Breaking News: មន្ត្រីបរិស្ថានខេត្តកណ្ដាលចុះទៅពិនិត្យករណីបង្ហូរទឹកលូ ទឹកស្អុយ កាក់សំណល់ចូលក្នុងព្រែកស្វាយរលំ ហើយថារោងចក្របានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវរួចរាល់ ខណៈពលរដ្ឋខ្សឹបថា គេបង្ហូរចូលយូរហើយ ស្អុយណាស់ ទឹកប្រើមិនបានទេ ហ៊ានយកស្រោចដំណាំងាប់អស់
(កណ្ដាល)៖ បន្ទាប់ពីមានការចុះផ្សាយនៅលើបណ្ដាញសង្គមយក្សៗនិងបណ្ដាញសារព័ត៌មានអនឡាញក្នុងស្រុកមួយចំនួនទៀតជុំវិញករណី «រោងចក្រមួយកន្លែងនៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅបានលួចបង្ហូរទឹកកង្វក់មានក្លិនស្អុយ មានសារធាតុគីមី និងកាកសំណល់ចូលក្នុងប្រឡាយស្វាយរលំអស់ជាយូរយាររាប់ថ្ងៃខែឆ្នាំមកហើយ ដែលជាមូលហេតុអាចធ្វើឲ្យមានប៉ះពាល់ដល់សុខភាពសាធារណៈជាពិសេសប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិនៅក្បែរៗប្រឡាយនេះជារៀងរាល់ថ្ងៃនិងអាចប្រឈមបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរទៀតផង ប៉ុន្តែមកទល់នឹងពេលនេះ គេឃើញនៅមិនទាន់មានអាជ្ញាធរពាក់ព័ន្ធណាចុះទៅបង្ក្រាបនៅឡើយនោះទេ»។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្តាល ដឹកនាំដោយលោក ឡុង ចាន់វាសនា អនុប្រធានការិយាល័យគាំពារបរិស្ថានដោយមានការសហការជាមួយ អាជ្ញាធរក្រុងតាខ្មៅ និងអាជ្ញាធរសង្កាត់ស្វាយរលំបានចុះត្រួតពិនិត្យករណី «រោងចក្រ ម៉េង យ៉ាន់ ហ្គាមេន មេនញូហ្វាក់ថូរី និងវែតប្រូសេស៉ីង អិលធីឌី» ដោយមានការចុះផ្សាយថា «បានបញ្ចេញទឹកកខ្វក់ តាមលូមកប្រឡាយដែលមានក្លិនស្អុយហូរចូលទៅប្រឡាយទឹកសាធារណៈ ដែលស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល» បានចុះពិនិត្យទីតាំងជាក់ស្ដែងហើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
បើតាមលោក ឡុង ចាន់វាសនា បានឲ្យដឹងថា ក្នុងពេលដែលលោកបានដឹកនាំកម្លាំងចុះពិនិត្យទីតាំងជាក់ស្ដែង លោកនិងក្រុមការងារបានឃើញថា៖ ឈ្មោះ ម៉េង យ៉ាន់ ដែលមានម្ចាស់ឈ្មោះ CHONG CHENG ជនជាតិចិន រោងចក្រខាងលើជាប្រភេទរោងចក្របោកគក់ ដែលមានឯកសារពាក់ព័ន្ធ វិស័យបរិស្ថានមានគ្រប់គ្រាន់។ហើយរោងចក្របានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវរួចរាល់ និងមានវិញ្ញាបនបត្របញ្ជាក់អនុលោមភាព លេខ ៦៦៥០/១០២៤ ប.ស្ថ អគពរបស់ក្រសួងបរិស្ថាននិងមានឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តិកម្មមានលទ្ធផលត្រូវស្តង់ដារ។
លោកបានបញ្ជាក់ថា តាមពិតឈ្មោះ «ម៉េង វ៉ាន អ៉ិនវេសមិន អិលធីឌី» មិនមែនឈ្មោះ រោងចក្រទេ។ »ម៉េង វ៉ាន» គឺជាឈ្មោះក្រុមហ៊ុនដីសម្រាប់ជួលឱ្យរោងចក្រចំនួន៣គឺ៖ ១៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉េង យី ហ្គាមេន មេនូហ្វាក់ធេីរី ឯ.ក, ២៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉េង តុង ហ្គាមេន មេនូហ្វេកធេីរី, ៣៖ រោងចក្របោកគក់សម្លៀកបំពាក់ ម៉េង យ៉ាន់ ហ្គាលមេន មេនញូហ្វាក់ថូរី និងវែតប្រូសេស៉ីង អិលធីឌី។
មន្ត្រីបរិស្ថានខេត្តកណ្ដាលរូបនេះបានឲ្យដឹងថា ក្រោយពីបានចុះពិនិត្យទីតាំងជាក់ស្ដែងក្រុមការងារបានពិនិត្យឃើញថា «រោងចក្រ ម៉េង យ៉ាន់ ហ្គាមេន មេនញូហ្វាក់ថូរី និងវែតប្រូសេស៉ីង អិលធីឌី» ពិតជាបានបង្ហូរសំណល់រាវចូលព្រែកស្វាយរលំពិតប្រាកដមែន។ លោកបន្ថែមថា ក្នុងនោះ ក្រុមការងារសង្កេតឃើញថា ទឹកដែលបង្ហូរចូលព្រែកខាងលើមានកករ និងក្លិនតិចតួចតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងព្រែកស្វាយរលំ ថាទឹកដែលបង្ហូចេញនេះ មានក្លិនម្ដងម្កាលនៅកន្លែងបង្ហូរចុងក្រោយ។ ចំពោះប្រព័ន្ធបង្ហូរសំណល់រាវរបស់រោងចក្រ ចូលក្នុងព្រែកស្វាយរលំក៏មានប្រជាពលរដ្ឋធ្វើការចោះតភ្ជាប់ចូលប្រព័ន្ធលូរបស់រោងចក្រផងដែរ។
លោកអនុប្រធានការិយាល័យគាំពារបរិស្ថានបានបន្តឲ្យដឹងទៀតថា បន្ទាប់មកក្រុមការងារបានយកសំណាកទឹកចំនួន០២ទីតាំងយកទៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានពិនិត្យ៖ សំណាកទី១៖ ទឹកចុងក្រោយចេញពីអាងប្រព្រឹត្តិកម្មដែលមានចំណុចនិយាយមការ X:498769 Y:1266058 និងសំណាកទឹក និងទី២៖ ទឹកចេញពីប្រព័ន្ធលូចុងក្រោយចូលព្រែកស្វាយរលំ X:498499 Y:1266121។ ហើយជុំវិញករណីខាងលើនេះ តំណាងរោងចក្រក៏បានឯកភាពតាមមតិវាយតម្លៃរបស់ក្រុមការងារផងដែរ។
ពាក់ព័ន្ធករណីបង្ហូរទឹកស្អុយចេញពីរោងចក្រខាងលើ មហាជនសុំស្នើឲ្យមន្ទីរបរិស្ថានខេត្តកណ្ដាលជួយពន្យល់ឲ្យបានលម្អិតនិងបំភ្លឺឲ្យបានលម្អិតជាងនេះ ថាតើអ្វីទៅជា «សំណាក់ទី១ដែលទឹកចុងក្រោយចេញពីអាងប្រព្រឹត្តិកម្មដែលមានចំណុចនិយាយមការ X:498769 Y:1266058 និងសំណាកទី២ ដែលទឹកចេញពីប្រព័ន្ធលូចុងក្រោយចូលព្រែកស្វាយរលំ X:498499 Y:1266121? ព្រោះមហាជនមិនចេះពាក្យបច្ចេកទេសទាំងនោះទេ ហើយក៏មិនដឹងថា មានសារធាតុពលកម្រិតណា អត់កម្រិតណាដែរ ប៉ុន្តែបើយកច្រមុះទៅហិតនិងយកភ្នែកទៅពិនិត្យមើលទឹកក្នុងព្រែកស្វាយរលំជាក់ស្ដែង វាពិតជាមានពណ៌ខ្មៅគួរឲ្យខ្ពើម មានក្លិនស្អុយខ្លាំងគួរឲ្យចង់ក្អួតទៅហើយ។
គួរជម្រាបថា ទាក់ទិនបញ្ហាខាងលើ ពលរដ្ឋក៏បានខ្សឹបឲ្យដឹងបន្តថា ទឹកស្អុយនេះ ខាងរោងចក្រគេបង្ហូរចូលព្រែកស្វាយរលំនេះ រាប់ឆ្នាំមកហើយ មើលទៅ ប៉ះពាល់ដល់សុខភាពណាស់ គាត់ហាមមិនឲ្យកូនចៅចុះលេងឬយកទឹកប្រើប្រាស់ទេ។ ម្យ៉ាងទៀត គាត់រកតែទឹកស្រោចដំណាំមិនបានផង បើហ៊ានយកទឹកក្នុងប្រឡាយនេះទៅស្រោច គឺងាប់ដំណាំអស់។ ប្រភពបន្តថា ពីមុននៅក្នុងប្រឡាយនេះសំបូរត្រីណាស់ តែឥឡូវត្រីមានតិចតួចដែរ ធំតែក្បាល ខ្លួនស្គមស្ដូច៕