះសុំ ឥឡូវបើឯងចូលធ្វើវិញក៏មិនអនុញ្ញាតឲ្យវិញដែរ ហើយលោកក៏សម្រេចចិត្តឈប់ចូលយកអាចម៌ដីនៅក្នុងរណ្ដៅដីនោះទៀតទៅ។
ប្រភពបានបន្តថា អ្នកផ្សេងគេអត់ហ៊ានបើកការដ្ឋានយកអាចម៌ដីទេ ព្រោះបើអត់បង់លុយឲ្យឈ្មោះ យ៉ុង សំអុល ទេគឺគេមិនអនុញ្ញាតឲ្យដឹកឆ្លងកាត់ផ្លូវនោះដាច់ខាត៕